មានហេតុការណ៍ភ្ញាក់ផ្អើលមួយនៅវេលាម៉ោងប្រហែល ៩ និង០០ នាទី ព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ ២០១៧ គ្រាដែលបុរសជាឪពុកម្នាក់ និងកូនប្រុសរបស់គាត់ម្នាក់ទៀត បានលង់ទឹកស្លាប់ព្រមគ្នា ។ ដែលហេតុការណ៍នេះ បានកើតឡើងស្ថិតនៅចំណុចបឹង ចាន់ អន្សា ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ ហេង សុខា (ចយ) អាយុ ៣៩ ឆ្នាំ និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ សុខា អុីស្រីុ អាយុ ៧ ឆ្នាំ ។
អ្នកស្រី គៀ (ត្រូវជាប្រពន្ធ) បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យប្តី និងកូនប្រុសរបស់អ្នកស្រីស្លាប់យ៉ាងអាណោចអាធមបែបនេះ គឺនៅពេលប្តីរបស់គាត់បានដឹកសំរះយកទៅដាក់នៅបឹង ហើយនៅពេលនោះ ស្រាប់តែមានខ្យល់បោកបក់ខ្លាំងបណ្តាលឲ្យលិចទូកតែម្តង ។
អ្នកស្រីបន្តទៀតថា ក្នុងហេតុការណ៍នោះ ប្តីគាត់បាននាំយកកូនប្រុសទៅតាម ២ នាក់ ប៉ុន្តែ ជាអកុសល ប្តីរបស់គាត់ និងកូនប្រុសម្នាក់ ត្រូវលង់ទឹកស្លាប់ទៅជាមួយគ្នា រីឯកូនប្រុសត្រូវជាបងម្នាក់ទៀតឈ្មោះ សុខា អុីស្រ៊ាង អាយុ ១៣ ឆ្នាំ បានរួចផុតជីវិត ដោយសារបានតោងផ្អោបនឹងមែកឈើសំរះ ហើយបានបុរសអ្នកដាក់មងម្នាក់ នៅស្ថិតនៅក្បែរនោះចម្ងាយប្រហែល ២០០ ម៉ែត្រ មកជួយសង្គ្រោះទាន់ ។
បច្ចុប្បន្ន សាកសពឪពុក និងកូនប្រុស បាននិងកំពុងត្រូវបានក្រុមគ្រួសារ សាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
ប្រភពរូបភាព៖ ហ្វេសប៊ុក, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល