ភ្នំពេញៈ នគរបាលរាជធានីភ្នំពេញ និងចៅក្រមត្រូវតែត្រៀមបង្ក្រាបលើការតវ៉ាប្រឆាំងនេះបើយោងតាមសុន្ទរកថាដែលថ្លែងកាលពីម្សិលមិញដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីទៅកាន់ក្រុមមន្រ្តីអនុវត្តច្បាប់ និងមន្រ្តីយុតិ្តធម៌។ លោក សុជាតិវង្ស បានលើកឡើងថា៖ «ក្នុងរយៈពេលមួយឆ្នាំបរិយាកាសនឹងឡើងកម្ដៅនៅរាជធានីភ្នំពេញ»។ លោកអភិបាលបានកោតសរសើរចំពោះការឆ្លើយតបដោយជោគជ័យចំពោះអ្វីដែលលោកបានហៅថាជាភាពចលាចលបន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ ២០១៣ ដែលបញ្ហាលទ្ធផលបោះឆ្នោតបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ចេញតវ៉ាតាមដងផ្លូវ។ នៅខែកញ្ញាឆ្នាំ ២០១៣ ការបង្ក្រាបលើបាតុកម្មបានធ្វើឲ្យមនុស្សបួននាក់រងរបួសធ្ងន់ហើយម្នាក់ទៀតស្លាប់។ នៅខែមករា ឆ្នាំ ២០១៤ កម្មករបួននាក់ត្រូវបានបាញ់សម្លាប់។ លោក សុជាតិវង្ស ថ្លែងថា៖ «យើងត្រូវអនុវត្តវិធានការច្បាប់ប្រឆាំងនឹងអ្នកទាំងឡាយដែលបង្កអសិ្ថរភាពនយោបាយ។ នេះជាមេរៀនសំខាន់ដែលយើងត្រូវចងចាំ។ ប្រសិនបើយើងមិនធ្វើទេ…យើងមិនច្បាស់ថាយើងមានស្ថិរភាពនៅថ្ងៃនេះទេ»។ លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិដែលបានសម្របសម្រួលការតវ៉ាជាច្រើនក្នុងចំណោមការតវ៉ាក្រោយការបោះឆ្នោតបានថ្លែងបញ្ជាក់កាលពីយប់មិញថាគណបក្សរបស់លោកលែងរៀបចំបាតុកម្មទៀតហើយ។ លោកបានថ្លែងថា៖ «យើងចង់បញ្ចៀសអំពើហិង្សា យើងចង់បញ្ចៀសការបង្ហូរឈាម។ ប៉ុន្តែបាតុកម្មដទៃៗទៀតបានកើតឡើងស្ទើររាល់ថ្ងៃនៅក្នុងប្រទេសនេះដោយកម្មករដោយកសិករដោយអ្នកដែលដីរបស់ពួកគេត្រូវបានរំលោភបំពានយកដោយខុសច្បាប់។ ដូច្នេះកុំបន្ទោសថាមកពីគណបក្សប្រឆាំង។ គណបក្សកាន់អំណាចគួរតែក្រឡេកមើលខ្លួនឯង និងអ្វីដែលពួកគេបានធ្វើចំពោះប្រទេសនេះ»។ លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យបានថ្លែងថាសុន្ទរកថារបស់លោក ប៉ា សុជាតិវង្ស គឺជាសញ្ញារបស់រដ្ឋាភិបាលដែលពោរពេញទៅដោយការបង្ក្រាបជាជាងការឆ្លើយតបនឹងការគំរាមកំហែងដល់ស្ថិរភាព។ «មកដល់ថ្ងៃនេះខ្ញុំមិនឃើញមានចលនាពិតប្រាកដណាមួយទេ។ ខ្ញុំគិតថាវាមិនអាចទៅរួចទេ»។ «ខ្ញុំគិតថាវាឆ្កួត»៕ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ រូបថត ហ្វេសប៊ុក ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