Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋាភិបាល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​បុគ្គលិក​សិទ្ធិ​មនុស្ស​

$
0
0

មន្ត្រីជាន់ខ្ពស់បួនរូបរបស់សមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ទាក់ទិននឹងការចោទថា ពួកគេបានណែនាំស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងឲ្យបដិសេធរឿងស្នេហារបស់គេ។

អ្នកទាំងប្រាំគឺជាការប៉ះពាល់ចុងក្រោយនៃអ្វីដែលក្រុមអ្នកវិភាគនយោបាយចាត់ទុកថា ជារលកនៃការបំភិតបំភ័យធ្វើឡើងដោយរដ្ឋាភិបាល មុនការបោះឆ្នោតនៅពេលខាងមុខនេះ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃសុក្រ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អ្នកទាំងប្រាំមានអ្នកស្រី លឹម មុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់អាដហុក លោក នី សុខា ប្រធានក្រុមស៊ើបអង្កេត អនុប្រធានរបស់លោកគឺលោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប. ដែលក៏ជាអតីតប្រធានរបស់លោក នី សុខា ដែរ គឺត្រូវបានចាប់ខ្លួននៅទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយក្នុងក្រុងភ្នំពេញ នាម៉ោង៨យប់កាលពីថ្ងៃព្រហស្បតិ៍។

cam-photo-ACU-jump-channa

ខុម ចាន់តារាទីចាកចេញពីតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថតដោយ ស៊ីវ ចាន់ណា/ខេមបូឌា ដេលី

លោក យ៉ិនទៀង បាននិយាយថា “យើងឃាត់ខ្លួនប្រាំនាក់ អាដហុកបួននាក់ និង គ.ជ.ប.ម្នាក់”។ លោកបាននិយាយថា ពួកគេត្រូវចាប់ខ្លួនពីបទ “ពុករលួយ” ប៉ុន្តែបានបដិសេធមិនបញ្ជាក់ឲ្យច្បាស់លាស់ ដោយគ្រាន់តែបន្ថែមថា មន្ត្រីទាំងប្រាំរូបនោះកំពុងជាប់ឃុំក្នុងអង្គភាពប្រឆាំងអំពើពុករលួយ។

បុគ្គលិកសិទ្ធិមនុស្សត្រូវបានសួរចម្លើយដោយអង្គភាពប្រឆាំងអំពើពុករលួយក្នុងថ្ងៃទី២ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ត្រីធ្វើសក់អាយុ២៥ឆ្នាំ គឺ ខុម ចាន់តារ៉ាទី បានសារភាពថា មានស្នេហាជាមួយលោក កឹម សុខា ពេលសាកសួរនៅឯតុលាការក្រុងភ្នំពេញកាលពីសប្ដាហ៍មុន ហើយបន្ទាប់មកក៏បានចោទក្រុមមន្ត្រីសិទ្ធិមនុស្សថា បានបញ្ចុះបញ្ចូលនាងឲ្យបដិសេធរឿងនោះ។

ស្ត្រីរូបនេះក៏បានចោទមេធាវីសមាគមអាដហុក គឺអ្នកស្រី ទ្រី ឈួន មន្ត្រីតស៊ូមតិសិទ្ធិស្ត្រីគឺអ្នកស្រី ធីតា ឃឹះ មន្ត្រីសហប្រជាជាតិគឺលោក សុឺន សាលី និងមេឃុំគណបក្សប្រឆាំងគឺលោក ស៊ាង ចែត ថាបានបញ្ចុះបញ្ចូលនាងឲ្យនិយាយកុហក។ លោក ចែត ត្រូវគេចាប់ដាក់ពន្ធនាគារពីបទសូកប៉ាន់កាលពីថ្ងៃពុធ ដោយមានការចោទប្រកាន់ថា លោកបានឲ្យលុយកញ្ញា ចាន់តារ៉ាទី ៥០០ដុល្លារ ដើម្បីឲ្យនាងបដិសេធរឿងស្នេហានោះ។

លោក យ៉ិនទៀង បាននិយាយកាលពីថ្ងៃសុក្រថា អង្គភាពប្រឆាំងអំពើពុករលួយមិនបានចាប់ខ្លួនអ្នកស្រី ទ្រី ឈួន ឬអ្នកស្រី ធីតា ឃឹះ ដែលក៏ត្រូវបានសាកសួរដោយអង្គភាពប្រឆាំងអំពើពុករលួយដែរកាលពីថ្ងៃព្រហស្បតិ៍ ព្រោះពួកគេមិនបានប្រព្រឹត្តល្មើសទេ។

