សមាគមផ្លៃស្វាយ ខេត្តកំពង់ស្ពឺ បានព្យាករណ៍ថា កម្ពុជា នឹងអាចនាំចេញផ្លែស្វាយកែវរមៀតបានជាង មួយម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ នៅចុងឆ្នាំ២០១៧ខាងមុខនេះ ដោយសំអាងថា មានក្រុមហ៊ុនក្នុងស្រុកមួយនឹងចំណាយទុនប្រមាណ ៥លានដុល្លារ ដើម្បីប្រមូលទិញផ្លែស្វាយកែវរមៀតពីប្រជាពលរដ្ឋ។
បើយោងតាម AKP លោក អ៊ីន ឆៃវ៉ាន់ ប្រធានសមាគមផ្លៃស្វាយ ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា នេះថា ជាជំហានដំបូង មានក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ ម៉ៅលីហ្គើស៊ីនឹងចំណាយទុនប្រមាណពី ៤ទៅ៥លានដុល្លារ ដើម្បីបង្កើតរោងចក្រ រួមទាំងការប្រមូលទិញផ្លែស្វាយកែវរមៀតពីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺឱ្យបានមួយម៉ឺនតោន ដើម្បីនាំចេញទៅលក់នៅប្រទេសកូរ៉េ និងប្រទេសបារាំង។
លោក ម៉ៅ គន្ធពិសី នាយកប្រតិបត្តិក្រុមហ៊ុនម៉ៅលីហ្គើស៊ី បានប្រាប់ ឱ្យដឹងថា គម្រោងទិញផ្លៃស្វាយកែវរមៀតបានចាប់អនុវត្តន៍ក្រោយការចុះហត្ថលេខារវាងក្រុមហ៊ុននិងក្រុមហ៊ុន Hyundia Indo China PTE-LTD ដែលធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីនាំផ្លែស្វាយកែវរមៀតទៅកាន់សាធារណរដ្ឋកូរ៉េ និង ទីផ្សារអន្តរជាតិ ប៉ុន្តែការនាំផ្លែស្វាយកែវរមៀតទៅកន្លងទៅត្រូវបានជួបឧបសគ្គ ដោយសារគុណភាពនិងអនាម័យ។
នាយកប្រតិបត្តិរូបនេះបន្តថា ឆ្នាំនេះនឹងមិនមានបញ្ហាទៀតទេ ដោយក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន Hyundia ដោយប្រើសប្រាស់ម៉ាស៊ីននិងឧបករណ៍ ពិសោធន៍ រកសារធាតុពុលនិងសម្លាប់មេរោគនៅក្នុងផ្លែស្វាយ ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន ដើម្បីនាំផ្លែស្វាយកែវរមៀតមានគុណភាពល្អ ចេញទៅទីផ្សារអន្តរជាតិ។
លើសពីនេះក្រុមហ៊ុនក៏នឹងទិញផ្លៃស្វាយកែវរមៀតពីបណ្ដាខេត្តនានាក្នុងតម្លៃថ្លៃជាងតម្លៃលើទីផ្សារផងដែរ ព្រោះភាគីកូរ៉េបានសន្យាថានឹងជួយកម្ពុជាទាំងបច្ចេកទេសនិងរក្សាស្ថិរភាពនៃតម្លៃស្វាយដែលជាកត្តាអាចឱ្យពលរដ្ឋខ្មែរបន្តដាំស្វាយកែវរមៀតប្រកបដោយបច្ចេកទេសត្រឹមត្រូវនិងមិនប្រើសារធាតុគីមី។
គួររម្លឹកផងដែរថា បើយោងតាមស្ថិតិពីក្រសួងកសិកម្មតាមរយៈពីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផ្លែស្វាយកែវរមៀតសរុបជាង ៩ពាន់តោន ត្រូវបាននាំចេញទីផ្សារអន្តរជាតិកាលពីឆ្នាំ២០១៥ ហើយជាទូទៅការប្រមូលផលផ្លែស្វាយកែវរមៀតកម្ពុជាបានចាប់ពីខែតុលាចុងដល់ខែមេសាដើមឆ្នាំ៕ ប្រភព៖ kqube