Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សេតវិមាន​អាមេរិក ចោទ​ប្រធានាធិបតី​រុស្ស៊ី ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​លួច​ទិន្ន័យ​ព័ត៌មាន​វិទ្យា

$
0
0

ការចូលទៅលួចទិន្ន័យ និងសារអ៊ីមែល របស់លោកស្រីគ្លីនតុន កាលពីកំឡុងពេលឃោសនាបោះឆ្នោត ពេលនេះ បានកំពុងក្លាយជាសង្រ្គាមការទូតរវាងរុស្ស៊ី និងអាមេរិក។ រដ្ឋាភិបាលលោកអូបាម៉ា ដែលមានជីវិត ត្រឹមតែមួយខែទៀតនេះ បានប្រញ៉េបប្រញ៉ាប់ បញ្ចប់របាយការណ៍ស្រាវជ្រាវលំអិត ហើយបានសន្និដ្ឋានជាផ្លូវការថា គឺថ្នាក់ដឹកនាំរុស្ស៊ី ដែលជាអ្នកនៅពីក្រោយទង្វើនេះ ព្រោះរុស្ស៊ីមានគោលបំណង ជួយដូណាល់ត្រាំ ឲ្យឈ្នះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យសេតវិមាន ថែមទាំងហ៊ាននិយាយដល់ថា បេសកកម្មទ្រង់ទ្រាយធំបែបនេះ គ្មាននរណាជឿថាប្រធានាធិបតីរុស្ស៊ី មិនដឹងរឿងនេះ នោះទេ។

ឆ្លងកាត់ការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដែលលោកអូបាម៉ា បានដាក់បញ្ជារ កាលពីប៉ុន្មានសប្តាហ៍មុននេះ ពេលនេះ ក្រុមការងារបានធ្វើការសន្និដ្ឋានជាផ្លូវការ និងជាថ្មីម្តងទៀត ថាជនទុច្ចរិត ដែលជាចោរព័ត៌មានវិទ្យានេះ ពិតជាមានប្រភពនៅរុស្ស៊ីពិតមែន។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា សកម្មភាពចូលទៅលួចទិន្ន័យរបស់មនុស្សសំខាន់ៗ ដោយឆ្លងកាត់ប្រព័ន្ធការពារដ៏រឹងមាំបែបនេះ គឺត្រូវការមនុស្សដែលមានសមត្ថភាពខ្ពស់ និងចំណាយប្រាក់ច្រើន ដូច្នេះគេជឿថា រឿងនេះ ពិតជាបានទទួលការបញ្ជាពីថ្នាក់លើ ដែលជាថ្នាក់ដឹកនាំកំពូល ក្នុងរដ្ឋាភិបាលរបស់រុស្ស៊ី។

យ៉ាងណាមិញ លោក Ben Rhodes អ្នកនាំពាក្យសេតវិមាន បានថែមទាំងហ៊ាននិយាយនៅតាមទូរទស្សន៍ ថា “ខ្ញុំមិនជឿថា បេសកកម្មធំដែលរដ្ឋាភិបាលរុស្ស៊ី ធ្វើដោយសម្ងាត់បែបនេះ មិនឆ្លងកាត់ការផ្តល់ដំណឹង ដោយផ្ទាល់ទៅលោកពូទីន នោះទេ”។ ក្នុងន័យនេះ គឺមានន័យថា លោកតំណាងសេតវិមានអាមេរិករូបនេះ បានចោទប្រកាន់ដោយត្រង់ៗ ថាគឺលោកពូទីន ប្រធានាធិបតីរុស្ស៊ី ដែលជាអ្នកនៅពីក្រោយសកម្មភាពលួចទិន្ន័យនេះ តែម្តង។

សូមរំលឹកថា កាលពីខែឧសភា ក្រុមហ៊ុន Crowdstrike ដែលជាក្រុមហ៊ុនផលិតកម្មវិធីធានាសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យារបស់អាមេរិក បានរាយការណ៍ថា ម៉ាស៊ីនកុំព្យូរទ័ររបស់មន្ត្រីគណបក្សប្រជាធិបតេយ្យ ត្រូវបានក្រុមចោរព័ត៌មានវិទ្យាពីរក្រុម ចូលទៅលុកលុយ។ ក្រុមចោរទាំងពីរនោះ ឈ្មោះថា Fancy Bear និង Cosy Bear ដែលត្រូវបាន CIA តាមដានដឹងថា មានប្រភពនៅរុស្ស៊ី។

តាមការសន្និដ្ឋាន ទិន្ន័យព័ត៌មានវិទ្យាដែលលួចបាន ត្រូវបានយកទៅចែកចាយបន្តដល់ គេហទំព័រ Wikileaks ក្នុងគោលបំណងបំផុសរឿងអាស្រូវ ធ្វើឲ្យគណបក្សប្រជាធិបតេយ្យនិង បេក្ខជនលោកស្រីហ៊ីឡារី គ្លីនតុន បាត់ប្រជាប្រិយភាព។ ជាលទ្ធផល មនុស្សម្នា នឹងបោះឆ្នោតទៅឲ្យលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនដែលលោកពូទីនពេញចិត្ត។

សេតវិមានប្រធានាធិបតីអាមេរិក បានចេញសេចក្តីប្រកាសមួយនៅថ្ងៃសុក្រ ទី១៦ធ្នូ ដោយបានដាក់បន្ទុករដ្ឋាភិបាលរុស្ស៊ីដោយត្រង់ៗ ថាបានចូលជ្រៀតជ្រែក ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងគោលបំណងជួយបេក្ខជន ដែលមានទំនោរទៅរកខ្លួន។ ដោយឡែក បញ្ហានេះក៏កំពុងតែធ្វើឲ្យប្រទេសផ្សេងទៀតនៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ និងបារាំង មានការព្រួយបារម្ភដែរ។ ឆ្នាំ២០១៧ខាងមុខនេះ បារាំងនឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី ហើយគេកំពុងតែខ្លាចក្រែង សកម្មភាពស្រដៀងគ្នានេះ អាចធ្វើឡើង ដើម្បីរំខាន រឺបំផ្លាញការបោះឆ្នោត៕

ប្រភព៖ RFI


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>