កំពតៈ ផ្ទុយពីផលិតផលកសិកម្មផ្សេងទៀតរដូវប្រាំងមានរយៈពេលវែងជាឱកាសអំណោយផលសម្រាប់ផលិតកម្មអំបិលដែលនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះការផលិតអំបិលរបស់កម្ពុជាកើនលើសតម្រូវការរហូតដល់គ្មានឃ្លាំងសម្រាប់ស្តុកទុក។ សហគមន៍ផលិតអំបិលកែប-កំពតបានឲ្យដឹងថាដោយសារតែទិន្នផលអំបិលនៅខេត្តកែប និងខេត្តកំពតនៅឆ្នាំនេះកើនឡើង ៣ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបានជំរុញឲ្យផលិតផលអំបិលគ្មានទីផ្សារ។ លោក ប៊ុន បារាំង សហប្រធានសហគមន៍ផលិតអំបិល កែប-កំពត បានឲ្យដឹងថារដូវនេះសហគមន៍បានប្រមូលផលអំបិលប្រហែល ៣០ ០០០០ តោនខណៈកាលពីឆ្នាំមុនប្រមូលបានជាង ១០ ០០០០ តោនដែលធ្វើឲ្យមានផលិតផលលើសតម្រូវការសម្រាប់ការប្រើប្រាស់ទីផ្សារក្នុងស្រុកនៅឆ្នាំនេះ។ លោកលើកឡើងថា៖ «ឆ្នាំនេះមិនមានទឹកភ្លៀងហើយក្ដៅដូច្នេះយើងប្រមូលផលិតផលអំបិលបាន ៣ ដងបើធៀបនឹងឆ្នាំមុន។ នៅពេលនេះអំបិលមានគ្រប់កន្លែង។ យើងមិនមានស្ដុកគ្រប់គ្រាន់ដើម្បីរក្សាវាទេដូច្នេះយើងរក្សានៅខាងក្រៅ។ បើអ្នកមកខេត្តកំពតអ្នកនឹងមើលឃើញអំបិលនៅគ្រប់ទីកន្លែងសដូចកប្បាស់អ៊ីចឹង»។ កសិករកំពុងប្រមូលផលអំបិលក្នុងស្រែអំបិលនៅខេត្តកំពតនាពេលកន្លងមក។ ហេង ជីវ័ន លោកបន្តថា៖ «ទីផ្សារនៅមានកម្រិត។ យើងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។ នៅពេលនេះអំបិលមួយគីឡូក្រាមមានតម្លៃ ២០០ រៀលកាលពីឆ្នាំទៅវាមានតម្លៃ ៣០០ រៀល។ យើងមានតម្រូវការអំបិលតែ ១០ ០០០០ តោនប៉ុណ្ណោះក្នុងមួយឆ្នាំដើម្បីផ្គត់ផ្គង់ទីផ្សារនេះ។ យើងមានអំបិលច្រើនពេក។ យើងមិនអាចដោះស្រាយបានទេរហូតដល់ពេលនេះដោយសារតែមិនមានកន្លែងដើម្បីនាំចេញហើយយើងមិនដឹងថាត្រូវយកអំបិលទាំងនេះទៅធ្វើអ្វីនោះទេ»។ លោកបន្ថែមថា៖ «នេះជាប្រវត្តិសាស្ដ្រហើយយើងមិនដែលរក្សាអំបិលនៅខាងក្រៅស្ដុកនោះទេដោយសារតែវាច្រើនពេក»។ ទោះបីជាមានអំបិលលើសតម្រូវការដ៏ច្រើនក្តីក៏លោកបារាំងអះអាងថាសហគមន៍នេះនឹងមិនបញ្ឈប់ការប្រមូលផលទេព្រោះស្រែអំបិលនឹងត្រូវខូចខាតប្រសិនមិនប្រមូលផលឲ្យបានទៀងទាត់។ លោកបញ្ជាក់ថា៖ «យើងនឹងរក្សាស្រែអំបិលបើមិនអ៊ីចឹងទេវានឹងត្រូវខូចខាតហើយយើងមិនអាចធ្វើវាបាននៅពេលក្រោយទៀតទេ។ យើងបន្តការផលិតដោយសង្ឃឹមថានឹងមានដំណោះស្រាយប៉ុន្តែវាទំនងជាគ្មានសង្ឃឹមច្រើនទេ»។ ដីស្រែផលិតអំបិលមានទំហំ ៤ ៤៧៥,៩៤ ហិកតាដែលទទួលបានទិន្នផលប្រហែល ១៤០ ០០០ តោនក្នុងមួយឆ្នាំនៅពេលមានអាកាសធាតុល្អ។ មានក្រុមផលិត ១៨៥ ក្រុមមានទីតាំងនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកកំពត និងភូមិលក ឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