លោកបាននិយាយថា “ធីតា ឃឹះ និងមេធាវីម្នាក់ [អ្នកស្រី ទ្រី ឈួន] ចម្លើយរបស់ពួកគេច្បាស់ជាងចម្លើយអ្នកផ្សេងដែលចោទគាត់។ យើងជឿជាក់លើចម្លើយរបស់គាត់ ថាគាត់មិនមានការពាក់ព័ន្ធ”។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបាននិយាយថា លោក សុឺន សាលី ជាមន្ត្រីនៅការិយាល័យសិទ្ធិមនុស្សក្នុងស្រុករបស់អង្គការប្រជាជាតិ ដែលមិនបានចូលខ្លួនបំភ្លឺនៅថ្ងៃព្រហស្បតិ៍ អាចនឹងត្រូវនាំខ្លួនមកទីស្នាក់ការអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើមន្ត្រីរូបនេះមិនធ្វើតាមដីកាកោះហៅនៅពេលខាងមុខ។

លោក យ៉ិនទៀង បាននិយាយថា “ប្រសិនជាយើងកោះហៅគាត់ម្ដងទៀត មិនចូលខ្លួន យើងត្រូវតែនាំខ្លួន”។

លោកបាននិយាយថា អង្គភាពប្រឆាំងអំពើពុករលួយមានពេលរហូតដល់ម៉ោង៨យប់ថ្ងៃសៅរ៍ ដើម្បីសាកសួរអ្នកជាប់ឃុំមុនពេលបញ្ជូនពួកគេទៅតុលាការក្រុង។

សេចក្ដីសម្រេចចាប់ខ្លួនមន្ត្រីអាដហុកបួននាក់បានទទួលរងការរិះគន់ខ្លាំងពីអ្នកវិភាគ និងក្រុមសិទ្ធិមនុស្ស ដែលបានអះអាងថា រដ្ឋាភិបាលកំពុងវិលទៅរកការប៉ុនប៉ងដែលឃើញថា ជោគជ័យដើម្បីបំភិតបំភ័យក្រុមណាដែលពួកគេគិតថា គាំទ្រគណបក្សសង្គ្រោះជាតិ។

លោក ហ្វីល រ៉ូបឺតសុន អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបាននិយាយតាមរយៈអុីម៉េលមួយថា “រដ្ឋាភិបាលកំពុងបង្កើតវិបត្តិមួយដើម្បីតាមចាប់អាដហុកជាក្រុមសិទ្ធិមនុស្ស ដែលតែងតែលាតត្រដាងការប្រព្រឹត្តខុសដោយក្រុមមន្ត្រីរដ្ឋាភិបាល”។

លោកបាននិយាយថា “នេះជាការបំភិតបំភ័យសុទ្ធសាធលើសង្គមស៊ីវិល គឺច្បាស់ណាស់ថាលោក ហ៊ុន សែន ចង់ឲ្យអាដហុកកុំឲ្យពាក់ព័ន្ធ ឬធ្វើឲ្យពួកគេរងគ្រោះខ្លាំងរហូតដល់លែងហា៊នតតាំងនឹងគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលជាថ្មីទៀត”។

លោក រ៉ូបឺតសុន បាននិយាយថា លោកជឿថា គណបក្សប្រជាជនកម្ពុជាកំពុងប្រើស្នៀតចាស់ដើម្បីបំបិទមាត់ក្រុមប្រឆាំងមុនមានការបោះឆ្នោតនៅពេលខាងមុខ។

លោកបាននិយាយថា គណបក្សប្រជាជនកម្ពុជាកំពុងបញ្ចេញចង្កូមដាក់សង្គមស៊ីវិល ដោយបង្ហាញថា ខ្លួនអាចវាយប្រហារ និងកម្ទេចអង្គការក្រៅរដ្ឋាភិបាលណាមួយក៏បានឲ្យតែខ្លួនចង់ធ្វើ”។

