«នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម …» បណ្តាំជាពាក្យកាព្យមួយឃ្លា របស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ អ្នកភិរម្យ អ៊ូ ហៅ ង៉ុយ ហាក់បានឆ្លុះបញ្ចាំងច្រើន ពីតថភាពសង្គមបច្ចុប្បន្ន។ ដោយមិននិយាយទៅលើបញ្ហានយោបាយ កំណាព្យមួយឃ្លានេះ មានអត្ថន័យត្រូវច្រើន បើទោះណាជាកវីក្រមង៉ុយបានសរសេរឡើងតាំងពីទសវត្សឆ្នាំ ១៩២០ ក៏ដោយ។ នោះគឺការសប្បាយនឹងការដែលគេឲ្យខ្ចីលុយមួយពព្រិចភ្នែក តែពិបាកក្នុងចិត្តរាប់សិបឆ្នាំ។
លុយ ឡាន ផ្ទះគ្រប់ម៉ូត គ្រឿងតុបតែង សម្ភារៈប្រើប្រាស់ទំនើបៗ គ្រឿងអលង្ការជាដើម មនុស្សមួយចំនួន គឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនពិតៗ ដែលជាកេរិ៍្តមរតកបន្សល់ទុកពី ឳពុក ម្តាយ ជីដូន ជីតា របស់គេ។ ខ្លះជាទ្រព្យរកបានដោយការប្រឹងប្រែងខ្លួនឯង និងមួយចំនួនធំទៀត គឺជាទ្រព្យ ដែលបានមកដោយការខ្ចីបុលមីក្រូហិរញ្ញវត្ថុ ឬធនាគារដោយបង់រំលោះ ឬគេហៅតាមភាសាម្យ៉ាងទៀតថា «ស៊ីមុន សងក្រោយ»។
ប្រភេទ អ្នកមានជីវភាពបែបទាន់សម័យចុងក្រោយនេះ ធ្វើឲ្យសង្គមមួយ ពោរពេញទៅដោយ ភាពឆើតឆាយ និងស៊ីវិល័យ ប្រៀបបាននគរមួយ ដែលធ្វើឲ្យមានការប្លែកភ្នែក សប្បាយភ្នែកមែនទែន។ ក៏ប៉ុន្តែ នៅក្នុងចំណោមពលរដ្ឋ ដែលចូលរួមជួយឲ្យសង្គមប្លែកភ្នែកទាំងនេះ មានការបែងចែកជា ៣ប្រភេទ។ ប្រភេទទី១ កំចីដែលទទួលបានពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ ត្រូវបានយកមកដើម្បីច្នៃឲ្យចេញជាប្រយោជន៍ ដូចជាទិញគេហដ្ឋាន ឬទិញរថយន្ត ដោយបង់រំលោះ បម្រើអាជីវកម្ម វាជារឿងមួយដែលមិនមានចំណុចអវិជ្ជមានអ្វីទេ។
ប្រភេទទី២ ជាផ្នែកមួយនៃភាពឡូយឆាយ និងជួយដល់សង្គមខ្មែរឲ្យមានព័ណ៌ស្រស់បំព្រងដែរគឺ កម្ចីបង់រំលោះដូចគ្នា តែពលរដ្ឋប្រភេទនេះ មិនបានរៀបចំផែនការជាក់លាក់ ក្នុងការគ្រប់គ្រងនិងយកប្រាក់កំចីទៅកែច្នៃ ឲ្យចេញជាប្រយោជន៍នោះទេ។ ការខ្ចីលុយខ្លះ គឺជាកំចីយកទៅលេងល្បែងស៊ីសងក៏មានដែរ។ រីឯកំចីមួយប្រភេទទៀត ជាកំចីបែបដោះស្រាយបន្ទាន់ ដូចជាតម្រូវការថវិកាយកទៅព្យាបាលជំងឺជាដើម។
ដោយការប្រជែងគ្នា នៅលើវិស័យមីក្រូហិរញ្ញវត្ថុបច្ចុប្បន្នមានកាន់តែខ្លាំង ការបង្កលក្ខខណ្ឌ ងាយៗដល់អតិថិជនមានកាន់តែច្រើន ដូច្នេះការផ្តល់ប្រាក់កំចី ហាក់មានភាពធូររលុង ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរ មានការចាប់អារម្មណ៍ និងទទួលយកសេវាបែបបង់រំលោះនេះច្រើន។
