Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ព្រះសង្ឃ​សម្ភារ​និយម​ជ្រុល​ពេក ​ធ្វើ​ឲ្យ​ជំនឿ​ ធ្លាក់​ចុះ

$
0
0

«ជាតិ សាសនា ព្រះមហាក្សត្រ» គឺជាបាវចនារបស់ប្រទេសកម្ពុជាដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដោយតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបគោរពប្រតិបត្តិហើយអ្នកដែលជានិមិត្តរូបនៃការប្រតិបត្តិសាសនាព្រះពុទ្ធគឺព្រះសង្ឃ។

បើកាលពីជំនាន់របបកុម្មុយនីស្ត សាធារណរដ្ឋប្រជាមានិតកម្ពុជាទសវត្សរ៍ឆ្នាំ ៨០ គឺមានការលើទឹកចិត្តព្រះសង្ឃឲ្យចូលរួមបម្រើប្រជាពលរដ្ឋទៀតផងដូចដែលមានចម្រៀងភ្លេងជាតិថា៖ «…កសាងអាត្មាបម្រើប្រជាជន…»។

តើព្រះសង្ឃសម័យសម្ភារនិយមបច្ចុប្បន្នបម្រើសាសនាព្រះពុទ្ធឲ្យឧបាសក ឧបាសិកាគោរពតាមគ្រប់ៗគ្នាឬនៅ?

ចូលដល់សម័យសកលភាវូបនីយកម្មគឺអ្វីៗមានការប្រែប្រួលដែលមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមានផងដែរ ជាពិសេសការប្រើប្រាស់សម្ភារទំនើបៗទាន់សម័យបច្ចេកវិទ្យា ដូចជា រថយន្តទំនើប ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ បំពាក់ម៉ាស៊ីនត្រជាក់ ប្រព័ន្ធអ៊ីនធឺណិតគ្រឿងសង្ហារិមទំនើបៗជាដើម។ តែសម្ភារខ្លះក៏ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលផងដែរ។

កាលពី ១០ ឆ្នាំមុន ការប្រើប្រាស់សេវា Wifi និងទូរស័ព្ទចល័តដែលបំពាក់ដោយឌីជីថល មានតិចតួច គឺសម័យទូរស័ព្ទទំនើប Nokia ដែលកាលនោះទូរស័ព្ទ Nokia អាចនិយាយឆ្លើយឆ្លងគ្នា និងឃើញរូបភាពគ្នាទៅវិញទៅមកសម្រាប់អ្នកដែលកំពុងនិយាយឆ្លើយឆ្លងតាមទូរស័ព្ទបាន ហើយរដ្ឋាភិបាលយល់ឃើញថា វាងាយស្រួលក្នុងការទាក់ទងសេវាផ្លូវភេទជាមួយស្ត្រីក្រៅពីប្រពន្ធរបស់ខ្លួន ជាពិសេស បុរសដែលចូលចិត្តរកស៊ីក្រៅនោះក៏មានការរឹតបន្ដឹងតែនៅពេលបច្ចុប្បន្នខណៈដែលប្រព័ន្ធ ឌីជីថល រឹតតែទំនើបហើយលឿនរដ្ឋាភិបាលដូចជាលែងមានការហាមឃាត់ទៀតហើយពីព្រោះបើឃាត់ក៏ទំនងជាលែងឈ្នះដែរ ដោយសារវាមានស្ទើរគ្រប់កម្មវិធីនៅក្នុងទូរស័ព្ទក៏ដូចជាកុំព្យូទ័រដែលនិយាយមើលមុខគ្នាឃើញ Skype, Tango, Messenger, Facebook, Zoom.US ជាដើមដែលធ្វើឲ្យអ្នកប្រើប្រាស់ជាទូទៅរឹតតែងាយស្រួលហើយសូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ក្រើនរំឭកឲ្យមន្ត្រីរាជការប្រើប្រាស់ស្មាតហ្វូនដែរ បើមិនចេះប្រើទេគឺមិនដំឡើងតំណែងឲ្យឡើយ។

ប៉ុន្តែសម្ភារទំនើបៗក៏ធ្វើឲ្យមានផលប៉ះពាល់នៅក្នុងសង្គមផងដែរនៅពេលដែលគេប្រើប្រាស់មិនត្រឹមត្រូវហើយមិនសមស្របទៅនឹងច្បាប់ និងសីលធម៌សង្គមពិសេសព្រះសង្ឃដែលធ្វើឲ្យប៉ះពាល់ខ្លាំងជាងគេនោះគឺមិនត្រឹមតែបុគ្តលជាសង្ឃនោះទេតែក៏ជាសាសនាព្រះពុទ្ធទាំងមូលដែលប្រជាពលរដ្ឋគោរព និងជឿជាក់ដល់ទៅ ៩៧ ភាគរយនៃប្រជាជនសរុបផងដែរ (ផ្អែកតាមជំរឿនថ្នាក់ជាតិឆ្នាំ ២០០៨)។

សកម្មភាពព្រះសង្ឃមួយចំនួនដែលប្រើសម្ភារទំនើបច្រើនពេកធ្វើឲ្យប៉ះពាល់ទៅលើធម៌ព្រះដែលបានសម្តែងទាក់ទងនឹងតណ្ហាស្រើបស្រាល លោភលន់ និងសម្ញែងបង្អួតនូវសម្ភារទំនើបទាំងនោះទៅវិញធ្វើឲ្យមហាជនរិះគន់ការប្រព្រឹត្តឆ្គាំឆ្គងរបស់ព្រះសង្ឃ។

ដូចកាលពីសប្តាហ៍មុននេះមានគណនីហ្វេសប៊ុកឈ្មោះវត្តនាគវ័នកុដិ ២៤ បានបង្ហាញរូបភាព និងការសរសេរពីព្រះសង្ឃមួយអង្គបានប្រគេនទីសេនាសនទាន (គ្រែ) ទំនើបឆ្លាក់ដោយឈើប្រណីត ពូក និងក្បាច់រចនា និងទូរស័ព្ទទំនើបម៉ាក Vertu សរុបជាទឹកប្រាក់ប្រមាណជា ២ ម៉ឺនដុល្លារប្រគេនដល់ព្រះឧត្តមប្រិយ៍ជាព្រះមេគណខេត្តកំពង់ចាម។

ការដែលបង្ហាញពីភាពស្រើបស្រាលសម្ញែងគ្នាក្នុងចំណោមព្រះសង្ឃបែបនេះធ្វើឲ្យជះឥទ្ធិពលទៅនឹងព្រះសង្ឃផ្សេងៗដទៃទៀតដែលកំពុងតែមានចំណាប់អារម្មណ៍សម្ភារនិយមផ្អើលតៗគ្នាផងដែរមើលទៅហាក់បីដូចជាការប្រកួតប្រជែងគ្នាថាព្រះសង្ឃអង្គនោះធ្វើបាន ហេតុអ្វីបានជាអាត្មាអញធ្វើមិនបាន?

ដោយសារតែព្រះសង្ឃមួយចំនួនចេះតែនាំគ្នាធ្វើឫកពាបែបកាលីបដូចគ្រហស្ថដែរនោះនៅពេលដែលនិមន្តព្រះសង្ឃទៅសូត្រមន្តនៅផ្ទះម្តងៗពេលខ្លះមានការលំបាកដោយព្រះសង្ឃអង្គខ្លះសួរឧបាសកថាយកយានជំនិះអ្វីមកនិមន្តអាត្មា? ឧបាសកឆ្លើយថាម៉ូតូ ឬ ក៏ម៉ូតូកង់បីព្រះតេជគុណ។

ព្រះសង្ឃនោះឆ្លើយវិញ យ៉ាងស្រួលថា មិនអីទេញោមចាំអាត្មានិមន្តតាមឡានអាត្មាទៅវិញដែលមានកូនសិស្សបើកប្រគេន។

ការដែលរៀបចំរបៀបឫកពារបស់ព្រះសង្ឃបែបនេះគឺធ្វើឲ្យឧបាសកឧបាសិកាល្មមៗមានការញញើតញញើមក្នុងការនិមន្តព្រះសង្ឃកាលីបៗមកសូត្រមន្តនៅគេហដ្ឋាន។ កាន់តែពេញនិយមទៅទៀតនោះគឺព្រះសង្ឃប្រើស្មាតហ្វូនសឹងតែគ្រប់អង្គទៅហើយនៅទីក្រុង និងទីប្រជុំជនពោល គឺទំនេរមិនទាន់ទេបើកមើលហ្វេសប៊ុកយ៉ាងសង្ហាប្រៀបដូចជាឧបាកសផងដែរដោយឃើញរូបភាពទាំងអស់ទាំងស៊ិចស៊ី ឬក៏រូបអាសអាភាសដែលប៉ះពាល់ទៅនឹងវិន័យសង្ឃផងដែរ។

តើនេះមកពីការតាក់តែងនៅក្នុងគុម្ពីរធម៌ព្រះពុទ្ធដែលបានចែងនោះចាស់ពេកមិនទាន់សម័យកាលសម្ភារទំនើបដែលប្រើស្មាតហ្វូន ឬក៏ហ្វេសប៊ុកបានជាព្រះសង្ឃទាំងនោះធ្វើមិនដឹងមិនឮ? បើអ៊ីចឹង តើព្រះសង្ឃមិនត្រូវប្រើសម្ភារទំនើបៗស្មាតហ្វូន ឬក៏ហ្វេសប៊ុកទេ?

បើតាមស្តាប់ធម៌ទេសនានានាដែលជាទ្រឹស្តីទូទៅដោយព្រះសង្ឃជាលក្ខណៈគ្រែ ១ ក្តី គ្រែ ២ ក្តី ឬក៏គ្រែ ៣ ក្តីគឺតែងលើកឡើងអំពីដំណើររឿងរបស់ព្រះពុទ្ធដែលបានត្រាស់ដឹងបានលះបង់គ្រប់យ៉ាងមិនត្រឹមតែទ្រព្យសម្បត្តិទេថែមទាំងក្រុមគ្រួសារទៀតដើម្បីក្លាយជាព្រះត្រូវគេគោរពនោះ។

ជាពិសេស គឺការលុបបំបាត់កាមកិលេសតណ្ហា លោភៈ ទោសៈ មោហៈភាពសុខស្រួលដែលធ្វើឲ្យប្រាសចាកនឹងវិន័យធម៌ព្រះពុទ្ធនេះរួមទាំងការជជែកជាមួយនឹងស្ត្រីក៏មិនអនុញ្ញាតឲ្យនៅកៀកកើយគ្នាដែរ។ សកម្មភាពខ្លះរបស់ព្រះសង្ឃទាំងនេះហើយដែលធ្វើឲ្យពុទ្ធបរិស័ទស្ទើរបាត់បង់ជំនឿលើព្រះពុទ្ធសាសនាហើយងាកទៅរកសាសនាផ្សេងដូចជា គ្រិស្តសាសនា ប្រូតេស្តង់ អ៊ិស្លាម ឬសាសនាតៅ ជាដើម។

តើហេតុអ្វីបានជាព្រះសង្ឃមួយចំនួនសព្វថ្ងៃប្រើប្រាស់សម្ភារទំនើបៗ ប្រព្រឹត្តហាក់បីដូចជាប្រាសចាកនឹងវិន័យធម៌ព្រះពុទ្ធហើយក៏គ្មានព្រះសង្ឃណាហាមដែលហាក់បីដូចជាទៅទាំងប៉ីទៅទាំងទ្រទៅហើយរឿងសម្ភារនិយមនេះ? តើវិន័យធម៌ព្រះសង្ឃគួរតែត្រូវកែតម្រូវទៅតាមសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាទំនើបទេ?

ប៉ុន្តែផ្ទុយទៅវិញចំពោះសម្ភារបច្ចេកវិទ្យាទំនើប (ICT) នេះក៏មានព្រះសង្ឃមួយចំនួនធំយកមកប្រើប្រាស់បានត្រឹមត្រូវដែរគឺប្រើសម្រាប់ជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ និងទំនាក់ទំនងលឿនរហ័សក្នុងកិច្ចការសិក្សាអប់រំ កិច្ចការគ្រប់គ្រង និងរដ្ឋបាលសាធារណៈដោយពុំមានលក្ខណៈបង្អួតភាពឆើតឆាយបែបសម្ភារទំនើបនោះទេហើយនៅពេលលាចាកសិក្ខាបទទៅក៏មិនឃើញព្រះសង្ឃទាំងនោះល្ងង់មិនចេះប្រើប្រាស់សម្ភារបច្ចេកវិទ្យាទំនើបក្នុងការបំពេញការងារក្នុងសង្គមដែរ។

ជាក់ស្តែង ព្រះសង្ឃ អឿន សំអាត ដែលជាព្រឹទ្ធបុរសរងនៃពុទ្ធសាកលវិទ្យាល័យព្រះសីហនុរាជ និងស្ថាបនិកមូលនិធិបណ្ណាល័យជីវិតព្រះតេជគុណជាព្រះសង្ឃគំរូមួយអង្គមិនត្រឹមតែចូលរួមចំណែក បម្រើសាសនានោះទេគឺព្រះអង្គចូលរួមចំណែកក្នុងសង្គមជាច្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះដោយមានសង្ឃដីកាថា៖ «អាត្មាប្រើប្រាស់សម្ភារទំនើបដូចជា កុំព្យូទ័រ អ៊ីនធឺណិត អ៊ីមែល និងហ្វេសប៊ុកជាដើមគឺសម្រាប់បង្រៀនធម៌ និងទស្សនវិជ្ជាព្រះពុទ្ធ ការគ្រប់គ្រងបែបទំនើបសម្រាប់ធ្វើកិច្ចសាសនា

ការសិក្សាស្រាវជ្រាវកម្មវិធីអភិវឌ្ឍន៍សង្គមថ្មីៗហើយការប្រើបណ្តាញហ្វេសប៊ុករបស់អាត្មាគឺដើម្បីចែករំលែកនូវចំណេះដឹង ឬក៏សកម្មភាពរបស់គម្រោងដូចជាថ្មីៗនេះអាត្មាបានចូលរកអាហារូបករណ៍ជូនដល់សិស្ស និស្សិតក្រីក្រ ការពារបរិស្ថានតាមរយៈការចូលរួមរើសសំរាមដាំកូនឈើ អប់រំយុវជន ផ្សព្វផ្សាយអំពីសុខភាព និងការចូលរួមចំណែកផ្សព្វផ្សាយពីមេត្តាករុណាធម៌ជូនចំពោះអ្នកដែលផ្ទុកមេរោគអេដស៍ និងបញ្ឈប់ការរើសអើងលើពួកគេជាដើម។

ហេតុដូចនេះព្រះសង្ឃបើអាចផ្អាកបានផ្អាកខ្លះទៅចំពោះការប្រើប្រាស់សម្ភារទំនើបស្រើបស្រាលហ៊ឺហាតាមគ្នាបែបធ្វើឫកពាជាសង្ឃកាលីបៗផ្ទុយទៅនឹងធម៌វិន័យដែលភាសាសាមញ្ញខ្លះថា៖ «បួសតូចឆាន់នំ បួសធំសន្សំទ្រព្យរត់» នោះទេ។

ផ្ទុយទៅវិញព្រះសង្ឃគួរតែងាកមករកប្រើប្រាស់បច្ចេកវិទ្យាទំនើបទាំងនោះឲ្យចំគោលដៅក្នុងនាមជាអ្នកបម្រើសាសនា និងចូលរួមចំណែកបំពេញតួនាទីនៅក្នុងសង្គមផងជាជាងឆាន់ចង្ហាន់ហើយសឹងៗលេងតែហ្វេសប៊ុកមើលរូបស្រីស្អាតសិចស៊ីៗនោះ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>