ក្រោមចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) មានឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បន្ទាប់ពីមានប្រតិកម្មខ្លាំងៗជាសាធារណៈរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសំណុំរឿងអាស្រូវពុករលួយដ៏កក្រើកនោះ លោកចៅក្រម អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដ៏មានឥទ្ធិពល និងមានទ្រព្យសម្បត្តិមហាសាលម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ និងត្រូវបានចៅក្រមជំនុំជម្រះសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ(អនុវត្តន៍ទោសក្នុងពន្ធនាគារចំនួន២ឆ្នាំ និងទោសព្យួរចំនួន១ឆ្នាំ) ពីបទការកេងយកផលប្រយោជន៍ដោយខុសច្បាប់ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ១៤«គ» ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកណ្តាល ។
ទោះយ៉ាងណាក៏ដោយ ជនជាប់ចោទឈ្មោះ អាំង មាលតី មិនបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តកណ្តាលនោះឡើយ ជាហេតុធ្វើឲ្យសាលក្រមព្រហ្មទណ្ឌលេខ១៤«គ» ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកណ្តាលបានចូលជាស្ថាពរ មានអានុភាពអនុវត្ត ហើយមានជនជាប់ចោទឈ្មោះ អាំង មាលតី ក៏បានក្លាយជា «ទណ្ឌិត» ។
យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ទណ្ឌិតឈ្មោះ អាំង មាលតី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់បន្ថយរយៈពេលទទួលរងទោសចំនួន០៦ខែ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៦ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៦/១០១៨ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ថ្វីដ្បិតមិនទាន់បានឃើញព្រះរាជក្រឹត្យត្រាស់បង្គាប់លុបឈ្មោះលោក អាំង មាលតី ចេញពីក្របខ័ណ្ឌនៃអង្គចៅក្រមដោយសារជាប់ឈ្មោះជាទណ្ឌិតក៏ដោយ ក៏គេហទំព័រសារព័ត៌មានបានកត់សម្គាល់ឃើញថា ក្នុងចំណោមចៅក្រមចំនួន២៤៦នាក់ដែលទទួលបានការធ្វើសមាហរណកម្មទៅក្នុងឋានន្តរស័ក្តិ និងថ្នាក់តាមលំដាប់លំដោយពីអនុចៅក្រមថ្នាក់លេខ៣ រហូតដល់ឧត្តមចៅក្រមថ្នាក់លេខ១ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១៨២ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នោះ គឺមិនមានឈ្មោះលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញឡើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា អនុលោមតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ១៤«គ» ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តកណ្តាល និងស្មារតីព្រះរាជក្រឹត្យលេខនស/រកត/១១១៦/១០១៨ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ គឺទណ្ឌិត អាំង មាលតី ត្រូវទទួលរងទោសទណ្ឌនៅក្នុងពន្ធនាគាររយៈពេលសរុបត្រឹមចំនួន១ឆ្នាំ ០៦ខែ ហើយនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញក្នុងករណីមិនមានទោសទណ្ឌអ្វីផ្សេងទៀតនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ។
លោក អាំង មាលតី អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប បានចូលបម្រើការងាររដ្ឋនៅអំឡុងឆ្នាំ១៩៨៣ និងធ្លាប់ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ នាដើមឆ្នាំ២០០២ ហើយក៏ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តសៀមរាប នាចុងឆ្នាំ២០០៥ ។ ក្រោយមក លោកចៅក្រមរូបនេះត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យនាចុងឆ្នាំ២០០៧ ។ តមកទៀត លោកចៅក្រមរូបនេះត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារជាប្រធានសាលាដំបូងរាជធានីភ្នំពេញនាខែមេសា ឆ្នាំ២០១៤(កាន់តំណែងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យអស់រយៈពេលជិត៧ឆ្នាំ) ។ នៅទីបំផុត លោកចៅក្រមរូបនេះបានជួបរឿងអកុសល ហើយក៏ត្រូវបានដកហូតមុខតំណែងពីប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យមកឈរជើងនៅក្រសួងយុត្តិធម៌នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមទម្ងន់កណ្តាប់ដៃដែករបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (កាន់តំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញបានមិនដល់រយៈពេល១ឆ្នាំទេ) និងក៏មានរឿងអាស្រូវជាច្រើនធ្លាក់ក្នុងសមត្ថកិច្ចស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ តាំងពីពេលនោះមក ។
លោកចៅក្រម អាំង មាលតី មានកូនប្រុសបង្កើតចំនួន២នាក់ បានធ្វើជាចៅក្រម កំពុងបម្រើការងារនៅតាមបណ្តាសាលាជម្រះក្តី ជាអាទិ៍ ៖
១-លោក អាំង ចិន្តា អនុចៅក្រមថ្នាក់លេខ២ ជាសិស្សចៅក្រមជំនាន់ទី៣ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រម បម្រើការងារជាចៅក្រមសាលាដំបូងខេត្តព្រៃវែង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១០/៨៣៣ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១០ ។ បច្ចុប្បន្ន លោកចៅក្រម អាំង ចិន្តា ត្រូវបានផ្ទេរភារកិច្ចឲ្យមកបម្រើការងារ ជាចៅក្រមសាលាដំបូងខេត្តកោះកុង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៥/៧៣៣ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ។
២-លោក អាំង សុភា អនុចៅក្រមថ្នាក់លេខ២ ជាសិស្សចៅក្រមជំនាន់ទី៤ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌនៃអង្គចៅក្រម បម្រើការងារជាចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ។
លើសពីនេះ លោកចៅក្រម អាំង មាលតី នៅមានកូនប្រុសម្នាក់ទៀតឋិតក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឈ្មោះ អាំង មុនី កាន់តួនាទីជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ ៕
ប្រភព៖ dtn7