ជាការពិត ការដែលទទួលបានប្រាក់កំចីពីមីក្រូហិរញ្ញវត្ថុទាំងស្របច្បាប់ និងលួចលាក់ គឺជាការជួយសម្រួលដល់បន្ទុករបស់ប្រជាជនមួយផ្នែក ក្នុងការទទួលបានអចលនៈទ្រព្យ ឬចលនទ្រព្យ ដែលជាការចាំបាច់នៅក្នុងជីវភាពរស់នៅ។ ក៏ប៉ុន្តែ នៅក្នុងអារម្មណ៍ ភាពស្រស់ស្រាយ ក្នុងជីវភាពប្រចាំថ្ងៃ មានតិចតួចណាស់ ពោលគឺ«ក្នុងចិត្តនៅរងកម្ម» ជានិច្ចដូចជាកំណាព្យ ប្រៀនប្រដៅរបស់លោកតាក្រម ង៉ុយ ដូច្នោះដែរ។
ក្រៀមក្រំ ដោយសារទី១ ការធានាឲ្យបានចប់ចុងចប់ដើមនូវការសងបំណុល ដែលមានរយៈពេលវែង។ ការបារម្ភពីការរក្សាលំនឹងអាជីវកម្ម ឬការងារ ឲ្យមាននិរន្តរភាព ដោយត្រូវគិតជាប់ជានិច្ចពីមួយខែទៅមួយខែ ជុំវិញមធ្យោបាយដោះបំណុល។ នេះសម្រាប់ក្រុមអតិថិជន ដែលមានផែនការគ្រប់គ្រងប្រាក់កំចីច្បាស់លាស់។ ចំពោះអ្នកដែលមិនមានផែនការគ្រប់គ្រងប្រាក់កំចីច្បាស់លាស់ដូចគ្នាដែរ ក៏ប៉ុន្តែត្រូវមានការប្រឈមទ្វេរដង។ ទី១ ប្រឈមនឹងការបាត់បង់វត្ថុបញ្ចាំ។ មួយទៀត ប្រឈមនឹងការធ្វើអត្តឃាត រត់ចោលស្រុក ឬ ធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រ ដែលជាការបន្ថែមបន្ទុកទៅក្នុងសន្តិសុខសង្គម។
តាមតួលេខរបស់ធនាគារជាតិកម្ពុជាកាលពីឆ្នាំទៅ ប្រាក់កម្ចីរួមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥០ និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុដទៃទៀត មានប្រមាណជា ៣ពាន់លានដុល្លារ ដែលគ្របដណ្តប់អ្នកខ្ចីប្រាក់នៅទូទាំងប្រទេសជាច្រើនម៉ឺននាក់។
ដូច្នេះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងពាក្យថា «នគរថ្កើនប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម…» គប្បី ពលរដ្ឋខ្មែរចាប់ផ្តើមកសាងផែនការអភិវឌ្ឍគ្រួសារដោយខ្លួនឯង។ រដ្ឋតាមរយៈអាជ្ញាធរមានសមត្ថកិច្ចរបស់ខ្លួន គួរមានយន្តការលើកទឹកចិត្ត ជួយណែនាំឲ្យមានផែនការអាជីវកម្មច្បាស់លាស់ មុននឹងអនុញ្ញាតណាមួយសម្រួលឲ្យប្រជាពលរដ្ឋខ្ចីប្រាក់ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ។ មានន័យថារដ្ឋគួរលូកដៃ និងដឹងឮក្នុងរឿងនេះ។ ជាមួយគ្នានេះ រដ្ឋក៏គួរតែពង្រឹងតួនាទីបន្ថែមទៀតឲ្យមានគណនេយ្យភាពសាធារណៈចំពោះស្ថាប័នផ្តល់ប្រាក់កំចី។ល៕
ប្រភព៖ RFI