លោកបាននិយាយថា “វាហាក់ដូចជាមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាកំពុងវិលទៅរកស្នៀតចាស់របស់ខ្លួនវិញ ដោយសាបព្រោះការភ័យខ្លាច និងបំភិតបំភ័យអ្នកដែលបានទាមទារឲ្យបញ្ចប់ការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាល និងចង់បានការទទួលខុសត្រូវ និងយុត្តិធម៌សម្រាប់ជនរងគ្រោះដែលសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន”។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយដែលប្ដឹងដោយគណបក្សប្រជាជនកម្ពុជានៅសប្ដាហ៍នេះពីបទបរិហារកេរ្តិ៍បន្ទាប់ពីរិះគន់រដ្ឋាភិបាលក្នុងបទសម្ភាសមួយ ក៏បាននិយាយដែរថា គាត់ជឿថាគណបក្សកាន់អំណាចបានបែរទៅរកការប្រើកណ្ដាប់ដៃដែក ដើម្បីគាបសង្កត់ក្រុមប្រឆាំង។

លោកបាននិយាយថា “ខ្ញុំគិតថា រឿងនេះគឺច្បាស់ណាស់ ប្រសិនបើលោកក្រឡេកមើលវាហាក់ដូចជាមានការប៉ុនប៉ងយ៉ាងច្រើនដើម្បីដាក់សម្ពាធលើក្រុមប្រឆាំង ហើយខ្ញុំគិតថា គឺសង្ឃឹមថាក្រុមប្រឆាំងនឹងមានជម្លោះផ្ទៃក្នុង”។ លោកបាននិយាយថា “ប្រាកដហើយចំពោះខ្ញុំមើលទៅដូចជារឿងនយោបាយពីអតីតកាលអ៊ីចឹង”។

លោក វីរៈ បាននិយាយថា មូលហេតុនៅពីក្រោយការតាមរកមន្ត្រីសហប្រជាជាតិមិនសូវច្បាស់សោះ ហើយអាចមានផលអាក្រក់ ប្រសិនបើវាទាក់ទាញការចាប់អារម្មណ៍ពីថ្នាក់លើរបស់អង្គការនេះ។

លោកបាននិយាយថា “ក្នុងក្របខ័ណ្ឌមន្ត្រីសហប្រជាជាតិ ចំពោះខ្ញុំគឺគួរឲ្យចាប់អារម្មណ៍ណាស់។ ចម្លែកណាស់ វាពិតជារឿងល្អមួយ ពីព្រោះខ្ញុំគិតថា វានឹងមានការចាប់អារម្មណ៍ពីសហប្រជាជាតិ ពីថ្នាក់ខ្ពស់បំផុត ពីព្រោះខ្ញុំគិតថា សហប្រជាជាតិមិនអាចបណ្ដោយឲ្យមានការយាយីបុគ្គលិករបស់ខ្លួនទេ”។

យោងតាមអនុសញ្ញាឆ្នាំ១៩៤៦ ស្ដីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់សហប្រជាជាតិ មន្ត្រីសហប្រជាជាតិមានអភ័យឯកសិទ្ធិរួចផុតពីដំណើរការផ្លូវច្បាប់ទាក់ទងនឹងពាក្យដែលនិយាយស្ដី ឬសរសេរជាលាយលក្ខណ៍អក្សរ និងទង្វើទាំងអស់ដែលពួកគេធ្វើក្នុងសមត្ថភាពផ្លូវការរបស់ខ្លួន។

លោក ធន សារាយ ប្រធានសមាគមអាដហុកបាននិយាយកាលពីថ្ងៃសុក្រថា លោកស្រងាកចិត្តនឹងការចាប់ខ្លួនបុគ្គលិកមានបទពិសោធន៍បំផុតមួយចំនួនរបស់លោក ហើយលោកបានអះអាងថា ក្រុមសិទ្ធិមនុស្សនេះតែងតែអនុវត្តដោយមិនលម្អៀង។

លោក ធន សារាយ បាននិយាយថា “យោងតាមការយល់ដឹងរបស់ខ្ញុំ ខ្ញុំគិតថា វាមិនត្រឹមត្រូវទេចំពោះសហការីរបស់ខ្ញុំ។ ពួកគេមិនបានធ្វើអីខុសទេ។ ខ្ញុំគិតថា វាជាការគំរាមកំហែងស្មារតីរបស់សកម្មជនសិទ្ធិមនុស្ស។ រយៈពេល២៥ឆ្នាំមកហើយ យើងបានព្យាយាមបង្ហាត់បង្រៀនប្រជាពលរដ្ឋ នគរបាល មន្ត្រីរដ្ឋាភិបាល និងបានផ្ដល់ប្រឹក្សាច្បាប់ដល់មនុស្សជាច្រើននាក់”៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>