Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

រដ្ឋាភិបាល​រក​ចំណូល​បាន​ពី​វិស័យ​រ៉ែ​ជាង​ ៧ លាន​ដុល្លារ

$
0
0

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាប្រមូលប្រាក់ចំណូលពីវិស័យធនធានរ៉ែបានជាង ៧ លានដុល្លារនៅក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះដែលកើនលើសផែនការដែលបានកំណត់ក្នុងឆ្នាំ ២០១៦ ជាង ១ លានដុល្លារ។ នេះបើតាមរបាយការណ៍ពីក្រសួងរ៉ែ និងថាមពល។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថានៅក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះរដ្ឋាភិបាលប្រមូលចំណូលពីវិស័យរ៉ែបានជាង ៧,៧ លានដុល្លារលើសទិសដៅដែលបានកំណត់ក្នុងថវិកាជាតិឆ្នាំ ២០១៦ ដែលកំណត់ត្រឹមតែជាង ៦ លានដុល្លារប៉ុណ្ណោះ។

កាលពីឆ្នាំ ២០១៥ រដ្ឋាភិបាលប្រមូលប្រាក់ចំណូលពីវិស័យធនធានរ៉ែបាន ៦,៩ លានដុល្លារពីការបូមខ្សាច់ និងប្រតិបត្តិការរុករករ៉ែទាក់ទងនឹងសម្ភារសំណង់។

លោកលើកឡើងថា៖ «កំណើនប្រាក់ចំណូលគឺលើសពីការរំពឹងទុកដោយសារតែយើងបានពង្រឹងក្រុមប្រតិបត្តិការរបស់យើងដែលត្រួតពិនិត្យការដ្ឋានរុករករ៉ែហើយយើងក៏បានប្រមូលប្រាក់ចំណូលពីក្រុមហ៊ុនជាច្រើននៅពេលក្រុមហ៊ុនទាំងនោះដាក់ផែនការរុករករ៉ែរបស់ខ្លួន»។

លោកបន្ថែមថាលើកមុនក្រសួងរង់ចាំរហូតដល់ប្រតិបត្តិការរបស់ពួកគេបានចាប់ផ្ដើមពិតប្រាកដ។ លោកបញ្ជាក់ថា៖ «ហើយបន្ទាប់មកយើងបង្កើនការត្រួតពិនិត្យទ្វេដងដើម្បីមើលថាក្រុមហ៊ុនទាំងនោះពិតជាកំពុងអនុវត្តតាមផែនការរបស់ខ្លួនឬទេ?»។

លោកបានបន្ថែមថាជាមួយនឹងការបង្កើនការអនុវត្តច្បាប់ការស៊ើបអង្កេតលើប្រតិបត្តិការរុករករ៉ែ និងការបង្ក្រាបលើការរុករករ៉ែខុសច្បាប់ក្រសួងក៏អាចបង្កើនប្រាក់ចំណូលពីការប្រមូលបានពីការពិន័យផងដែរ។

លោកបន្តថា៖ «យើងជំរុញក្នុងការស៊ើបអង្កេត និងបង្ក្រាបលើក្រុមហ៊ុនដែលកំពុងរុករករ៉ែគ្មានអាជ្ញាប័ណ្ណ និងពិន័យលើក្រុមហ៊ុនទាំងនោះយ៉ាងតឹងរ៉ឹង»។ លោកបន្ថែមថាក្រសួងនៅតែកំពុងតាមដានក្រុមហ៊ុនជាច្រើនដែលកំពុងព្យាយាមគេចពីកាតព្វកិច្ចការបង់ប្រាក់របស់ពួកគេ។

កំណើនប្រាក់ចំណូលនេះនាំមុខដោយចំណូលសួយសារដែលប្រមូលបាន ៦,២ លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងការពិន័យមានចំនួន ៥៦ ០០០ ដុល្លារខណៈកម្រៃអាជ្ញាប័ណ្ណទទួលបាន ៧៣០ ០០០ ដុល្លារ។

លោក ឌិត ទីណា លើកឡើងថា៖ «យើងសង្ឃឹមយ៉ាងខ្លាំងថាប្រាក់ចំណូលនឹងបន្តការកើនឡើងរហូតដល់ចុងឆ្នាំនេះ»។

