Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋាភិបាល​អនុម័ត​គម្រោង​ទេសចរណ៍ ​$២៣ ​ពាន់​លាន

$
0
0

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើគម្រោងអភិវឌ្ឍន៍តបន់ទេសចរណ៍ថ្មីនៅខេត្តកំពតតម្លៃជាង២៣ពាន់លានដុល្លាររបស់ក្រុមហ៊ុន Pallas Brilliant។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃម្សិលមិញ។

សេចក្តីជូនដំណឹងទីស្តីការគណៈរដ្ឋមន្ត្រី ចុះកាលបរិច្ឆេទកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៦ និងដែលចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីការសម្រេចនេះ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា យោងតាមលិខិតចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចំណារចុះថ្ងៃទី១១ តុលា ឆ្នាំ ២០១៦ របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលបានឯកភាពចំពោះគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កំពតថ្មី និងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងស្រុកទឹកឈូ ខេត្តកំពត និងក្រុងកែប ខេត្តកែបរបស់ក្រុមហ៊ុន Pallas Brilliant ដោយបានគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍កំពតថ្មី និងគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍របស់ក្រុមហ៊ុន Pallas Brilliant។

លោកហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអះអាងពីការយល់ព្រមរបស់រដ្ឋាភិបាលលើគម្រោងនេះរបស់រដ្ឋាភិបាល។ លោកលើកឡើងថា៖ «បាទ ខ្ញុំបានចុះហត្ថលេខាលើសេចក្ដីជូនដំណឹងនេះ ប៉ុន្តែខ្ញុំមិនអាចពន្យល់លម្អិតបានទេ»។

យោងតាមសេចក្តីជូនដំណឹងគម្រោងនេះស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត និងក្រុងកែប ខេត្តកែប ដែលក្រុមហ៊ុនត្រូវរៀបចំច្រកចេញចូល តំបន់អភិវឌ្ឍន៍នៅកំពត និងកែប ដើម្បីឲ្យខេត្តទាំងពីរទទួលបានសក្តានុពលដូចគ្នាពីគម្រោងអភិវឌ្ឍន៍។ កាត់ចេញនូវផ្ទៃដីដែលប៉ះពាល់ដល់កម្មសិទ្ធិប្រជាពលរដ្ឋ សហគមន៍នេសាទព្រៃកោងកាង ផ្លូវនាវា និងជីវៈចម្រុះសមុទ្រដែលមានសក្តានុពលដើម្បី ធានាសុខដុមនីយកម្មនៃគម្រោង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Pallas Brilliant កាលពីម្សិលមិញបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគ២៣,២ពាន់លានដុល្លារលើគម្រោង ហ្វ្រេនរីវៀរ៉ា ម៉ារីនណា លើទំហំដី ជាង៤ពាន់ហិកតានៅខេត្តកំពត និងគម្រោងអភិវឌ្ឍន៍កំពង់ផែសម្រាប់លម្ហែកាយលើទំហំដី១៤៤ហិកតា ក្នុងខេត្តកែប។

អ្នកស្រី Siriluck Choochart ប្រធានក្រុមហ៊ុន Pallas បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមហ៊ុននេះនឹងបង្កើតការងារផ្ទាល់ជាង៥ម៉ឺនកន្លែង និងការងារប្រយោលរាប់ម៉ឺនកន្លែង។ អ្នកស្រីបន្តថា៖ «គម្រោងនីមួយៗត្រូវបានបង្កើតឡើងដើម្បីឲ្យស៊ីគ្នាទាំងស្រុងជាមួយនឹងបរិស្ថាន ដោយប្រើប្រាស់មធ្យោបាយសាសង់ទំនើប ហើយវានឹងក្លាយជាគម្រោងប្រណីតផ្តាច់មុខ»។ អ្នកស្រីរំពឹងថា គម្រោងនេះនឹងបើកការដ្ឋានសាងសង់នៅត្រីមាសទី៣ ឆ្នាំនេះ។

