Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ក្រឹត្យ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​របស់​លោកដូណាល់ ត្រាំ​ជា​កាំបិត​មុខ​ពីរ !

$
0
0

នៅសហរដ្ឋអាមេរិក ក្រឹត្យស្តីពីអន្តោប្រវេសន៍ និងជនភៀសខ្លួនរបស់លោកដូណាល់ ត្រាំបាន និងកំពុងបង្កឲ្យមានការប្រឆាំងនៅទូទាំងពិភពលោក។ គឺជាក្រឹត្យដែលលោកត្រាំបានហាមមិនឲ្យពលរដ្ឋរស់ក្នុង ៧ប្រទេសកាន់សាសនាអ៊ីស្លាមចូលក្នុងទឹកដីអាមេរិកាំងក្នុងរយៈពេល ៣ខែ។ តែទោះជាយ៉ាងនេះក្តី សេតវិមានបានចេញមុខធានាថា ក្រឹត្យនោះបន្តស្ថិតជាធរមាន និងថា វិធានការរបៀបនេះមានគោលដៅការពារសន្តិសុខ និងសុវត្ថិភាពអាមេរិក។

ហេតុអ្វីបានជាក្រឹត្យរបស់លោកដូណាល់ ត្រាំបានទទួលការប្រឆាំងខ្លាំងម្ល៉េះ និងថា តើវិធានការរបៀបនេះពិតជាជួយអាមេរិកឲ្យផុតពីអំពើភេរវកម្មមែន ឬ?។

តាំងពីទទួលបានកូនសោសេតវិមានក្នុងថ្ងៃទី២០ មករាមក លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ផង និងភ្ញាក់ផ្អើលផង។ ចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ព្រោះលោកដូណាល់ ត្រាំជាប្រធានាធិបតីអាមេរិកដែលគ្មានបទពិសោធន៍នយោបាយ និងកំពុងព្យាយាមផ្លាស់ប្តូរទំនៀមទម្លាប់របស់អាមេរិកដែលធ្លាប់មានជាមួយពិភពលោកនាពេលកន្លងមក។ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្រោយឡើងអង្គុយលើកៅអីប្រធានាធិបតីនៅសេតវិមាន លោកដូណាល់ ត្រាំបានចុះហត្ថលេខាលើក្រឹត្យជាច្រើនដែលលោកគិតថា អាចផ្តល់ប្រយោជន៍ច្រើនឲ្យពលរដ្ឋអាមេរិកាំង។

តែអ្វីដែលលោកដូណាល់ ត្រាំនឹកស្មានមិនដល់នោះគឺថា មានក្រឹត្យខ្លះបែរជាបានបង្កឲ្យមានរឿងអាស្រូវព្រោងព្រាត និងប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លានៅទូទាំងពិភពលោកទៅវិញ។ ជាក់ស្តែង គឺក្រឹត្យស្តីពីអន្តោប្រវេសន៍ និងជនភៀសខ្លួនចុះហត្ថលេខាកាលពីថ្ងៃទី២៧ មករា។ នៅក្នុងក្រឹត្យនោះ លោកដូណាល់ ត្រាំបានហាមមិនឲ្យពលរដ្ឋក្នុងប្រទេសកាន់សាសនាអ៊ីស្លាមចំនួន ៧ គឺស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែនចូលក្នុងទឹកដីអាមេរិករយៈពេល ៣ខែ។ លោកត្រាំបានលើកយកហេតុផលទៅពន្យល់ថា ដើម្បីសន្តិសុខអាមេរិក ឬអាចនិយាយបែបផ្សេង កុំឲ្យពួកភេរវជនចូលទៅបង្កភេរវកម្មក្នុងទឹកដីអាមេរិក។

