Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

សង្គម​ស៊ីវិល​រិះគន់​ការ​តែងតាំង​កូន​លោក ឱម យ៉ិនទៀង ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

$
0
0

អ្នកឃ្លាំមើលអំពីបញ្ហាតម្លាភាពសង្គម រិះគន់អង្គភាពប្រឆាំងអំពើពុករលួយដែលសម្បូរទៅដោយសែស្រឡាយ សាច់ញាតិរបស់មេដឹកនាំស្ថាប័ននេះ ដែលអាចបង្កើតជាទំនាស់ផលប្រយោជន៍។

ក្រុមសង្គមស៊ីវិលក្នុងស្រុកព្រមានថា ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលក្រុងភ្នំពេញ នៅតែបន្តរៀបចំស្ថាប័នមួយដែលពោរពេញទៅដោយសែស្រឡាយ ឬសាច់សាលោហិតនៃថ្នាក់ដឹកនាំ វានឹងធ្វើឲ្យមហាជនលែងទុកចិត្ត ហើយបាត់បង់ជំនឿទៅលើកិច្ចការប្រឆាំងអំពើពុករលួយ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា អានសា (ANSA) លោក សន ជ័យ កាលពីថ្ងៃអង្គារ ទី២៦ ខែមេសា បានរិះគន់ថា កូនប្រុសរបស់លោក ឱម យ៉ិនទៀង ពីរនាក់ដែលកំពុងកាន់កិច្ចការធំក្នុងអង្គភាពប្រឆាំងអំពើពុករលួយ នឹងធ្វើឲ្យដំណើរការនៃស្ថាប័នមួយនេះប្រព្រឹត្តទៅប្រកបដោយភាពច្របូកច្របល់ក្នុងការសម្រេចកិច្ចការផ្សេងៗ ហើយងាយធ្វើឲ្យមហាជនបាត់បង់សេចក្ដីទុកចិត្ត៖ «យើងបារម្ភថា មន្ត្រីដទៃទៀតនឹងមិនអាចមានការសម្រេចចិត្តក្នុងទិដ្ឋភាពប្រជាធិបតេយ្យទេ ពីព្រោះស្ថាប័នដែលរីកចម្រើនលុះត្រាតែស្ថាប័ននោះមានប្រជាធិបតេយ្យ»។

image

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ហៅកាត់ថា អានសា (ANSA) លោក សន ជ័យ

ព្រះមហាក្សត្រ នរោត្ដម សីហមុនី កាលពីថ្ងៃទី២៣ ខែមេសា បានចេញព្រះរាជក្រឹត្យតែងតាំងកូនប្រុសរបស់លោក ឱម យ៉ិនទៀង ពីរនាក់ក្នុងចំណោមមនុស្សចំនួន ១៨នាក់ ដែលត្រូវតែងតាំងជាឧបការី ឬជំនួយការអង្គភាពប្រឆាំងអំពើពុករលួយមានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។

កូនប្រុសរបស់លោក ឱម យ៉ិនទៀង ពីររូបនោះមានឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា ដែលអ្នកទាំងពីរមានឋានៈស្មើនឹងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

លោក សន ជ័យ មានប្រសាសន៍ថា ការអនុញ្ញាតឲ្យមានសាច់ញាតិនៅកន្លែងធ្វើការអាចនាំឲ្យមានបញ្ហាទំនាស់ផលប្រយោជន៍ ហើយទំនាស់ផលប្រយោជន៍អាចនាំឲ្យមានអំពើពុករលួយ៖ «ទិដ្ឋភាពបច្ចុប្បន្នដែលមានកូនប្រុសដល់ទៅពីរនាក់ធ្វើការនៅក្នុងអង្គភាពហ្នឹង អាចជាទំនាស់ផលប្រយោជន៍នៅក្នុងការងារ ហើយទីពីរ អាចនាំឲ្យមន្ត្រីដូចគ្នាក្នុងអង្គភាពហ្នឹង នឹងមិនអាចហ៊ានសម្ដែងមតិប៉ះពាល់ដល់កូនរបស់ឯកឧត្ដម ឱម យ៉ិនទៀង ទេ ពីព្រោះអីនៅស្រុកខ្មែរ យើងមានសុភាសិតមួយថា វ៉ៃកូនឈឺដល់ឪ»

ទាក់ទងនឹងការរិះគន់នេះ លោក ឱម យ៉ិនទៀង អះអាងថា មជ្ឈដ្ឋានទាំងឡាយអាចដាក់ពាក្យបណ្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការរិះគន់អំពីបញ្ហាមិនប្រក្រតីនៃស្ថាប័ននេះ៖«ដាក់ពាក្យប្ដឹងមក យើងខ្ញុំត្រៀមដោះស្រាយជូនលើបញ្ហាហ្នឹង។ កុំចេះតែបំផើមគេចោល»

son-855

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែលបានឡាយព្រះហស្តលេខានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ តែងតាំង និងផ្ដល់ឋានៈឧបការី ឬជំនួយការអង្គភាពប្រឆាំងអំពើពុករលួយចំនួន ១៨នាក់។ Screenshot

ប៉ុន្តែមន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ច្បាប់ប្រឆាំងអំពើពុករលួយចែងថា ជនទាំងឡាយដែលប្ដឹងពីបទពុករលួយ ហើយប្រសិនបើអង្គភាពនេះរកមិនឃើញ នោះនឹងត្រូវមានទោសពីបទបរិហារកេរ្តិ៍។ លោកបន្តថា ចំណុចទាំងនេះហើយដែលជាការរឹតត្បិតដល់អ្នកហ៊ានបញ្ចេញមតិក្នុងករណីអំពើពុករលួយ៖ «ប្ដឹងទៅហើយ ប្រសិនបើជាគេរកទៅអត់ឃើញមានអ្វីដូចបានលើកឡើងពាក់ព័ន្ធនឹងអំពើពុករលួយ អ៊ីចឹងអ្នកប្តឹងត្រូវមានទោស។ អ៊ីចឹងតើយើងអាចជឿទុកចិត្តបានទេនៅក្នុងការប្ដឹង បើសិនជាការរិះគន់ទៅលើប្រធានអង្គភាពណាមួយ ហើយប្ដឹងទៅលើប្រធានអង្គភាពហ្នឹង ហើយប្រធានអង្គភាពហ្នឹងជាអ្នកដំណើរការ តើវាអាចមានតម្លាភាព ហើយអាចជឿទុកចិត្តបានទេ?»

ក្រុមអ្នកឃ្លាំមើលបញ្ហាតម្លាភាពសង្គមរិះគន់ថា បញ្ហាសាច់សាលោហិត សាច់ញាតិ របស់ថ្នាក់ដឹកនាំកំពូលៗដែលកំពុងបម្រើការក្នុងស្ថាប័នរដ្ឋគេឃើញមានតាំងពីថ្នាក់លើដល់ថ្នាក់មូលដ្ឋាន តាំងពីថ្នាក់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ រហូតដល់ថ្នាក់ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ឬថ្នាក់ភូមិឃុំតែម្ដង។

រហូតមកទល់ពេលនេះ បញ្ហាកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលនៅតែជាឧបសគ្គក្នុងការធ្វើឲ្យប្រសើរឡើងនៃស្ថាប័នរដ្ឋពីបញ្ហាពុករលួយ៕

ប្រភពៈ RFA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>