សៀមរាបៈ មន្ត្រីជាន់ខ្ពស់អាជ្ញាធរអប្សរា ២ រូប និងកម្មករបណ្តែត ៣ រូបទៀតត្រូវបានចោទប្រកាន់ពីបទ «ផ្តើមគំនិតប្រមូលអនុផលព្រៃឈើប្រភេទឈើចំណាត់ថ្នាក់ដែលមិនទាន់អនុញ្ញាត» និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកាលពីល្ងាចម្សិលមិញពាក់ព័ន្ធនឹងការកាប់ដើមគ្រញូងដែលជាទីសក្ការៈរបស់អ្នកភូមិនៅឧទ្យានអង្គរកាលពីចុងសប្តាហ៍មុន។
លោក រៀម ចន្ទម្នី មន្ត្រីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថាមនុស្សទាំង ៥ នាក់នោះត្រូវបានព្រះរាជអាជ្ញារង លោក ជួន សុបញ្ញា ចោទប្រកាន់ពីបទកាប់បំផ្លាញព្រៃឈើតាមមាត្រា ៩៨ នៃច្បាប់គ្រប់គ្រងព្រៃឈើហើយ ២ នាក់ក្នុងចំណោមពួកគេត្រូវបានចោទបន្ថែមពីបទផ្តើមគំនិតតាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ។ តាមមាត្រា ៩៨ នៃច្បាប់ព្រៃឈើជនដែលកាប់បំផ្លាញព្រៃឈើត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានទៅ ១០០ លានរៀល។ ចំណែកអ្នកផ្តើមគំនិតតាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌចែងថាអ្នកប្រព្រឹត្ត និងអ្នកផ្តើមគំនិតត្រូវទទួលទោសដូចគ្នា។ កាលពីព្រឹកថ្ងៃពុធមន្ត្រីជាន់ខ្ពស់ ២ រូបនៃអាជ្ញាធរអប្សរាគឺលោក ឈរ ថាណាត មានឋានៈជាអគ្គនាយករងនៃអាជ្ញាធរអប្សរាទទួលបន្ទុកផ្នែកព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរអប្សរាត្រូវបានចាប់ខ្លួន។
លោក ទៀ គឹមសុទ្ធ ប្រធានខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងថាក្រោយពេលសមត្ថកិច្ចសាកសួរលើឈ្មោះ ចេវ ផល រួចមកសមត្ថកិច្ចបានទៅចាប់មនុស្ស ៣ នាក់ទៀតដែលជាកម្មករបណ្តែតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃពុធ។ បើតាមលោក ទៀ គឹមសុទ្ធ មនុស្សទាំង ៣ នាក់ដែលត្រូវបានចាប់ខ្លួនពេលរសៀលមានឈ្មោះ ខាន់ ង៉ិក អាយុ ៤០ ឆ្នាំ និង ឈ្មោះ ទូច នេត្រា អាយុ ៤០ ឆ្នាំ ទាំង ២ នាក់ជាកម្មករបណ្តែតមានលំនៅក្នុងភូមិនគរក្រៅដែលជាភូមិកើតហេតុ។ ចំណែកជនទី ៣ មានឈ្មោះ ឡៃ ជាតិ អាយុ ៣២ ឆ្នាំមានតួនាទីជាអ្នកបើកបរ។
ការចាប់ខ្លួនជាបន្តបន្ទាប់នេះបានធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យអភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង ចាប់ខ្លួនភ្លាមៗអ្នកដែលពាក់ព័ន្ធក្នុងការកាប់ផ្តួលដើមគ្រញូងដែលជាទីសក្ការៈរបស់អ្នកភូមិ។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឲ្យដឹងថាជនទាំង ៥ នាក់ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបសាកសួរ។ នៅវេលាម៉ោង ៦ កន្លះល្ងាចម្សិលមិញលោក ភឹង ចន្តារ៉េត ស្នងការរងខេត្តទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថាមនុស្សទាំង ៥នាក់ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត។
លោក នូ ពុទ្ធិ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តសៀមរាបថ្លែងថាតាមពិតទៅគួរតែមន្ត្រីធំ ២ នាក់ទេដែលជាអ្នកទទួលខុសត្រូវ។ លោកបញ្ជាក់ថា៖ «តាមខ្ញុំដឹងពីមុនពលរដ្ឋគាត់ខឹងសម្បាតែក្រោយពេលចាប់កម្មករតូចតាចពលរដ្ឋហាក់ដូចជាខកចិត្តពីព្រោះដោយសារតែកម្មករបណ្តែតទាំងនោះធ្វើតែតាមបញ្ជាគេ»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