Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ព្រះសង្ឃ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​រឿង​លោក ខឹម វាសនា ប្រមាថ​ព្រះពុទ្ធ​សាសនា

$
0
0

មន្ត្រីសង្ឃទូទាំងប្រទេស ស្នើឲ្យរដ្ឋាភិបាលចេញមុខអន្តរាគមន៍ទប់ស្កាត់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលកំពុងធ្វើចលនាបំផ្លាញសាសនារបស់រដ្ឋ។ ចំណែកលោក ខឹម វាសនា បដិសេធថា លោកមិនបានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនានោះទេ។

ការស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលជុំវិញករណីប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលបាននិយាយឆ្គាំឆ្គងលើព្រះពុទ្ធសាសនានេះ ធ្វើឡើងនៅបន្ទាប់ពីបិទបញ្ចប់អនុសំវច្ឆរៈមហាសន្និបាតលើកទី២៤ ឬហៅថា កិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំនៅថ្ងៃទី៣០ ខែធ្នូ នាសាលមហោស្រពចតុមុខ។

សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តស្រះចក ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មានថេរដីកាថា មន្ត្រីសង្ឃទូទាំងប្រទេសបានស្នើសុំអន្តរាគមន៍ទៅរដ្ឋាភិបាលរួចហើយ ដើម្បីទប់ស្កាត់ការហែកហួរព្រះពុទ្ធសាសនាពីសំណាក់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានលោក ខឹម វាសនា ជាប្រធាន។ ប៉ុន្តែចំណាត់ការផ្លូវច្បាប់លើលោក ខឹម វាសនា យ៉ាងណានោះ គឺស្រេចតែលើរដ្ឋាភិបាល ដែលមានកាតព្វកិច្ចការពារព្រះពុទ្ធសាសនា៖ «អង្គការសាសនាមានតែស្នើឲ្យរដ្ឋាភិបាលឲ្យលោកជួយដើម្បីការពារព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាឃ្លាំងជាគ្រឹះនៃវប្បធម៌ជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ហើយខ្មែរបានយកវិថីព្រះពុទ្ធសាសនាសម្រាប់ដំណើរស្វែងរកសុភមង្គល»

54da90f7-61f8-4d45-a92c-f2211650659f

ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា (រូបកាន់មេក្រូ) មានថេរដីកាក្នុងអនុសំវច្ឆរៈមហាសន្និបាតលើកទី២៤ ឬហៅថា កិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នាសាលមហោស្រពចតុមុខ។

កិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសដែលធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ មកនោះ គឺផ្ដោតសំខាន់លើករណីលោក ខឹម វាសនា។ មន្ត្រីសង្ឃជាច្រើនអង្គបានលើកឡើងថា ការឃោសនា និងចលនានយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺចង់ផ្ដួលរំលំព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ការចោទប្រកាន់ដូច្នេះ នៅបន្ទាប់ពីលោក ខឹម វាសនា តែងតែប្រើពាក្យអសុរោះ ជេរប្រមាថព្រះសង្ឃ និងធ្វើចលនាបញ្ចូលមនោគមវិជ្ជាដល់យុវជនឲ្យស្អប់ព្រះពុទ្ធសាសនាជាដើម។

វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា សុំការឆ្លើយតបបន្ថែមបានទេ នៅថ្ងៃទី៣០ ខែធ្នូ ប៉ុន្តែកាលពីថ្ងៃទី២៩ ខែធ្នូ លោកបដិសេធថា មិនបានធ្វើអ្វីឲ្យប៉ះពាល់ដល់ស្ថាប័នព្រះពុទ្ធសាសនា និងព្រះសង្ឃឡើយ។ លោក ខឹម វាសនា បញ្ជាក់ថា កន្លងមកលោកនិយាយប៉ះពាល់តែមនុស្សខូចដែលជ្រកក្រោមស្លាកព្រះពុទ្ធសាសនានោះទេ។

ផ្ទុយពីការលើកឡើងនេះ ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មានថេរដីកាថា ការលើកឡើងនេះ គ្រាន់តែជាការឆ្លើយដោះសាប៉ុណ្ណោះ៖ «ព្រះសង្ឃទូទាំងប្រទេសគាត់ចាត់ទុកជាអាចោរថង់យាម ប៉ុន្តែគាត់ថា គាត់ជេរបុគ្គលគួរជេរនោះ គ្រាន់តែជាលេស។ គាត់ជេររហូត វាយរហូតអ៊ីចឹងថា បុគ្គលខូចម្នាក់ពីរនាក់ដែលខុសនោះ តើសំខាន់ណាស់ទៅអី? វាមិនសំខាន់ជាងព្រះសង្ឃដែលធ្វើល្អរាប់ម៉ឺនអង្គផ្សេងទៀតឡើយ»

ទាក់ទិនបញ្ហានេះ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថា មិនទទួលបានលិខិតស្នើសុំអន្តរាគមន៍ឡើយទេ។

ដោយឡែកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ មានថេរដីកាថា ប្រសិនបើលោក ខឹម វាសនា មិនប្ដូររបៀបធ្វើនយោបាយលើទឹកដីអ្នកកាន់ព្រះពុទ្ធសាសនាទេនោះ ព្រះតេជព្រះគុណនឹងធ្វើញត្តិថ្កោលទោស និងធ្វើធម្មយាត្រាទៅកាន់ទីស្នាក់ការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដើម្បីបន្តសុំបិណ្ឌបាតឲ្យលោកឈប់ជាន់ឈ្លីព្រះពុទ្ធសាសនាដើម្បីប្រជាប្រិយភាពនយោបាយ៖ «អាត្មាចង់ឲ្យគណបក្សនយោបាយច្រើន ដើម្បីជួយជាតិ ប៉ុន្តែបើបង្កើតគណបក្សនយោបាយបង្កបញ្ហាដល់ជាតិ អាត្មាតវ៉ាមិនរាថយឡើយ»

នៅក្នុងកិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំនោះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំដល់ព្រះមេគណ និងព្រះអនុគណ ព្រមទាំងព្រះគ្រូចៅអធិការវត្តទាំងអស់ ត្រូវអូសទាញភិក្ខុ សាមណេរទាំងឡាយដែលសេពគប់ជាមួយលោក ខឹម វាសន មកអប់រំឡើងវិញ។ បើភិក្ខុសាមណេរទាំងនោះមិនព្រមស្ដាប់ មិនត្រូវអនុញ្ញាតឲ្យស្ថិតនៅជាភេទជាអ្នកបួសទៀតឡើយ។ លើសពីនេះ មន្ត្រីសង្ឃគ្រប់ឋានានុក្រមត្រូវផ្សព្វផ្សាយអប់រំឲ្យប្រជាពុទ្ធបរិស័ទ យល់ដឹងពីសកម្មភាព និងចលនាបំផ្លាញព្រះពុទ្ធសាសនាពីក្រុមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕

ប្រភពៈ RFA


Viewing all articles
Browse latest Browse all 7971

Trending Articles