កាលពីថ្ងៃអាទិត្យនេះ មានការបង្ហោះវីដេអូមួយលើបណ្ដាញសង្គម បង្ហាញពីប៉ូលិសចរាចរណ៍ផាកពិន័យលើឡានដាក់វាំងននការពារកម្ដៅថ្ងៃ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ប៉ុន្តែលោកវរសេនីយ៍ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ការដាក់វាំងននបាំងជារឿងមិនត្រឹមត្រូវឡើយ ហើយអាចរងការផាកពិន័យ៥ម៉ឺនរៀល តាមអនុក្រឹត្យលេខ៨០.អនក្រ បក។
លោក វរសេនីយ៍ទោ ប៉ែន ឃុន បានប្រាប់ Sabay ថា ការដាក់វាំងនន ស្មើនឹងការបិទកញ្ចក់ខ្មៅ ព្រោះមិនអាចមើលពីក្រៅឃើញ។ លោកថា បទបញ្ញត្តិនេះ មានចែងនៅក្នុងអនុក្រឹត្យលេខ៨០.អនក្រ បក ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន តាំងពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១០។
ត្រង់មាត្រា៧ នៃអនុក្រឹត្យ បានបញ្ជាក់ថា ជនណាប្រើប្រាស់រថយន្តកញ្ចក់ពណ៌ ឬដាក់របាំង វាំងននបាំងកញ្ចក់ដែលមើលពីក្រៅទៅក្នុងមិនឃើញ ធ្វើចរាចរណ៍លើផ្លូវសាធារណៈ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០.០០០រៀល (ប្រាំម៉ឺន) រៀល ហើយត្រូវធ្វើការកែតម្រូវស្របតាមបទបញ្ញត្តិនៃអនុក្រឹត្យនេះ។
ក្នុងករណីមិនបង់ប្រាក់ពិន័យភ្លាម ត្រូវពិន័យបន្ថែមចំនួន ១០.០០០(ម៉ឺន) រៀលក្នុងមួយថ្ងៃលើទឹកប្រាក់ពិន័យមូលដ្ឋាន។ ក្នុងករណីមិនបង់ប្រាក់ពិន័យលើស ៣០(សាបសិប) ថ្ងៃ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។
យ៉ាងណាក្ដី ត្រង់មាត្រា៦ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ របាំង វាំងនន សម្រាប់បាំងការពារកម្ដៅថ្ងៃចាំងចូលរថយន្ត ប៉ុន្តែត្រូវបក ឬបើកចេញវិញនៅពេលដែលគ្មានកម្ដៅថ្ងៃចាំងចូល។ ក្នុងពេលតែមួយ មិនអនុញ្ញាតឲ្យដាក់របាំង វាំងនន បាំងកញ្ចក់ទាំងសងខាង នៃរថយន្តឡើយ៕
ទស្សនាវីដេអូ ដែលបង្ហោះលើបណ្ដាញសង្គម៖
ខ្លឹមសារទាំងស្រុងនៃអនុក្រឹត្យលេខ៨០.អនក្រ បក៖
ប្រភព៖ sabay