យើងរាល់គ្នា សុទ្ធតែធ្លាប់បានទស្សនាភាពយន្ត ស្តីពីសង្គ្រាមលោកលើកទី ១ ទី ២ ខ្លះមកហើយ ព្រមទាំងដឹងពីមូលហេតុផងដែរ ។ ចុះបច្ចុប្បន្ន តើស្ថានភាពនយោបាយ និង យោធាលើពិភពលោក ជាសញ្ញានៃការបង្កភ្លើងសង្គ្រាមលោកលើកទី ៣ ឬទេ ?
មនុស្សជាច្រើនសុទ្ធតែប៉ងប្រាថ្នា កុំឱ្យកើតសង្គ្រាមលោកទី ៣ ប៉ុន្តែនៅក្នុងស្ថានការណ៍ពិភពលោកបច្ចុប្បន្ន មានការព្យាករណ៍ទុក ក៏ដូចទំនាយថា អនាគតចៀសមិនផុតពីការឆេះភ្លើងសង្គ្រាមលោកលើកទី ៣ ឡើយ ។ ហេតុអ្វី ?
សព្វថ្ងៃនេះ ជម្លោះរវាងរដ្ឋ និង សាសនា កើតឡើងស្ទើររាល់ថ្ងៃ ។ លោក ឆាង ហ្វានឈួន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានដាស់តឿនដល់ ប្រជាជនចិនជាផ្លូវការថា ឱ្យត្រៀមទទួលភាពចាំបាច់ នៃសង្គ្រាមលោកលើកទី ៣ ក្រោយពីប្រទេសចិន បានច្រើនចោលការសម្រេច របស់តុលាការអន្តរជាតិ ស្តីពីសមុទ្រចិនខាងត្បូង ។
ភាពចាំបាច់ ដែលមិនអាចលើកលែងបាន គឺការឈានទៅជាតិមហាអំណាចរបស់ចិន និង រុស្ស៊ី ក្នុងសភាវៈ ដែលមហាអំណាចសហរដ្ឋអាមេរិក អង់គ្លេស និង ប្រទេសធំៗដទៃទៀត កំពុងប្រឈមនឹងជោគវាសនាសេដ្ឋកិច្ច និង គ្មានស្ថិតស្ថេរក្នុងរដ្ឋរបស់ខ្លួន ទើបព្យាយាមស្វែងរកធនធានរបស់ប្រទេសផ្សេងៗ ។
ជម្លោះផលប្រយោជន៍នៅក្នុងតំបន់ ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង មានបម្រុងទុកប្រេងដ៏ច្រើនមហាសាល, ដោយឡែក សហរដ្ឋអាមេរិក មានបំណងប្រាថ្នាយ៉ាងធំធេង ដើម្បីច្បាមយកការគ្រប់គ្រងធនធានប្រេងនៅក្នុងសមុទ្រចិនខាងត្បូង ។
ស្របពេលជាមួយគ្នានេះ អាមេរិកមានបំណងចង់ធ្វើពាណិជ្ជកម្មអាវុធ ដោយបង្កជាភ្លើងសង្រ្គាមទៅបណ្តាប្រទេសពាក់ព័ន្ធ ក្នុងសមុទ្រចិនខាងត្បូង ដើម្បីបង្កើតប្រាក់ចំណូល សម្រាប់ទ្រទ្រង់វត្តមានរបស់ខ្លួន នៅក្នុងលទ្ធិសេដ្ឋកិច្ចមូលធននិយម ។
ដូច្នេះ ជំនួញពាណិជ្ជកម្ម ដោយការធ្វើសង្គ្រាមនៅទូទាំងពិភពលោកឬ ដោយលទ្ធិអាណានិគម គឺជាជម្រើសរបស់សហរដ្ឋអាមេរិក ពីព្រោះតាមប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិកក្លាយជាមហាអំណាចបាន ដោយសារការធ្វើពាណិជ្ជកម្មអាវុធសង្គ្រាម ជាមួយគ្រប់ភាគី ទាំងប្រទេសសម្ព័ន្ធមិត្ត និង ប្រទេសអមិត្ត ។ ដូច្នេះនៅលើពិភព លោកនេះ ប្រសិនបើគ្មានសង្គ្រាម សហរដ្ឋអាមេរិកចៀសមិនផុតពីការរលំរលាយឡើយ ។
ការជ្រៀតជ្រែក និង ចូលទៅរុករាន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង កើតឡើង ២ ផ្នែក, មួយផ្នែកដើម្បីគ្រប់គ្រងធនធានប្រេង និង មួយផ្នែកទៀត ដើម្បីធ្វើពាណិជ្ជកម្មសង្គ្រាម និង ព្យាយាមបង្កាត់ភ្លើងសង្គ្រាមឱ្យ ឆេះឡើង ដើម្បីឱ្យក្រុមប្រទេសផ្សេងៗ នៅក្នុងសមុទ្រចិនខាងត្បូង បញ្ជាទិញអាវុធពីសហរដ្ឋអាមេរិកនោះ ឯង ។
ការចូលជ្រៀតជ្រែក នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងរបស់អាមេរិក គឺស្មើនឹងការប្រឈម និង បង្កសង្គ្រាម ជាមួយប្រទេសចិនហើយ ។ ដូច្នេះចិនមិនអាចនៅព្រងើយកន្តើយ ចំពោះការចូលជ្រៀតជ្រែក និង ការឈ្លានពានរបស់សហរដ្ឋអាមេរិកបានឡើយ ហើយនេះគឺជាសង្រ្គាមកំពុងកើតឡើង និង ជាឈ្នាន់សម្រាប់ឈានទៅបង្កើតសង្គ្រាមលោកលើកទី ៣ ។
