ភ្នំពេញៈ បើទោះជាមានការតវ៉ាដោយហិង្សា និងពាក្យបណ្តឹងប្រឆាំងនឹងរូបលោកក្ដីប៉ុន្តែលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីបានប្រកាសកាលពីម្សិលមិញថាដំណើរទស្សនកិច្ចរយៈពេលបីសប្តាហ៍ទៅអាមេរិកខាងជើងរបស់លោកគឺជាដំណើរទស្សនកិច្ច «ជោគជ័យ»។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោក ហ៊ុន ម៉ាណែត បានថ្លែងថាគណៈប្រតិភូរបស់លោកបានជួបជាមួយអាណិកជនខ្មែរ និងបានផ្សព្វផ្សាយលើកកម្ពស់ពីវប្បធម៌កម្ពុជា ពាណិជ្ជកម្ម និងទេសចរណ៍ដោយបានទទួលនូវជោគជ័យទៅតាមការងារដែលកំណត់។ លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «វាបានប្រព្រឹត្តទៅដោយរលូនហើយយើងបានទទួលការស្វាគមន៍យ៉ាងខ្លាំង និងកក់ក្តៅពីសំណាក់ប្រជាជនខ្មែរដែលរស់នៅទាំងក្នុងសហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា»។ ទោះបីយ៉ាងណាក្តីប្រធានបទដែលចៀសមិនរួចបានផ្លាស់ប្តូរទៅជាភាពចម្រូងចម្រាសសម្រាប់ដំណើរទស្សនកិច្ចនេះដោយខណៈពេលនោះបានកើតនូវព្រឹត្តិការណ៍មួយចំនួនរួមមានដូចជាការតវ៉ាប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត និងការវាយប្រហារពីសំណាក់អង្គរក្សរបស់លោក ម៉ាណែត ទៅលើអ្នកដែលប៉ុនប៉ងយកដីកាកោះទៅឲ្យលោក ហ៊ុន ម៉ាណែត តាងនាមឲ្យមន្រ្តីគណបក្សប្រឆាំងដែលកំពុងជាប់នៅក្នុងពន្ធនាគារគឺលោក មាជ សុវណ្ណារ៉ា។ លោក មាជ សុវណ្ណារ៉ា ជាពលរដ្ឋខ្មែរ-អាមេរិកដែលជាប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងមួយទាក់ទងនឹងការដាក់ពន្ធនាគារលើលោកខុសច្បាប់នៅតុលាការអាមេរិកប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលប្រទេសកម្ពុជា។ លោក ម៉ាណែត បានថ្លែងជាដដែលអំពីការអះអាងកាលពីពេលមុនថាលោក Paul Hayers ដែលអ្នកយកដីកាកោះនោះបានដួលនៅពេលមានអ្នកតវ៉ាច្រើន។ លោកបានហៅសំណុំរឿងរបស់លោក មាជ សុវណ្ណារ៉ា ថាគ្មានមូលដ្ឋាន និងជាហេតុផលនយោបាយ។ លោកក៏បានរិះគន់ផងដែរទៅលើអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកចំពោះការបំពានទៅលើអ្នកគាំទ្ររបស់លោក។ «អ្វីដែលជាភ័ស្តុតាងច្បាស់លាស់ និងត្រឹមត្រូវគឺថាជនដែលរៀបចំការតវ៉ាគឺជាអ្នកគាំទ្រ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស»៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