ក៏ប៉ុន្តែ មតិអន្តរជាតិទូទៅមិនបានឯកភាពលើចំណាត់ការរបស់លោកដូណាល់ ត្រាំរបៀបនេះទេ។ ពួកគេបានហៅវិធានការរបស់លោកដូណាល់ ត្រាំថាមានការរើសអើង និងផ្ទុយពីតម្លៃលទ្ធិប្រជាធិបតេយ្យដែលអាមេរិកតែងតាំងខ្លួនជាគំរូពិភពលោក។ ទន្ទឹមគ្នានេះ មានថ្នាក់ដឹកនាំបស្ចិមលោកខ្លះថែមទាំងក្រើនរម្លឹកលោកដូណាល់ ត្រាំពីគោលការណ៍ និងកាតព្វកិច្ចអន្តរជាតិក្នុងបញ្ហាអន្តោប្រវេសន៍ និងជនភៀសខ្លួន។ នៅអាមេរិកឯណោះវិញ ក្រឹត្យរបស់លោកដូណាល់ ត្រាំកំពុងក្លាយជាផ្ទាំងស៊ីបនៃការតតាំងគ្នានៅតុលាការដើម្បីចង់ដឹងថា តើវាជាក្រឹត្យផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់អាមេរិក ឬអត់?។

ងាកទៅមើលប្រតិកម្មរបស់ប្រទេសជាប់ក្នុងក្រឹត្យរបស់លោកដូណាល់ ត្រាំវិញ មានតែ ២ប្រទេសគត់ គឺអ៊ីរ៉ង់ និងអ៊ីរ៉ាក់ដែលក្តៅក្រហាយនឹងក្រឹត្យរបស់លោកត្រាំខ្លាំងជាងគេ។ ទីក្រុងតេហេរ៉ង់បានចាត់ទុកក្រឹត្យរបស់លោកត្រាំថាមានលក្ខណៈប្រមាថលើពលរដ្ឋអ៊ីរ៉ង់ និងថា អ៊ីរ៉ង់បានសម្រេចមិនឲ្យពលរដ្ឋអាមេរិកដាក់ជើងជាន់ទឹកដីអ៊ីរ៉ង់វិញទេ ដរាបណាលោកត្រាំមិនលុបចោលក្រឹត្យរបស់ខ្លួនទេនោះ។ ចំណែកលោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានីបានលើកឡើងពីគម្រោងរបស់លោកត្រាំដែលចង់សង់ជញ្ជាំងនៅតាមព្រំដែនជាមួយប្រទេសម៉ិចស៊ិកថា ជារឿងហួសសម័យដោយរម្លឹកប្រាប់លោកត្រាំពីការរលំជញ្ជាំងក្រុងប៊ែរឡាំងក្នុងឆ្នាំ ១៩៨៩។

ជាថ្មីម្តងទៀត និងដើម្បីរំងាប់កំហឹងពុះកញ្រ្ជោលប្រឆាំងនឹងក្រឹត្យរបស់លោក លោកដូណាល់ ត្រាំបានចេញមុខបញ្ជាក់ពីអាទិភាពនៃយុទ្ធនាការប្រយុទ្ធប្រឆាំងអង្គការភេរវនិយម ពិសេសអង្គការរដ្ឋអ៊ីស្លាមដោយធ្វើយ៉ាងណា កុំឲ្យអាមេរិកជួបប្រទះដូចព្រឹត្តិការណ៍ថ្ងៃ១១ កញ្ញា ២០០១ ជាថ្មីម្តងទៀត។ សម្រាប់លោកដូណាល់ ត្រាំ ប្រទេសទាំង ៧ ដែលស្ថិតក្នុងក្រឹត្យរបស់លោកសុទ្ធសឹងជាប្រទេសប្រភពពួកជីហាត។ តែបញ្ហានៅត្រង់ថា មានប្រទេសខ្លះ ដូចយ៉ាងអ៊ីរ៉ង់កាន់សាសនាអ៊ីស្លាមនិកាយឈីអ៊ីតដែលលោកត្រាំបានរាប់បញ្ចូលនោះ មិនមែនជាដែនដីរបស់អង្គការរដ្ឋអ៊ីស្លាមទេ ព្រោះពួកជីហាតភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីត។

