Steve Stephens ជនដៃដល់ក្នុងករណីសម្លាប់មនុស្សនាទីក្រុង Cleveland រដ្ឋ Ohio (អាមេរិក) បានធ្វើអត្តឃាតនៅព្រឹកថ្ងៃទី១៩ មេសា (ម៉ោងតំបន់) បន្ទាប់ពីត្រូវប៉ូលីសឡោមព័ទ្ធ ។
គួររម្លឹកឡើងវិញថា នៅល្ងាចថ្ងៃទី១៦ មេសា Stephens បានសម្លាប់លោក Robert Godwin Sr., អាយុ ៧៤ ឆ្នាំ នៅទីក្រុង Cleveland ។ វាថែមទាំង “Live” ទិដ្ឋភាពសម្លាប់ដោយផ្ទាល់ភ្លាមៗលើបណ្តាញសង្គម Facebook ទៀតផង ។
ឧក្រិដ្ឋជនរូបនេះបានរត់គេចខ្លួន បន្ទាប់ពីមានដីការតាមចាប់ខ្លួនទូទាំងប្រទេសអាមេរិក ។ គេបានព្រមានថា ឧក្រិដ្ឋជនរូបនេះ មានអាវុធហើយគ្រោះថ្នាក់ណាស់ ។
ឧក្រិដ្ឋជនដែលប្រកាសចាប់ខ្លួន នាថ្ងៃទី១៦ មេសា
ឧក្រិដ្ឋជនដែលត្រូវបានចេញដីការស្វែងរកទូទាំងប្រទេស
ប៉ូលីសចាប់ផ្តើមធ្វើសកម្មភាពប្រដេញតាមរថយន្តរបស់ឧក្រិដ្ឋជនដែលកំពុងប៉ុនប៉ងរត់គេចខ្លួន ។ ប៉ូលីសក៏បានហ៊ុំព័ទ្ធចាប់វាពុំយូរប៉ុន្មានក្រោយមក ។ វាបានប្រើអាវុធដើម្បីធ្វើអត្តឃាតភ្លាមៗនៅក្នុងរថយន្ត ។
តាម Reuter ឧក្រិដ្ឋជនរូបនេះ ពុំដែលមានអតីតទោសនោះទេ ។ ប៉ុន្តែ កាលពីថ្ងៃទី១៦ មេសា ឈ្មោះនេះ ប្រកាសថាវាបានសម្លាប់មនុស្សជាច្រើន ។
ថ្ងៃ១៦ មេសា ឧក្រិដ្ឋជនប្រកាសថាសម្លាប់មនុស្សច្រើន
កូនស្រីរបស់ជនរងគ្រោះ Godwin នាង Tonya Godwin Baines នៅថ្ងៃទី១៧ មេសា បានចែករំលែកលើខ្សែវីដេអូថតទិដ្ឋភាពឪពុកនាងត្រូវថា «វាតែងតាមលងអារម្មណ៍របស់ខ្ញុំរហូត» ។ រីឯប្អូនស្រីរបស់នាង គឺនាង Debbie Godwin គឺផ្ទុយមកវិញ ដោយអះអាងប្រាប់ ABC News ថា ថ្វីត្បិតតែទុក្ខសោក ឈឺចាប់ តែគ្រួសាររបស់នាងនៅតែលើកលែងទោសដល់ឧក្រិដ្ឋជនឃោរឃៅរូបនេះ ។
នាងអះអាងបន្ថែមថា ខ្ញុំពុំចងកំហឹងនឹងអ្នកសម្លាប់ឪពុកខ្ញុំទេ ។ ឪពុកម្តាយតែងទូន្មានពួកខ្ញុំឲ្យចេះស្រឡាញ់គ្នា និងលើកលែងដល់អ្នកដទៃ សូម្បីតែគេមានទង្វើខុសឆ្គងក៏ដោយ ។ ឪពុកខ្ញុំតែងប្រដៅថា កូនត្រូវចេះលើកលែងទោស ។
នៅក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី១៩ មេសា នេះ អភិបាលក្រុង Cleveland លោក Frank Jackson បានថ្លែងសរសើរដល់ក្រុមគ្រួសាររបស់ Godwin តាមរយៈការបង្ហាញទឹកចិត្តអនុគ្រោះលើកលែងទោស ៕