យោងតាមហ្វេសប៊ុកឈ្មោះ Lokta Victor Cbd របស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានឱ្យដឹងថា ថ្មីៗនេះអ្នកកំប្លែងដែលពូកែខាងសូតកំណាព្យអប់រំខ្លីៗ រំលេចនូវពាក្យពេចន៍សំណើចក្នុងក្រុមកំប្លែង CBS នៅស្ថានីយទូរទស្សន៍ CTN ដែលគេតែងហៅថា «តាសក់ ២ សរសៃ» ឬ តា ស្លេក បានជួបគ្រោះថ្នាក់ដួលបែកក្បាលជង្គង់ខាងឆ្វេង រងរបួសរហូតដល់ត្រូវធ្វើការវះកាត់ ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ របួសរបស់អ្នកកំប្លែងស្ងួតរូបនេះត្រូវបានវះកាត់រួចរាល់ហើយ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) ។
តាមរយៈរូបភាពដែលលោកតា វ៉ិចទ័រ បានបង្ហោះនៅក្នុងហ្វេសប៊ុកពេលដែលលោក និង កូនស្រីជាតារាកំប្លែង វាន់ នីឡា ទៅសួរសុខទុក្ខ តាស្លេក នោះ មានប្រិយមិត្តមួយចំនួនបាននាំគ្នាជូនពរឱ្យតារាកំប្លែងសម្បូរវោហារស័ព្ទខាងសូតកំណាព្យរូបនេះ ឆាប់ជាសះស្បើយផងដែរ ។
កំណាព្យរបស់តា ស្លេក ដែលត្រូវបានគេស្គាល់ និង ចាប់អារម្មណ៍ច្រើននាពេលកន្លងមកនោះ គឺមានដូចជាកំណាព្យ «អូយេស អូយេស» ជាដើម ។ ក្រៅពីជាអ្នកកប្លែងហើយនោះ លោកថែមទាំងអាចជួយសរសេរប៉ារូលរឿង និង ដឹកនាំការសម្ដែងរបស់ក្រុមកំប្លែង «ចៅលោកតា» បានមួយចំនួនទៀតផង ។
អ្នកកំប្លែងដែលពូកែខាងវោហារស័ព្ទកំណាព្យកាព្យឃ្លោងរូបនេះ ក្រៅពីបានចំណូលនៅក្នុងក្រុមកំប្លែងហើយនោះ គេឃើញលោកឡើងឆាកផ្សេងៗ និង កាត់សក់នៅតាមពិធីមង្គលការថែមទៀតផង ដែលជាផ្នែកមួយនៃចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ជាងនេះទៅទៀតនោះ តា ស្លេក មិនត្រឹមតែចេះលេងកំប្លែងតែមួយមុខប៉ុណ្ណោះទេ គឺគាត់ថែមទាំងធ្លាប់ធ្វើជាជាងកាត់សក់ទៀតផង កាលពីកន្លងមក ៕ យ៉ានុ
ប្រភព៖ pmhotnews