កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយបង្កើត “របៀងអភិរក្សជីវចម្រុះ” គឺផ្ទៃដីដែលតភ្ជាប់តំបន់ការពារក្នុងប្រទេសកម្ពុជា ដោយដាក់ផ្ទៃដីទំហំ១,៤លានហិកតាបន្ថែមទៀតឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
អនុក្រឹត្យនេះបានធ្វើឱ្យចំនួនសរុបនៃផ្ទៃដីក្នុងតំបន់ការពារទាំងអស់ក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឡើងដល់ជាង៤០ភាគរយនៃផ្ទៃដីទូទាំងប្រទេស។ ទោះជាយ៉ាងណា រដ្ឋាភិបាលមាន កំណត់ត្រាមិនល្អក្នុងការការពារតំបន់បែបនេះ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ”របៀងអភិរក្ស ជីវចម្រុះគ្រោងបង្កើតឲ្យមានឡើងដើម្បីតភ្ជាប់តំបន់ការពារទាំងអស់ឱ្យជាប់គ្នា។ វាធ្វើឱ្យប្រព័ន្ធអេកូឡូសីុប្រសើរ និងពង្រីកវិសាលភាពតំបន់ការពារ”។
ដោយផ្ទៃដីទំហំ៥,៩លានហិកតា ស្ថិតក្នុងតំបន់ការការពារដែលបានកំណត់រួចហើយក្នុងប្រទេសកម្ពុជានោះ អនុក្រឹត្យនេះធ្វើឱ្យផ្ទៃដីសរុបនៃតំបន់ការពារក្នុងប្រទេសកម្ពុជាឡើងដល់៧,៣លានហិកតា។
លោក សៅ សុភាព បានពន្យល់ថា របៀងទាំងនេះនឹងជួយដល់ការផ្លាស់ទីរបស់សត្វ និងទប់ស្កាត់ការបំបែកព្រៃឈើឲ្យទៅជាផ្នែកតូចៗនៅក្នុងដែនជម្រកមួយចំនួនក្នុងចំណោមដែនជម្រកសំខាន់ៗក្នុងប្រទេសកម្ពុជា ដូចជាតំបន់ភ្នំក្រវាញដែលស្ថិតនៅភាគនិរតី និងតំបន់ព្រៃនៃខេត្តមណ្ឌលគិរីស្ថិតនៅភាគឦសានជាដើម។
លោកបានបន្ថែមថា ដោយមានការអនុវត្តច្បាប់កាន់តែខ្លាំង ក្រសួងបរិស្ថានកំពុងប្រមូលធនធានដើម្បីគ្រប់គ្រងដីដែលខ្លួនគ្រប់គ្រងដោយគ្រោងជួលឧទ្យានុរក្ស៣០០នាក់បន្ថែមទៀតឱ្យល្បាតតាមតំបន់ការពារក្នុងឆ្នាំ២០១៧។
លោកស្រី Suwanna Gauntlett នៅអង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Aliance) ជាអង្គការមិនមែនរដ្ឋាភិបាលបានមានប្រសាសន៍ថា អនុក្រឹត្យនេះគឺជាជំហានដ៏សំខាន់ក្នុងការជួយដល់ការរស់នៅរបស់សត្វព្រៃ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងមូលដ្ឋាន។
លោកស្រីបានមានប្រសាសន៍ថា “តំបន់ព្រៃការពារនៅជាប់គ្នានេះគឺសំខាន់ណាស់សម្រាប់ការផ្លាស់ទីរបស់ថនិកសត្វរស់នៅលើគោកធំៗដូចជា សត្វដំរីនៅតំបន់អាស៊ីជាដើមដែលត្រូវការផ្ទៃដីធំដើម្បីស្វែងរកចំណីឱ្យបានគ្រប់គ្រាន់”។លោកស្រីបានបន្ថែមថា ព្រៃឈើនៅជាប់គ្នារដឹកនេះអាចគាំទ្រកាន់តែប្រសើរដល់ហ្វូងដំរីជាច្រើន។
លោកស្រីបានថ្លែងថា លើសពីនេះទៅទៀត ការហិនហោចព្រៃឈើក្នុងប្រទេសកម្ពុជា ជាកត្តាដ៏ចម្បងដែលនាំឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅទូទាំងប្រទេស។
លោកស្រីបានមានប្រសាសន៍ថា “ការបន្តជាប់គ្នារដឹកនៃគម្របព្រៃឈើគ្រប់គ្រងទឹកភ្លៀង ផ្លូវទឹកធំៗចំនួន២២ និងបណ្តាញស្មុគស្មាញនៃប្រពន្ធទឹកក្រោមដី”។
លោកស្រីបានបន្ថែមថា “ប្រសិនបើព្រៃឈើត្រូវបានបំបែកជាផ្នែកតូចៗមុខងារប្រព័ន្ធទឹកនឹងធ្លាក់ចុះភ្លាមៗ…ហើយផលវិបាកដោយផ្ទាល់នឹងអូសបន្លាយឱ្យមានគ្រោះរាំងស្ងួត ដោយគ្មានទឹកប្រើប្រាស់អំឡុងរដូវប្រាំង”។
លោក សៅ សុភាពបានមានប្រសាសន៍ថា បើទោះជាអនុក្រឹត្យនេះផ្តល់អត្ថប្រយោជន៍ ច្រើនក៏ពិតមែន ក៏នៅមានបញ្ហាមួយចំនួនត្រូវដោះស្រាយដែរ ដូចជារបៀបគ្រប់គ្រងរបៀងទាំងនេះ ព្រមទាំងតំបន់ការពារទាំងអស់ផងដែរ។
ជាឧទាហរណ៍ គេនៅមិនទាន់ច្បាស់ថាតើក្រុមហ៊ុនកសិពាណិជ្ជកម្មដែលបានប្រតិបត្តិការរួចហើយនៅក្នុងរបៀងទាំងនេះនោះ នឹងត្រូវអនុញ្ញាតឱ្យបន្ដដដែលឬយ៉ាងណា។
អ្នកនាំពាក្យរូបនេះបានថ្លែងថា “របៀងទាំងនេះនឹងស្ថិតនៅក្រោមច្បាប់តំបន់ការពារ ប៉ុន្តែ ការពិត យើងត្រូវតែគោរពភាគីពាក់ព័ន្ធ”៕ សារុន
ប្រភព៖ cambodiadailykhmer