ភ្នំពេញ: យ៉ាងហោចណាស់ឯកសារមួយចំនួនពី ១៤ ទៅ ១៧ ដែលទាក់ទងទៅនឹងការធ្វើឲ្យប្រទេសជាតិអភិវឌ្ឍន៍នឹងត្រូវបានចុះហត្ថលេខារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិននៅក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំង។ នេះបើយោងទៅតាមការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ទៅកាន់អ្នកកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនពេលប្រតិភូចេញដំណើរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងប៉េកាំង។ រូបថត CNV
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយកាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកនេះដើម្បីចូលរួមវេទិកាអន្តរជាតិមួយដែលហៅថា «វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ ២០១៧ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់ពីចប់ការប្រជុំវេទិកាអន្តរជាតិនេះលោក ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោក និងបន្តបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី ១៦ ដល់ ១៧ ឧសភា នេះ។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះថាគណៈប្រតិភូអមដំណើរនាយករដ្ឋមន្ត្រីមានឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងទេសរដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀតព្រមទាំងគណៈប្រតិភូ សភាពាណិជ្ចកម្មកម្ពុជាមួយចំនួនទៀតដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។
លោក ថាមរុង្គ ថ្លែងថាក្នុងអំឡុងពេលទស្សនកិច្ចនេះលោក ហ៊ុន សែន នឹងមានជំនួបដោយឡែកៗពីគ្នាជាមួយថ្នាក់ដឹកនាំរបស់ចិនជាច្រើនរូបដូចជា លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លី កេឈាង (Li Keqiang) នាយករដ្ឋមន្ត្រី លោក ចាង តេជាំង (Zhang Dajiang) ប្រធានសភាតំណាងប្រជាជនចិន និង លោក យូ ហ្សេងស៊ីង (Yu Zhengsheng) ប្រធានសភាប្រឹក្សានយោបាយចិន។
យោងតាមគេហទំព័រ CNV នៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងថានៅសណ្ឋាគារ China World Hotel រសៀលថ្ងៃទី ១៤ ខែឧសភានេះផងដែរលោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយនិស្សិត ខ្មែរជាង ២០០ នាក់ដែលកំពុងសិក្សានៅប្រទេសចិន។
គេហទំព័រដដែលនេះបានសរសេរថា៖ «សម្តេចតេជោបានបញ្ជាក់ផងដែរថាកម្ពុជាគឺគាំទ្រនយោបាយចិនតែ ១ ប៉ុន្តែបើកឱកាសឲ្យប្រទេសនានាមកទស្សនាកម្ពុជាក៏ដូចជាមកបណ្តាក់ទុនជាមួយការគាំទ្រ និងលើកទឹកចិត្តដូចៗគ្នា។ ប្រទេសយើងគឺបានអភិវឌ្ឍពីគំនរផេះផង់ពីបាតដៃទទេដែលបានងើបឈរឡើងជាបន្តបន្ទាប់ ដែលរយៈពេលជាង ៣៨ ឆ្នាំមកនេះគឺប្រទេសយើងកាន់តែរីកលូតលាស់លឿនទៅមុខជានិច្ច។ នេះដោយសារប្រទេសយើងមានសុខសន្តិភាព»។
គេហទំព័រដដែលនេះបានឲ្យដឹងថា៖ «ក្នុងកិច្ចសំណេះសំណាលនេះសម្តេចតេជោបានជម្រាបជូននិស្សិតឲ្យដឹងផងដែរថាតាមរយៈវេទិកានៃខ្សែក្រវាត់ និងផ្លូវនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំងថ្ងៃនេះគឺនឹងផ្តល់នូវផលប្រយោជន៍ដល់ប្រទេសក្រីក្រក្នុងតំបន់យ៉ាងច្រើន។ កម្ពុជា និងមិត្តចិន គឺយើងមានទំនាក់ទំនងល្អហើយទេសចរចិនក៏កំពុងសម្រុកមកទស្សនាកម្ពុជាផងដែរ ដែលបានបង្កើតការងារ និងប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ពលរដ្ឋនេះដោយសារកម្ពុជាយើងមានសន្តិភាព»។
លោក មាស នី អ្នកវិភាគសង្គមមកពីអង្គការក្រៅរដ្ឋាភិបាលថាការដែលកម្ពុជាបានទៅចូលរួមវេទិកាធំៗនៅលើឆាកអន្តរជាតិ និងមានទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចគឺជាកិត្តិយសរបស់រាជរដ្ឋាភិបាលតែក្ដីបារម្ភនៅតែមាន។
លោក នី ថ្លែងថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះយើងបានមើលឃើញថារាជរដ្ឋាភិបាលបានពឹងផ្អែកយ៉ាងខ្លាំងទៅលើមហាអំណាចចិនរហូតដល់បានបង្ហាញឆន្ទៈការពារដល់មហាអំណាចមួយនេះទាំងក្នុងតំបន់ និងពិភពលោកហើយបានធ្វើឲ្យប៉ះពាល់ដល់នយោបាយការបរទេសរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកជាដើម។ ហើយបុគ្គលជាពលរដ្ឋចិននៅស្រុកខ្មែរក៏បានបង្ហាញពីឥទ្ធិពលរបស់ខ្លួនផងដែរដូចជាការប្រើឥទ្ធិពលរំលោភច្បាប់មួយចំនួននៅកម្ពុជា»៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