ក្រសួងរ៉ែ និងថាមពលបានលុបអាជ្ញាប័ណ្ណ ១១៦ ក្នុងអំឡុង ៦ ខែដំបូងឆ្នាំនេះខណៈការចេញអាជ្ញាប័ណ្ណរុករករ៉ែថ្មីលើអាជីវកម្មទាក់ទងនឹងសម្ភារសំណង់មាន ៤០។ បច្ចុប្បន្នមានអាជ្ញាប័ណ្ណរុករករ៉ែ ៥០៥ ទូទាំងវិស័យនេះគិតមកត្រឹមចុងខែកក្កដា។

លោកស្រី Natacha Kim នាយកប្រតិបត្តិអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាសម្រាប់តម្លាភាពធនធានប្រាក់ចំណូលឲ្យដឹងថាវាស្ទើរតែមិនអាចទៅរួចទេក្នុងការនិយាយថាតើ រដ្ឋាភិបាលកំពុងប្រមូលប្រាក់ចំណូលបានត្រឹមត្រូវឬយ៉ាងណានោះខណៈក្រុមហ៊ុនឯកជននឹងមិនចេញផ្សាយព័ត៌មានសមត្ថភាពផលិត និងប្រាក់ចំណេញ។

លោកស្រីលើកឡើងថា៖ «ប្រសិនបើយើងមានការកំណត់ទិន្នន័យឯករាជ្យតម្លាភាពពីក្រុមហ៊ុនយើងអាចវាយតម្លៃថាតើរដ្ឋាភិបាលកំពុងទទួលបានការបង់សួយសារអាករត្រឹមត្រូវឬអត់?»។

លោកស្រីបន្តថា៖ «ប៉ុន្តែយើងមិនដឹងក្រុមហ៊ុនប៉ុន្មានកំពុងផលិតពិតប្រាកដនោះទេ»។ ប៉ុន្តែលោកស្រីសន្មតថានេះជាសញ្ញាល្អមួយសម្រាប់វិស័យនេះ។

លោកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថាយ៉ាងហោចណាស់វាជាសញ្ញាដ៏ល្អដែលមានការកើនឡើងហើយរដ្ឋាភិបាលកំពុងរាយការណ៍ចំនួនប្រាក់ចំណូលដែលប្រមូលបានដល់សាធារណជន»។

លោកស្រីកត់សម្គាល់ថាក្រសួងហាក់ដូចជាកំពុងគ្រប់គ្រងក្រុមហ៊ុនដោយត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នលើអាជ្ញាប័ណ្ណថ្មី។

លោកស្រីលើកឡើងថា៖ «ពីមុនក្រសួងផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនដោយមិនបានបញ្ជាក់លក្ខណៈបច្ចេកទេសត្រឹមត្រូវទេ។ នៅពេលនេះដើម្បីធ្វើឲ្យមានភាពភ្ញាក់ផ្អើលដល់សង្គមស៊ីវិលក្រសួងមានតម្លាភាពច្រើននៅក្នុងការផ្សព្វផ្សាយការសិក្សាផលប៉ះពាល់បរិស្ថានដល់ភាគីពាក់ព័ន្ធ»។

លោក Li Lang អគ្គនាយកក្រុមហ៊ុន Taiwan Kamhwa Crushing International Co Ltd ដែលគ្រប់គ្រងដោយវិនិយោគិនកម្ពុជាដែលប្រតិបត្តិការកន្លែងយកថ្មនៅក្នុងខេត្តកំពង់ស្ពឺឲ្យដឹងថាការកែលម្អការប្រមូលប្រាក់ចំណូលបានបង្ហាញថាក្រសួងកំពុងធ្វើឲ្យមានតម្លាភាពកាន់តែខ្លាំងហើយកំពុងបង្កើតបរិយាកាសប្រតិបត្តិការកាន់តែប្រសើរសម្រាប់វិស័យនេះ។

លោកបញ្ជាក់ថា៖ «តម្លាភាពកាន់តែខ្លាំងនៅក្នុងឧស្សាហកម្មរុករករ៉ែអនុញ្ញាតឲ្យមានការប្រកួតប្រជែងកាន់តែល្អប្រសើរ និងដោយស្មើភាព»។

ខណៈលោកទទួលស្គាល់ថានៅមានការងារច្រើនទៀតដែលរដ្ឋាភិបាលចាំបាច់ត្រូវធ្វើការត្រួតពិនិត្យលើវិស័យរុករករ៉ែលោកជឿជាក់ថាការកែលម្អត្រូវបានធ្វើឡើងនៅពេលនេះទីបញ្ចប់នឹងបង្កើត «ប្រតិបត្តិការស្មើភាពនៅពេលអនាគត»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>