ជាងធ្វើសក់ម្នាក់ដែលស្ថិតនៅចំកណ្ដាលនៃរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បានសារភាពកាលពីម្សិលមិញថា សំឡេងហៅលោក កឹម សុខា ថា “ម្ចាស់ស្នេហ៍” នៅក្នុងខ្សែអាត់ដែលបែកធ្លាយតាមអុីនធឺណិតក្នុងរយៈពេលជាង២ខែមកនេះ ពិតជាសំឡេងរបស់នាងមែន នេះបើយោងតាមការឲ្យដឹងពីព្រះរាជអាជ្ញាដែលបានសាកសួរនាងអស់រយៈពេល៤ម៉ោង។ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍សំដៅដល់កញ្ញា ខុម ចាន់តារាទី អាយុ២៥ឆ្នាំដែលមានឈ្មោះហៅក្រៅ “ស្រីមុំ” ថា “បាទ នាងបានសារភាពថា សំឡេងនៅក្នុងខ្សែអាត់ទាំងនោះពិតជាសំឡេងរបស់នាង និងលោក កឹម សុខា មែន”។ លោកបានបដិសេធមិនបញ្ជាក់ថា តើលោក កឹម សុខា ដែលតែងតែបដិសេធមិនឆ្លើយតបនឹងខ្សែអាត់សំឡេងទាំងនេះចាប់តាំងពីវាបែកធ្លាយមកនោះ នឹងត្រូវបានកោះហៅមកសាកសួរ ឬយ៉ាងណាទេ។ លោកថ្លែងថា ”សំណុំរឿងនេះស្ថិតក្រោមនីតិវិធីច្បាប់ ដូច្នេះយើងនឹងគោរពតាមនីតិវិធីច្បាប់។ ខ្ញុំមិនអាចផ្ដល់ព័ត៌មានស្ដីពីរឿងនេះបានទេ ពីព្រោះវាកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ”។ ទោះជាយ៉ាងណា កញ្ញា ខុម ចាន់តារាទី បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានឡើយ ខណៈនាងចាកចេញពីសាលសវនាការ។ នាងនិយាយថា “ខ្ញុំមិនអាចធ្វើការអត្ថាធិប្បាយអ្វីបានទេ ព្រោះពេលនេះខ្ញុំមានអារម្មណ៍ពិបាកនិយាយចេញណាស់”។ កញ្ញា ខុម ចាន់តារាទី បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនយោបាយដែលរីកកាន់តែធំពេលវាចាប់ផ្តើមភ្លាម ពេលខ្សែអាត់សំឡេងបុរសម្នាក់ និងស្ត្រីម្នាក់និយាយទូរស័ព្ទជាមួយគ្នាត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់នាងកាលពីចុងខែកុម្ភៈ ដែលនាងនិយាយថាត្រូវគេហ៊ែក។ នាងបានចូលខ្លួននៅតុលាការកាលពីម្សិលមិញ ដើម្បីឆ្លើយបំភ្លឺជុំវិញបទប្រកាន់សញ្ចរកម្ម និងសក្ខីកម្មមិនពិត ដោយបទចោទប្រកាន់សក្ខីកម្មមិនពិតកើតចេញពីការបដិសេធរបស់នាងថា សំឡេងក្នុងខ្សែអាត់មិនមែនជាសំឡេងរបស់ខ្លួន នៅពេលនាងត្រូវបានសាកសួរនៅនាយដ្ឋាននគរបាលប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃកាលពីខែមុន។ សំណុំរឿងនេះបានបើកដំណើរការក្រោយមានការដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានី ពីសំណាក់សកម្មជននយោបាយ ធី សុវណ្ណថា អាយុ២០ឆ្នាំ ដែលអះអាងថា នាងត្រូវបានបរិហារកេរ្តិ៍ដោយបុរស និងស្ត្រីក្នុងខ្សែអាត់សំឡេងទាំងនោះដែលជជែកគ្នាអំពីពាក្យចចាមអារ៉ាមថា នាងក៏មានស្នេហាលួចលាក់ជាមួយលោក កឹម សុខា ដែរ។ លោកស្រី ទ្រី ឈួន មេធាវីរបស់កញ្ញា ខុម ចាន់តារាទី