ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានប្រកាសកាលពីម្សិលមិញថាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យានូវទឹកប្រាក់ជាង ១ ពាន់លានដុល្លារជាជំនួយអភិវឌ្ឍន៍ និងមូលនិធិជំនួយចាប់ពីឆ្នាំក្រោយទៅរហូតដល់ឆ្នាំ ២០២០ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកកសិកម្ម និងលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជា។
សេចក្តីប្រកាសដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើឡើងខណៈ ADB រៀបចំការពិភាក្សាកម្រិតខ្ពស់ពីថ្ងៃម្សិលមិញដោយបង្ហាញពីប្រតិបត្តិការរបស់ខ្លួនរយៈពេល ២៥ ឆ្នាំនៅកម្ពុជា និងរយៈពេល ៥០ ឆ្នាំចាប់តាំងពីធនាគារនេះត្រូវបានបង្កើតឡើងជាលើកដំបូង។
ADB គឺជាដៃគូអភិវឌ្ឍន៍ទ្វេភាគីឈានមុខគេតែមួយគត់របស់ប្រទេសកម្ពុជា និងបានផ្ដល់កម្ចី ២,៦៥ ពាន់លានដុល្លារជាជំនួយឥតសំណង និងជំនួយបច្ចេកទេសដែលរួមទាំងសហហិរញ្ញប្បទានក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។
លោកលើកឡើងថា៖ «ប្រតិបត្តិការហិរញ្ញប្បទានរបស់ ADB បានរួមចំណែកដោយគ្មានភាពសង្ស័យដល់ការកាត់បន្ថយភាពក្រីក្រហើយនឹងបន្តក្នុងការជួយសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព»។
លោកបន្ថែមថា ADB បានផ្ដល់កម្ចី ៨៧២ លានដុល្លាររួចហើយជាមួយនឹងកម្ចី ១៣ លានដុល្លារផ្សេងទៀតដល់ប្រតិបត្តិការបច្ចេកទេសនៅឆ្នាំនេះ។
លោកបញ្ជាក់ថា៖ «ADB កំពុងព្យាយាមក្នុងការជំរុញឲ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែច្រើន និងបានត្រួសត្រាយផ្លូវច្រករបៀងសេដ្ឋកិច្ចនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS)»។
លោកបន្តថា៖ «នៅពេលនេះភាគីពាក់ព័ន្ធទាំងអស់កំពុងចាប់ផ្ដើមមើលឃើញអត្ថប្រយោជន៍ពីយុទ្ធសាស្ដ្រអភិវឌ្ឍន៍នេះ»។
លោក Samiuela Tukuafu នាយកប្រចាំប្រទេសរបស់ ADB បានឲ្យដឹងថាខណៈកម្ពុជា និងតំបន់នេះប្រឈមនឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ចជាច្រើនដូចជាការកើនឡើងយន្តកម្មទូទាំងចង្វាក់ផ្គត់ផ្គង់ ADB បានប្ដេជ្ញាចិត្តក្នុងការធ្វើជាដៃគូអភិវឌ្ឍន៍ឈានមុខគេរបស់កម្ពុជា។
លោកបន្តថា៖ «តាមរយៈការបង្កើនប្រតិបត្តិការរបស់យើងក្នុងការជួយឆ្លើយតបនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍថ្មីៗវានឹងកែលម្អគុណភាពគាំទ្ររបស់យើង និងលើកកម្ពស់ប្រសិទ្ធភាពការអភិវឌ្ឍដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរតម្រូវការរបស់តំបន់នេះ»។
លោកបន្ថែមថាស្ថិតក្រោមការរៀបចំថ្មីរបស់ ADB ធនាគារនេះនឹងមានសមត្ថភាពផ្ដល់កម្ចីសរុប ២០ ពាន់លានដុល្លារក្នុងមួយឆ្នាំត្រឹមឆ្នាំ ២០២០។
លោក រង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថាការផ្ដល់កម្ចីរបស់ ADB មិនស្ថិតក្នុង «ជ្រុងនយោបាយ» នោះទេហើយថាអង្គការនេះជាដៃគូអភិវឌ្ឍន៍រយៈពេលវែង។
ប៉ុន្តែលោកព្រមានថាការផ្ដល់កម្ចីនៅពេលអនាគតត្រូវការបង្កើនការត្រួតពិនិត្យ និងការវាយតម្លៃដូច្នេះរដ្ឋាភិបាលអាចរៀនសូត្រពីជោគជ័យ និងបរាជ័យកន្លងមកនៅពេលនិយាយអំពីការផ្ដល់មូលនិធិ។
លោកថ្លែងថា៖ «បញ្ហាសម្រាប់ការផ្ដល់កម្ចីគឺនៅតែធំហើយយើងកំពុងរៀនពីរបៀបក្នុងការដោះស្រាយបញ្ហាទាំងនេះ»។ លោកបន្តថា៖ «យើងបានបង្កើតដៃគូដ៏រឹងមាំជាមួយ ADB និងសង្ឃឹមថានឹងកសាងសមិទ្ធផលរបស់យើងបាន»។
ខណៈចិនគឺជាវិនិយោគិនធំជាងគេនៅកម្ពុជាដែលមានរហូតដល់ ៤៤ ភាគរយនៃចំនួនវិនិយោគផ្ទាល់ពីបរទេសដែលមាន ១៩,២ ពាន់លានដុល្លារចន្លោះពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ២០១៤ ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គាំទ្រដោយប្រទេសចិនដែលមានទឹកប្រាក់ ១០០ ពាន់លានដុល្លារនឹងជួយបំពេញបន្ថែមនូវជំនួយហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយជឿជាក់ថា ADB អាចផ្ដល់កម្ចីបន្ថែមទៀតដល់កម្ពុជាបើប្រទេសនេះប្រើប្រាស់កម្ចីឲ្យមានប្រសិទ្ធភាព និងចំពេលវេលា។
លោកបញ្ជាក់ថា៖ «ADB អាចផ្តល់កម្ចីកាន់តែច្រើនក្នុងការវិនិយោគអគ្គិសនីខណៈការវិនិយោគឯកជនរបស់ចិនលើថាមពលវារីអគ្គិសនីហាក់មិនផ្ដល់តម្លៃល្អសម្រាប់តម្រូវការការអភិវឌ្ឍផ្នែកឧស្សាហកម្មនោះទេ»៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