គេហទំព័រ Cnnphilippines បានផ្សព្វផ្សាយនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះឲ្យដឹងថា លោក Rodrigo Duterte ប្រធានាធិបតីប្រទេសហ្វីលីពីនបានសម្រេចបណ្តេញរដ្ឋមន្ត្រីមហាផ្ទៃក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Ismael Sueno ចេញពីតំណែងព្រោះតែពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងធ្វើឲ្យបាត់បង់ជំនឿទុកចិត្តពីរដ្ឋាភិបាល ។
លោក Ernesto Abella មន្ត្រីអ្នកនាំពាក្យលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្លែងឲ្យដឹងថា ការណ៍ដែលលោកប្រធានាធិបតីបណ្តេញលោករដ្ឋមន្ត្រីមហាផ្ទៃ Ismael Sueno ចេញពីតំណែងនោះ គឺដោយសារលោករដ្ឋមន្ត្រីមហាផ្ទៃរូបនេះពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ។
លោក Ismael Sueno អាយុ៦៩ឆ្នាំ ទើបបានចូលកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នាអាណត្តិលោក Rodrigo Duterte ជាប្រធានាធិបតី ហើយក៏ត្រូវបានបណ្តេញចេញពីមុខតំណែងវិញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងខណៈពេលដែលលោក Rodrigo Duterte បាននិងកំពុងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧក្រិដ្ឋកម្មគ្រឿងញៀន និងអំពើពុករលួយយ៉ាងក្តៅគកុកក្រោមការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់បំផុត ៕
ប្រភព៖ dtn7