អារ៉ែង ដែលត្រូវបានគេស្គាល់ថាជាតំបន់ព្រៃចុងក្រោយរបស់កម្ពុជា និងជាកន្លែងដែលមានក្រពើភ្នំរស់នៅជាច្រើនរយក្បាល ជម្រករបស់ត្រីនាគ និងសត្វព្រៃជាច្រើនប្រភេទផ្សេងទៀតនោះ កំពុងតែលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ឆ្ងាយពីពិភពលោកខាងក្រៅ។ ឆ្ងាយពីពិភពលោកខាងក្រៅ ដោយសារតែតំបន់នោះ ស្ថិតនៅក្នុងតំបន់មួយដែលហុំព័ទ្ធជុំវិញ ទៅដោយជួរភ្នំក្រវ៉ាញនិងភ្នំដងរែក។ គ្មានអ៊ីនធឺណិត គ្មានសេវាទូរស័ព្ទ គ្មានអគ្គិសនី គ្មានទឹកស្អាត ហើយផ្លូវធ្វើដំណើរវិញក៏លំបាក ព្រោះជាផ្លូវឡើងចុះភ្នំ។ តែលំបាកយ៉ាងណាក៏ដោយ ក៏តំបន់នេះនៅតែអាចទាក់ទាញមនុស្សឲ្យទៅចូលទស្សនាសម្រស់ធម្មជាតិរបស់ខ្លួនជាប់ជារឿយផងដែរនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីផ្ទុះរឿងរដ្ឋាភិបាលចង់បង្កើតគម្រោងទំនប់វារីអគ្គិសនីនៅទីនោះ។ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកទៅវិញនៅចុងឆ្នាំ២០១៤។ តំបន់អារ៉ែង ដែលស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងគឺជាកន្លែងដែលប្រជាពលរដ្ឋជនជាតិភាគតិចជងរាប់រយគ្រួសារកំពុងតែរស់នៅតាមបែបប្រពៃណីនិងទំនៀមទម្លាប់ដូនតារបស់ពួកគេ។ ពួកគេរស់នៅដោយគ្មានអគ្គិសនី គ្មានប្រព័ន្ធទឹកស្អាត គ្មានអ៊ីនធឺណិត គ្មានសេវាទូរស័ព្ទដៃ។ ជនជាតិដើមភាគតិចជងរាប់ពាន់នាក់ ដែលរស់នៅក្នុងឃុំចំនួន ៣ និង៧ភូមិនៅក្នុងតំបន់អារ៉ែង គឺហាក់បីដូចជាកំពង់តែរស់នៅក្នុងពិភពមួយដាច់ឆ្ងាយពីពិភពលោក។ សព្វថ្ងៃប្រជាជននៅទីនោះ ហាក់កំពុងតែរស់នៅ និងពឹងផ្អែកលើការនេសាទត្រីនៅក្នុងស្ទឹង ដែលមានក្រពើភ្នំរាប់រយក្បាលរស់នៅទីនោះដែរ។ ការរស់នៅនឹងនេសាទនៅក្នុងស្ទឹងក្រពើភ្នំរស់នៅនេះ គឺត្រូវបានធ្វើឡើងតាំងពីដូនតារបស់ពួកគេមកម្ល៉េះ ដោយមានពិធីសែនព្រែននានាទៅតាមរដូវកាល។ ដូច្នេះហើយបានជាប្រជាពលរដ្ឋនៅទីនោះ ពុំមានការភ័យខ្លាចក្នុងការនេសាទត្រី ក្នុងទឹកស្ទឹងដែលមានក្រពើរស់នៅនោះទេ។ ប្រជាជននៅក្នុងតំបន់អារ៉ែងរស់នៅដោយពឹងផ្អែកទៅលើធម្មជាតិស្ទើរតែទាំងស្រុង ព្រោះតំបន់នោះសំបូរទៅដោយជីវៈ ចម្រុះជាច្រើន ដែលអាចអនុគ្រោះដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិបាន។ ប៉ុន្តែតំបន់មួយនេះបានរងនូវរឿងចម្រូងចម្រាស់បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងសាងសង់ទំបន់វារីអគ្គីសនីកាលពីប៉ុន្មានឆ្នាំមុននេះ ហើយក៏ប្រកាសផ្អាកទៅវិញ នៅពេលដែលមានសកម្មជនការពារព្រៃឈើ និងប្រជាជនមួយចំនួននាំគ្នាផ្ទុះការតវ៉ា។ កាលពីចុងឆ្នាំ២០១៤ លោកអ៊ិត ប្រាង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានប្រកាសឲ្យដឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង