ទស្សនិកជនប្រហែលជាមិនទាន់ភ្លេចនៅឡើយទេ នូវវត្តមានតារាសម្ដែងដែលមានសមត្ថភាពយ៉ាងស័ក្តិសមឥតខ្ចោះក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យស្ងើចសរសើរ កាលពីចុងទសវត្សរ៍៨០ និង ដើមទសវត្សរ៍ ៩០ នោះគឺ អ្នកនាង សុខ ស្រីមុំ ។
តារាស្រីថ្ពាល់ខួចសម្បូរស្នេហ៍ម្នាក់នេះ បានរសាត់ឆ្ងាយពីខ្សែចក្ខុទស្សនិកជននៅក្នុងប្រទេសអស់រយៈកាលជា ច្រើនឆ្នាំមកហើយ បន្ទាប់ពីនាងបានដាច់ចិត្តឈានជើងទៅរស់នៅឯទឹកដីសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ១៩៩៤ ។ ទោះជាយ៉ាងណា តារាល្បីលំដាប់ជួរមុខកាលពីជាងម្ភៃឆ្នាំមុនរូបនេះ ក៏បានហោះហើរមកលេងស្រុកកំណើតបានម្តងដែរកាលពីឆ្នាំ ២០០៧ ជាមួយស្វាមីក្រោយរបស់អ្នកនាង ។
ទោះបីជារសាត់ឆ្ងាយពីវិស័យភាពយន្តអស់រយៈកាលជាច្រើនឆ្នាំហើយក្តីក៏ដោយ ក៏គេសង្កេតឃើញ រូបសម្រស់របស់នាងនៅតែស្រស់ផូរផង់ ហើយនៅតែមានដងខ្លួនស្រឡូនសិចស៊ីមិនចាញ់កាលពីនៅទឹកដី កំណើតប៉ុន្មានឡើយ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកនាង សុខ ស្រីមុំ កំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ជាមួយស្វាមី ក្រោយម្នាក់ទៀតដែលជាផលិតករភាពយន្ដនៅសហរដ្ឋអាមេរិក ចំណែកឯស្វាមីរបស់នាងមុនដែលមានឈ្មោះថា ខៃ ចាន់តារា ហៅ អ៊ួក រៀបការជាមួយគ្នាកាលពីឆ្នាំ ១៩៩៣ នោះ បានលែងលះគ្នាទៅហើយ ដោយបន្សល់ទុកនូវកូនប្រុសមួយជាចំណងដៃ ។
ខាងក្រោមនេះ ជាកម្រងរូបភាពនៃសម្រស់ដ៏ស្រស់ត្រកាលរបស់ សុខ ស្រីមុំ នៅលើទឹកដីសហរដ្ឋអាមេរិក ក្រោយពេលដែលរសាត់អណ្តែតឆ្ងាយពីវិស័យភាពយន្តខ្មែរ ៕ ភូមិន្ទ
ប្រភព៖ pmhotnews