បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញ ប្រកាសអំពីការដាក់តំបន់ព្រៃជិត១លានហិកតា ជាតំបន់ការពាររួចមក នៅថ្ងៃសុក្រទី១មេសានេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយ នៅចុងខែមេសានេះ។ ជាសិក្ខាសាលាដែលធ្វើឡើងដើម្បីផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមនិងពិនិត្យលើឯកសារព្រាងនានាឲ្យបានទូលំទូលាយ។ សិក្ខាសាលាពិគ្រោះយោបល់មួយ ដែលក្រសួងបិរស្ថាននឹងរៀបចំនៅចុងខែមេសានេះ ធ្វើឡើងជាសាធារណៈ ដើម្បីស្នើសុំយោបល់រៀបចំផែនការសម្រាប់ការពារតំបន់ព្រៃទាំងអស់ឲ្យមានប្រសិទ្ធិភាព។ ក្នុងនោះ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ នឹងត្រូវពិនិត្យពិភាក្សាទៅលើផែនទី និងសេចក្ដីព្រាងឯកសារគតិយុត្តិនានា ពាក់ព័ន្ធទៅនឹងការដាក់តំបន់ព្រៃជិត១លានហិកតា ជាតំបន់ការពារ។ ក្រៅពីនោះ ក៏មានផងដែរ ការពិភាក្សានិងកំណត់សិទ្ធិក៏ដូចជាតួនាទីរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការងារនេះ ដោយរួមបញ្ចូលទាំងប្រជាសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចជាដើម។ សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាទើបតែបានសម្រេចជាគោលការណ៍ ដាក់ព្រៃផ្ដល់ផលចំនួន៥កន្លែង ដែលមានផ្ទៃដីសរុបជិត១លានហិកតា ជាតំបន់ព្រៃការពារ។ តំបន់ព្រៃផ្ដល់ផលទាំង៥កន្លែងនោះរួមមាន ព្រៃឡង់ ព្រៃច្រករបៀងក្រវ៉ាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ។ លោក សេង សុខហេង អ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្ដាញសហគមន៍ព្រៃឡង់ បានស្វាគមន៍ចំពោះការសម្រេចរបស់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធចំពោះតំបន់ព្រៃផ្ដល់ផលជិត១លានហិកតាដូច្នេះ។ បើទោះបីជាចំណាត់ការនេះហាក់ដូចជាយឺតពេលបន្តិច ប៉ុន្តែលោក សេង សុខហេង ចាត់ទុកថា វាជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ក្នុងការការពារតំបន់ព្រៃ ជាពិសេសព្រៃឡង់ ដែលជាតំបន់ព្រៃសេសសល់ធំជាងគេនៅកម្ពុជា។ អ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្ដាញសហគមន៍ព្រៃឡង់រូបនេះ សង្ឃឹមថា រដ្ឋាភិបាលយកចិត្តទុកដាក់ស្ដាប់មតិ និងសេចក្ដីត្រូវការរបស់ប្រជាសហគមន៍ និងអង្គការសង្គមស៊ីវិល នៅពេលមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ណាមួយនាពេលខាងមុខ។ ជាមតិយោបល់ដែលលោកអះអាងថា គ្មានបំណងអ្វីផ្សេង ក្រៅតែពីចង់ឲ្យការការពារព្រៃឈើឲ្យមានប្រសិទ្ធិភាពតែប៉ុណ្ណោះ៕ ប្រភពៈ RFI
↧