អាចនឹងផលិតថាមពលបាន ២៦០ មេហ្គាវ៉ាត់ ប៉ុន្តែកាត់បន្ថយមកត្រឹម ១០៨ មេហ្គាវ៉ាត់ ដើម្បីកាត់បន្ថយការប៉ះពាល់ធំពេក។ ហើយគម្រោងនោះនឹងត្រូវសិក្សាបញ្ចប់នៅក្នុងឆ្នាំ២០២០ ដែលប្រើទឹកប្រាក់អស់ប្រមាណ ៤០០លានដុល្លារអាមេរិក។ ប៉ុន្តែបន្ទាប់ពីមានការតវ៉ាជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិល និងជាពិសេសគឺអង្គការចលនាមាតាធម្មជាតិ ដែលមានលោក Alex Gonzalez Davidson ជាស្ថាបនិក និងពេលនេះត្រូវបានហាមឃាត់មិនឲ្យចូលកម្ពុជាវិញនោះ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសផ្អាកពីការសិក្សាលើគម្រោងទំនប់វារីអគ្គិសនីនៅក្នុងតំបន់អារ៉ែង។ ប៉ុន្តែការប្រកាសផ្អាកនេះ នៅមិនទាន់មានជាលាយលក្ខអក្សរនៅឡើយនោះទេ ដោយនៅពេលនោះ លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានចេញមុខមកប្រកាសប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីចុងឆ្នាំ២០១៤ ថា «សម្តេចហ៊ុន សែន បានបញ្ជាក់ប្រាប់ខ្ញុំថា អត់ទាន់មានសេចក្តីសម្រេចអីទេ ហើយសម្តេចបានលើកឡើងថា ប្រហែលជាអាណត្តិនេះអត់ធ្វើទេ អាចលើកទៅសម័យក្រោយ ខ្មែរអ្នកជំនាន់ក្រោយសម្រេចទៅ។» កាសែតនៅក្នុងស្រុកមួយបានធ្វើការចុះផ្សាយកាលពីចុងឆ្នាំ២០១៤ដែរ បានឲ្យដឹងថា ផ្ទុយពីប្រសាសន៍របស់លោកសម រង្ស៊ី លោកសាយសំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន បានបញ្ជាក់នៅក្នុងសភាថាគម្រោងនោះមិនអាចផ្អាកទេ តែរាជរដ្ឋាភិបាល កំពុងតែសិក្សាយ៉ាងល្អិតល្អន់ ដោយមានការវាយតម្លៃយ៉ាងហ្មត់ចត់ ធ្វើការជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។ កន្លងមកគម្រោងសាងសង់ទំបន់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង ត្រូវបានគេដឹងថា រដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនចិនមួយឈ្មោះថា Sinohydro (Cambodia) United Ltd., ជាអ្នកទទួលអភិវឌ្ឍន៍លើគម្រោងនេះ។ សម្រាប់លោកវ៉ែន វ៉ន ដែលជាសកម្មជនការពារតំបន់អារ៉ែង និងជាសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជន ត្រូវបានជាប់ឃុំអស់រយៈពេល៤ខែ ២៥ថ្ងៃ ហើយដែលទើបត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីខែមីនា ឆ្នាំ២០១៦ បានប្រកាសមិនផ្លាស់ប្តូរឆន្ទៈការពារតំបន់អារ៉ែងទៀតនោះទេ ។ ព្រោះរហូតមកទល់នឹងពេលនេះ លោកនៅមិនទាន់ជឿជាក់ទាំងស្រុងថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់របស់លោកត្រូវបានផ្អាកទាំងស្រុងនោះដែរ បើទោះ បីជាមានការប្រកាសពីលោកនាយករដ្ឋមន្ត្រីថាមិនទាន់មានអីសម្រេចក៏ដោយ៕ ប្រភពៈ RFI
↧