បានលើកឡើងកាលពីម្សិលមិញថា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីគ្រាន់តែសាកសួរកូនក្ដីរបស់លោកស្រីអំពីខ្សែអាត់សំឡេងដែលបែកធ្លាយប៉ុណ្ណោះ ហើយមិនបានលើកឡើងពីបទចោទប្រកាន់សញ្ចរកម្ម និងសក្ខីកម្មមិនពិតទេ។ ដោយមិនបញ្ចេញឈ្មោះអ្នកផ្សេងទៀត លោកស្រីបានមានប្រសាសន៍បន្តថា ”តុលាការបានសាកសួរអំពីខ្សែអាត់សំឡេង និងទំនាក់ទំនងរវាងកូនក្ដីខ្ញុំ និងអ្នកដែលពាក់ព័ន្ធ។ រហូតមកទល់ពេលនេះ តុលាការមិនទាន់ដាក់ការចោទប្រកាន់មកលើកូនក្ដីរបស់ខ្ញុំនៅឡើយទេ ដូច្នេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងមិនចោទប្រកាន់កូនក្ដីរបស់ខ្ញុំទេ ពីព្រោះនាងជាជនរងគ្រោះ”។ បទចោទប្រកាន់សញ្ចរកម្មកើតចេញពីការចោទប្រកាន់ថា លោក កឹម សុខា បានផ្ដល់រថយន្ត និងប្រាក់ជាកាដូទៅដល់ស្រីកំណាន់របស់លោក ប៉ុន្តែសំណុំរឿងទាំងមូលត្រូវបានបណ្ដាអ្នកតស៊ូមតិការពារសិទ្ធិមនុស្សរិះគន់ថាជាការកេងចំណេញនយោបាយសុទ្ធសាធក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះរបស់អនុប្រធានគណបក្សប្រឆាំង។ លោកស្រី ធីតា ឃឹះ ជាអ្នកតស៊ូមតិការពារសិទ្ធិស្ត្រីដ៏លេចធ្លោ និងជាប្រធានអង្គការសីលការ បានមានប្រសាសន៍នៅខាងក្រៅតុលាការកាលពីម្សិលមិញថា ច្បាស់ណាស់ថា កញ្ញា ខុម ចាន់តារាទី កំពុងត្រូវគេប្រើប្រាស់ជាឧបករណ៍នយោបាយ ហើយទំនាក់ទំនងរបស់នាងជាមួយលោក កឹម សុខា មិនពាក់ព័ន្ធគ្នាឡើយ។ លោកស្រីបានបន្តថា “នាងជាជនរងគ្រោះពិតប្រាកដ។ ខ្ញុំសូមអំពាវនាវទៅដល់បណ្ដាអ្នកនយោបាយ សូមឈប់ប្រើប្រាស់នាងដើម្បីហ្គេមរបស់ខ្លួនទៅ។ យើងមិនដឹងថាវាជារឿងសំខាន់ ឬក៏អត់ទេ ប៉ុន្តែវាពិតជាអយុត្តិធម៌ណាស់សម្រាប់នាង។ ទី១ វាជាជីវិតឯកជនរបស់នាង ទី២ បញ្ហាលួចស្ដាប់ និងលួចថតសំឡេងនរណាម្នាក់យកមកចុះផ្សាយ គឺជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ និងបំពានសិទ្ធិមនុស្ស”។ និស្សិតមួយក្រុមមានគ្នា១៥នាក់ដែលតែងតែតាមអុកឡុកលោក កឹម សុខា ដល់ពិធីជួបជុំរបស់គណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេស ក៏មានវត្តមាននៅខាងតុលាការដែរ ដោយពួកគេចាត់ទុកខ្លួនឯងជាពលរដ្ឋធម្មតាដែលមានការខឹងសម្បារចំពោះការបំពានសីលធម៌របស់អ្នកនយោបាយរូបនេះ។ យុវជន ស្រី ចំរើន ដែលជាប្រធានក្រុមនិស្សិតនេះ បានបន្តអះអាងថា លោក កឹម សុខា គួរតែដកខ្លួនចេញពីអាជីពនយោបាយដោយសារតែរឿងអាស្រូវនេះ។ ”គាត់គួរតែបញ្ចប់ជីវិតនយោបាយរបស់គាត់ ពីព្រោះមានភ័ស្តុតាងបញ្ជាក់ថា ខ្សែអាត់សំឡេងដែលបែកធ្លាយជារបស់គាត់។ យើងគ្មានបំណងអាក្រក់ដើម្បីបំពានសិទ្ធិរបស់ ស្រីមុំ ទេ។ យើងគ្រាន់តែត្រូវការឲ្យលោក កឹម សុខា ចេញមុខបកស្រាយ ឬយ៉ាងហោចណាស់ធ្វើការសុំទោសជាសាធារណៈប៉ុណ្ណោះ”៕ ប្រភពៈ ខេមបូឌា ដេលី
↧