ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងចំណោមគោលនយោបាយផ្សេងទៀតក្នុងការគិតគូរយកចិត្តទុកដាក់ចំពោះកម្រិតជីវភាព តាមរយៈកាតម្លើងប្រាក់បៀវត្ស ការតម្លើងឋានន្តរស័ក្តិ ការផ្តល់ដីសម្បទាន និងការឧបត្ថម្ភផ្សេងៗទៀត។
លើសពីនេះរាជរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ចំពោះការលើកតម្កើនកិត្តិយស ជូនដល់កងកម្លាំងប្រដាប់អាវុធនិងអតីតយុទ្ធជនតាមរយៈបំផុសគំនិតឱ្យមហាជនឱ្យទទួលស្គាល់ពីតម្លៃពីកងកម្លាំងប្រដាប់អាវុធនិងអតីតយុទ្ធជនដែលបានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។
លោកបានបន្តថា តម្លាភាព និងភាពត្រឹមត្រូវនៃការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ គឺមានក្រុមការងារចុះជំរឿនយោធិនដោយសហការជាមួយក្រុមការងារអង្គភាព ការិយាល័យបុគ្គលិក និងសាម៉ីខ្លួនដោយផ្អែកលើឯកសារច្បាស់លាស់ដែលទទួលស្គាល់ដោយផ្នែកដែលពាក់ព័ន្ធខាងលើ។ ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺផ្អែកលើអតីតភាពមិនគិតពីប្រអប់តួនាទីនោះទេ។
លោកបានបញ្ជាក់ថា “យើងមិនអាចបំពាក់ ឋានន្តរ ស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ចំនួន៧០០នាក់ ក្នុងពេលតែមួយបានទេ គឺយើងធ្វើតាមតំណាក់ កាល ហើយនេះ គឺជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូន នាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ ហើយដំណាក់កាលទី២ នឹងធ្វើ ឡើងបន្តទៀតនៅថ្ងៃខាងមុខ។ ហេតុអីបានជាយើងកំណត់ការបំពាក់ បំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ? ពីព្រោះយើងកំណត់ ឆ្នាំ១៩៧៩គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រនិងជាពេលវេលាដ៍លំបាកនៃការរំដោះប្រទេសជាតិ ចេញរបបប្រល័យពូជសាសន៍ហើយស្វែងរកសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ”។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តទៀតថា ការបំពាក់សក្តិជូននាយទាហាន ដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ នាពេលនេះ គឺជាការផ្តល់ជូនយោធិនគ្រប់ភាគីទាំងអស់ដោយមិនគិតពីអតីតកាលគឺផ្តល់ជូនក្នុនាមខ្មែតែមួយដែលបានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។ គោលនយោបាយនេះគឺជាការលើកទឹកចិត្តនិងការទទួលស្គាល់ ចំពោះគុណូបការៈនៃការលះបង់របស់នាយទាហានក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិដែលធ្វើឱ្យប្រជាជនរស់នៅក្នុងភាពសុខសាន្តរហូតដល់សព្វថ្ងៃនេះ៕
ប្រភព៖ CEN