ភរិយាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រតិកម្មថា ការបដិសេធរបស់សាលាដំបូងរាជធានីភ្នំពេញ មិនឲ្យស្វាមីខ្លួននៅក្រៅឃុំបណ្ដោះអាសន្ន គឺជារឿងអយុត្តិធម៌។ លោកស្រី ណារ៉ា សុភ័ក្ត្រា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីរដ្ឋអារីហ្សូណា (Arizona) ថា លោកស្រីកំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី៖ «ខ្ញុំបានទទួលដំណឹងនេះ ខ្ញុំខកចិត្ត និងសោកស្ដាយជាខ្លាំង ពីព្រោះគាត់នៅកំពុងចោទប្រកាន់ ហើយគាត់មានអភ័យឯកសិទ្ធិ។ នាងខ្ញុំពិតជាមានគម្រោងទៅស្រុកខ្មែរ ដើម្បីជួបសួរសុខទុក្ខគាត់នៅពេលឆាប់ៗនេះ។ កិច្ចការដែលខ្ញុំត្រូវធ្វើនេះ នាងខ្ញុំត្រៀមសរសេរញត្តិមួយទៅព្រះមហាក្សត្រ ដើម្បីឲ្យជួយដោះស្រាយនិងសម្រួល។ ការងារនេះគឺទាក់ទងនឹងព្រំដែន ដែលជាកិច្ចការព្រះបរមរតនកោដ្ឋ ដែលគាត់បន្តធ្វើពីព្រះអង្គ…»។ លោកស្រី ណារ៉ា សុភ័ក្ត្រា បន្តថា អ្នកស្រីក៏កំពុងរង់ចាំចម្លើយពីសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋអារីហ្សូណា និងជាអតីតបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក ហ្យន ម៉ាក់ខេន (John McCain) ដើម្បីជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែង៖ «កិច្ចការទី២ ដែលនាងខ្ញុំកំពុងបន្ត គឺនាងខ្ញុំបានរៀបចំសំណុំរឿងផ្ញើទៅលោក ហ្យន ម៉ាក់ខេន។ យើងកំពុងរង់ចាំដែរ។ យើងបានផ្ញើទៅហើយ ហើយជំនួយការគាត់ប្រាប់យើងឲ្យរង់ចាំការឆ្លើយតបពីគាត់…»។ មេធាវីការពារក្ដីរបស់លោក អ៊ុំ សំអាន គឺលោក ជូង ជូងី មានប្រសាសន៍ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បដិសេធកូនក្តីលោកមិនឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន គឺមិនសមស្របឡើយ។ លោក ជូង ជូងី យល់ឃើញថា សំណុំរឿងលោក អ៊ុំ សំអាន ពុំមានអង្គហេតុនៃបទល្មើសដែលស៊ីចង្វាក់ទៅនឹងបទចោទរបស់ព្រះរាជអាជ្ញានោះឡើយ។ ការឆ្លើយតបរបស់តុលាការនៅថ្ងៃសុក្រ ទី២២ ខែមេសា នេះ ក្រោយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន គឺត្រឹមត្រូវតាមច្បាប់៕ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ៊ុំ សំអាន និងភរិយា ប្រភពៈ RFA
↧