លោក ឆាង ហ្វាងឈួន បាននិយាយទៀតថា «ប្រជាជនចិន គួរបានទទួលការសិក្សា ស្តីពីការការពារប្រទេសជាតិ ចំពេលដែលប្រទេសចិន ត្រូវគេឈ្លានពានអធិបតេយ្យ និង សន្តិសុខជាតិ ។ ប្រសិនបើសហរដ្ឋអាមេរិក និង អូស្ត្រាលី មិនបញ្ឈប់ការជ្រៀតជ្រែក ក្នុងកិច្ចការសមុទ្រចិនខាងត្បូងទេនោះ ចិនត្រៀមជាស្រេចដើម្បី«លេងហ្គេមខាងយោធា» ។
នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពចិនត្រៀមជាស្រេចនៅសមុទ្រចិនខាងត្បូង
ប្រសិនបើសង្គ្រាមផ្ទុះឡើង រវាងចិន និង ប្រទេសជិតខាង, ការបែកបាក់ និង ការប៉ះទង្គិច រវាងជាតិអធិប តេយ្យ ក៏នឹងរីករាលដាលកាន់តែខ្លាំង ហើយប្រសិនបើសហរដ្ឋអាមេរិក ឈានជើងចូលមកជ្រៀតជ្រែក ឬ បង្កជាជម្លោះ ពេលនោះសម្ព័ន្ធមិត្តរបស់ចិន គឺ «រុស្ស៊ី» នឹងហក់ចូលមករួមដៃ ក្នុងវិវាទនេះ ពេលនោះ«ទៅណាវា សង្គ្រាមលោកលើកទី ៣ នឹងផ្ទុះឡើង» ។
នាវាមុជទឹករបស់កងទ័ពចិន
ការដាស់តឿនរបស់លោក ឆាង រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ចំពោះប្រជាជនចិនជាផ្លូវការនោះ គឺប្រាកដហើយថា ប្រទេសចិនត្រៀមលក្ខណៈជាស្រេច សម្រាប់សង្គ្រាមលោកលើកទី ៣ ប្រសិនសហរដ្ឋអាមេរិក និង អូស្ត្រាលី នៅតែរុករាន និង បើកឆាកសង្គ្រាមលើផ្ទៃសមុទ្រចិនខាងត្បូងហើយ ៕ (siam)
កងទ័ពចិនត្រៀមជាស្រេចសម្រាប់សង្គ្រាម
ដកស្រង់ពី៖ មតិអ្នក
ព័ត៌មានទាក់ទង៖
អ្នកប្រវត្តិសាស្រ្ត ព្យាករណ៍ថា ពិភពលោកចៀសមិនផុត ពីផ្ទុះសង្គ្រាមលើកទី ៣
អត្ថបទ សូរ្យរិទ្ធ ៖ អ្នកប្រវត្តិសាស្រ្តដ៏ល្បីពីមហាវិទ្យាល័យមួយ ក្នុងសហរដ្ឋអាមេរិក បានប្រៀបធៀបហេតុការណ៍ពីអតីត ជាមួយនឹងស្ថានការណ៍ផ្សេងៗក្នុងបច្ចុប្បន្ន មានសញ្ញាថា នឹងផ្ទុះសង្គ្រាមលោកលើកទី ៣ ពិតប្រាកដ ។
ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ ពីការព្យាករណ៍របស់សាស្ត្រាចារ្យ ហារ៉ូលដ៍ ជេមស៍ នៃសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិក បានធ្វើការវិភាគថា ការដែលលោក Donald Trump ឈ្នះការបោះឆ្នោត និង ករណីប្រជាជនអង់គ្លេសបោះឆ្នោត ឱ្យអង់គ្លេស ដកខ្លួនចេញពីសហភាពអឺរ៉ុបនោះ បានបង្ហាញថា មនុស្សកំពុងបាត់បង់ជំនឿក្នុងសកលភាវូបនីយកម្ម ហើយផលប៉ះពាល់របស់វា អាចនាំឱ្យមានជម្លោះថ្មីមួយនៅទូទាំងពិភពលោក ។
លោក ហារ៉ូលដ៍ ជេមស៍ នៅបានអះអាងថា រឿងរ៉ាវក្នុងអតីតកាល វាប្រហាក់ប្រហែលនឹង ជម្លោះដែលកើតឡើង មុនសម័យសង្គ្រាមលោកលើកទី ១ និង លើកទី ២ ដែរ ដែលទាំងពីរលើកនេះ គ្រប់ភាគីពាក់ព័ន្ធផ្តោតសំខាន់តែទៅលើទិន្នន័យ នៃការគ្រប់គ្រងស្ថានការណ៍ ខាងយោធា និង មានការប្រកួតប្រជែងគ្នាខាងសព្វាវុធ ។
ក្រៅពីនោះ លោកសាស្ត្រាចារ្យ នៅបានលើកយកស្ថានការណ៍នយោបាយ ក្នុងពេលបច្ចុប្បន្ននេះ មកប្រៀបធៀបជាមួយស្ថានការណ៍ នៅមុនពេលកើតសង្គ្រាមលោកលើកទី ២ ដែលការប្រមើល៍មើលទៅ ស្ថានការណ៍នយោបាយលើពិភពលោក នាពេលបច្ចុប្បន្ន វាស្ថិតនៅកៀកនឹងគ្រោះថ្នាក់ នៃភ្លើងសង្គ្រាមពិភពលោកមួយសាទៀត គឺ«សង្គ្រាមលោកលើកទី ៣» នោះឯង ៕ (ប្រភព ធីញូវ) ដកស្រង់ពី មតិអ្នក