កូនក្រមុំ និងកូនកំលោះ១គូ ដែលដឹកដៃគ្នាទៅបំពេញថ្ងៃមង្គលរបស់ពួកខ្លួន ដោយជិះយន្តហោះពី Texas ទៅកាន់ Costa Rica ត្រូវបានបណ្តេញចេញពីយន្តហោះ ដោយសារពួកគេបានចូលទៅ និងអង្គុយក្នុងកៅអីទំនេរ ដែលពុំត្រូវបានផ្តល់ឲ្យសំរាប់ពួកគេ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាកូនកំលោះម្នាក់ឈ្មោះ Michael Hohl និងគូដណ្តឹងរបស់គាត់ឈ្មោះ Amber Maxwell ដែលអ្នកទាំងពីរមកពីទីក្រុង Salt Lake, Utah បានគ្រោងហោះហើរតាមជើងយន្តហោះលេខ ១៧៣៤ របស់ក្រុមហ៊ុនអាកាសចរណ៍ United Airline ចាកចេញពី Houston ទៅកាន់ប្រទេសលីបេរីយ៉ា ។
នៅពេលពួកគេដើរទៅកាន់កៅអីពេញសិទ្ធិរបស់ពួកគេៗ បានសម្លឹងបុរសម្នាក់កំពុងដេកនៅក្នុងនោះ ។ គូស្នេហ៍ទាំងពីរបន្ទាប់មក ក៏បានរកឃើញកៅអីពុំត្រូវបានកាន់កាប់មួយ និងសម្រេចចិត្តនាំគ្នាអង្គុយនៅទីនោះ ព្រោះពួកគេមិនចង់ដាស់បុរសកំពុងដេកម្នាក់នោះ ។
រយៈពេលពីរបីនារីក្រោយមក, អ្នកបំរើលើយន្តហោះ ក៏បានមកស្នើពួកគេទាំងពីរឲ្យចូលទៅអង្គុយកន្លែងកៅអីដែលត្រូវបានផ្តល់ឲ្យ ព្រោះកៅអីដែលពួកគេកំពុងអង្គុយនោះ ពុំត្រូវមែនជាតម្លៃដូចគ្នា (ទាបជាង) ទៅនឹងកៅអីក្នុងសំបុត្រដែលពួកគេបានបង់ទេ ។
Hohl និងគូដណ្តឹង បានគោរពតាម និងនាំគ្នាទៅអង្គុយកៅអីពេញសិទ្ធិរបស់ខ្លួនវិញ ។ ប៉ុន្តែ រំពេចនោះ ស្រាប់តែ U.S. Marshall បានឡើងទៅលើយន្តហោះ និងបញ្ជារឲ្យពួកគេទាំងពីរចុះចេញពីយន្តហោះតែម្តង ។
ទង្វើបែបនេះ បានធ្វើឲ្យ Hohl សច្ចាឈប់ជិះយន្តហោះ United ទៀតឡើយ ហើយថែមទាំងរិះគន់សេវាកម្មបំរើរបស់ក្រុមហ៊ុនអាកាសចរណ៍នេះអន់ណាស់ ។
គាត់ និងគូដណ្តឹង បានប្តូរទៅចាប់ជើងយន្តហោះថ្មីមួយទៀត ដើម្បីប្រញាប់ឲ្យទាន់ពេលវេលានៃថ្ងៃរៀបមង្គលការរបស់ពួកគេ ។
យ៉ាងណាមិញ បើតាមអ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានអះអាងថា គូស្នេហ៍នេះត្រូវបានប្រាប់ជាច្រើនលើកហើយ ថាឲ្យចូលទៅអង្គុយកន្លែងកៅអីពេញសិទ្ធិរបស់ខ្លួនវិញ និងបន្ទាប់ស្នើសុំម្តងហើយម្តងទៀត ក៏ស្រាប់តែប៉ូលីសឡើងទៅដេញពួកគេចុះចេញពីយន្តហោះ ។
អ្នកនាំពាក្យរូបនោះ បានឲ្យដឹងថា «ចាប់តាំងពីមិនធ្វើតាមការណែនាំរបស់អ្នកបំរើ អ្នកទាំងពីរបានធ្វើឲ្យមានភាពរញ៉េរញ៉ៃតែម្តង» ។ ហើយលោកបានហៅស្ថានភាពនេះ គឺ «ចម្លែកណាស់» ៕