មន្ត្រីខុទ្ទកាល័យខេត្តកំពតដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកបានដឹងអំពីគម្រោងនេះ ដែលជាគម្រោងវិនិយោគរួមរបស់វិនិយោគិនមកពីប្រទេសថៃ និងលោកស្រី ឃឹម រ៉ានី ដែលគេស្គាល់ថា ជាភរិយាលោក កៅ គឹមហួន។ ទោះបីយ៉ាងនេះលោកអះអាងថា ការចាប់ផ្តើមណាមួយនោះនៅមិនទាន់អាចទៅរួចនៅឡើយទេ ខណៈក្រុមហ៊ុននៅមិនទាន់ធ្វើការសិក្សាផលប៉ះពាល់បរិស្ថាន (EIA) នៅឡើយនោះ។ លោកថ្លែងថា៖ «វាគ្រាន់តែការផ្សព្វផ្សាយដើម្បីស្វែងរកដៃគូវិនិយោគលើគម្រោងនេះតែប៉ុណ្ណោះ ពួកគេត្រូវតែសិក្សា EIA និងដាក់ឲ្យយើងជាមុនសិន ពួកគេត្រូវការនីតិវិធីជាច្រើនសម្រាប់ការដាក់សំណើរ»។ លោកបន្តថា៖ «មានគម្រោងជាច្រើនដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល ប៉ុន្តែវាមិនដំណើរការទេ»។

មន្ត្រីមកពីក្រុមប្រឹក្សាវិនិយោគកម្ពុជានៃក្រុមប្រឹក្សាសម្រាប់ (CDC ) សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា CDC បានទទួលសេចក្ដីជូនដំណឹងពីការយល់ព្រមរបស់រដ្ឋាភិបាលហើយ។ លោកបន្តថា ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនត្រូវតែអនុវត្ត និងធ្វើតាមនីតិវិធីរបស់ CDC ជាមុនសិន ដើម្បីចាប់ផ្ដើមគម្រោងនេះ។

យោងតាមកំណត់ត្រារបស់ក្រសួងពាណិជ្ជកម្ម Pallas ត្រូវបានបង្កើតឡើងនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០១៥ ដោយមានប្រពន្ធលោក កៅ គឹមហួន គឺលោកស្រី ឃឹម រ៉ានី ជាប្រធាន។

មិនអាចទាក់ទងលោក កៅ គឹមហ៊ួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានទេកាលពីថ្ងៃម្សិលមិញ។

លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរបានឲ្យដឹងថា ដំបូងឡើយគម្រោងនេះពិតជារបស់លោកស្រី ឃឹម រ៉ានី មែន ប៉ុន្តែបច្ចុប្បន្នលោកស្រីបានផ្ទេរសិទិ្ធទៅឲ្យអ្នកផ្សេងហើយកាលពីដើមខែនេះ។

លោកថ្លែងថា៖ «លោកស្រីលែងមានទំនាក់ទំនងជាមួយគម្រោងនេះទៀតហើយ ប៉ុន្តែខ្ញុំមិនបានដឹងអ្វីជាមូលហេតុនៅពីក្រោយនោះទេ»។ លោកបន្តថា លោកស្រី ឃឹម រ៉ានី បានផ្ទេរទៅឲ្យបុគ្គលម្នាក់ផ្សេងទៀតឈ្មោះ មាង ចាន់ធី ដោយលោកមិនបានបញ្ជាក់ថា បុគ្គល មាង ចាន់ធី ជានរណានោះទេ។

លោកថ្លែងថា៖ «ផ្អែកតាមគម្រោងនេះ ប្រសិនបើពួកគេបានដាក់ឯកសារទាំងអស់បានត្រឹមត្រូវ គម្រោងនេះនឹងអាចចាប់ផ្ដើមដំណើរការនៅឆ្នាំក្រោយបាន។ ប៉ុន្តែវាពិបាកក្នុងការជឿជាក់ថាតើវាអាចត្រូវបានបញ្ចប់នៅក្នុងរយៈពេល៥ឆ្នាំក្រោយដូចបានគ្រោងទុករបស់ខ្លួនដែរ ឬយ៉ាងណានោះ»។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានឲ្យដឹងថាលោកបានឃើញផែនការមេរបស់គម្រោងនេះហើយ។ លោកថ្លែងថា៖ «ខ្ញុំបានឃើញផែនការមេរបស់គម្រោងនេះហើយ ហើយវាអាចមានតម្លៃប្រហែល២៣ពាន់លានដុល្លារនៃការវិនិយោគ»។ លោកបន្តថា៖ «ប្រសិនបើគម្រោងនេះបញ្ចប់នីតិវិធីទាំងអស់ វានឹងអាចចាប់ផ្ដើម[ដំណើរសាងសង់] ក្នុងឆ្នាំ២០១៧»។

លោកបានបន្ថែមថា ជំហានដំបូងរបស់ផែនការមេនេះនឹងត្រូវការរយៈពេល៥ឆ្នាំ។ លោកបញ្ជាក់ថា៖ «ប៉ុន្តែយើងចាំបាច់ត្រូវជួបពួកគេម្ដងទៀតដើម្បីមើលឲ្យដឹងថា តើ EIA របស់គម្រោងនេះដូចម្ដេចហើយ?» ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>