ម្យ៉ាងទៀត ការដែលលោកដូណាល់ ត្រាំបានសំអាងលើព្រឹត្តិការណ៍ថ្ងៃ១១ កញ្ញា ២០០១ ក៏មិនត្រូវដែរ។ មិនត្រូវ ព្រោះក្រុមភេរវជនដែលបានបង្កភេរវកម្មលើទឹកដីអាមេរិកកាលពីជាង ១៥ឆ្នាំមុន មិនមែនជាជនជាតិចេញមកពីប្រទេសក្នុងក្រឹត្យរបស់លោកត្រាំទេ តែមកពីប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាអារ៉ាប់រួម និងលីបង់ដែលលោកត្រាំមិនបានរាប់បញ្ចូលក្នុងបញ្ជីទេ។ ថ្មីៗនេះទៀត ពោលក្នុងឆ្នាំ ២០១៥ និង២០១៦ អំពើភេរវកម្មក្នុងរដ្ឋ California និងរដ្ឋ Florida បានរៀបចំដោយភេរវជនមកពីប្រទេសអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ឬអារ៉ាប៊ីសាអូឌីតដែលមិនស្ថិតក្នុងក្រឹត្យរបស់លោកត្រាំឡើយ។

ពិតណាស់ ប្រទេសទាំង ៧ ដែលស្ថិតក្នុងក្រឹត្យរបស់លោកត្រាំកំពុងមានស្ថានភាពវឹកវរ និងច្របូកច្របល់ផ្ទៃក្នុងខ្លាំងនាពេលបច្ចុប្បន្ន តែនេះមិនមែនថា សុទ្ធសឹងជាប្រទេសប្រកបដោយគ្រោះថ្នាក់សម្រាប់អាមេរិកនោះទេ។ សំណួរដែលកំពុងចោទពេលនេះគឺថា បើលោកដូណាល់ ត្រាំគ្មានទំនុកទុកចិត្តលើអ្នកកាន់សាសនាអ៊ីស្លាម មានបញ្ហាជាមួយអ្នកកាន់សាសនាអ៊ីស្លាម ឬមួយចាត់ទុកអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ជាភេរវជន ហេតុអ្វីបានជាចង្អុលតែ ៧ប្រទេស ពោលមិនរាប់បញ្ចូលប្រទេសផ្សេង ដូចយ៉ាងអេមីរ៉ាអារ៉ាប់រួម កាតា ឬមួយក៏អារ៉ាប៊ីសាអូឌីតផងទៅ?។ តើទង្វើរបៀបនេះរបស់លោកដូណាល់ ត្រាំមិនមែនជាការរើសអើង និងជួយលើកទឹកចិត្តក្រុមជ្រុលនិយមទេ ឬយ៉ាងណា?។

ចង់ ឬមិនចង់ ក្រឹត្យស្តីពីជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរបស់លោកដូណាល់ ត្រាំជាកំបិតមុខពីរ នៅម្ខាង លោកត្រាំកំពុងបង្កឲ្យមានការប្រេះឆារវាងអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា និងនៅម្ខាងទៀត ការប្រេះឆារវាងពលរដ្ឋអាមេរិក និងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមដែលគ្មានជម្រើសអ្វីក្រៅពីសងសឹកលើពលរដ្ឋអាមរិកាំងវិញទេ។ ចង់ ឬមិនចង់ លោកដូណាល់ ត្រាំកំពុងដាក់ជីវិតពលរដ្ឋអាមេរិកនៅបរទេសឲ្យស្ថិតក្នុងគ្រោះថ្នាក់ និងហានិភ័យ។ លោកដូណាល់ ត្រាំហាក់ភ្លេចគិតថា អាមេរិកជាប្រទេសមហាអំណាចពិភពលោក និងជាប្រទេសគំរូប្រជាធិបតេយ្យសម្រាប់ប្រទេសផ្សេងទៀត៕

ប្រភព៖ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>