ភ្នំពេញៈ ក្រោយពីបានធ្វើប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំនៅខេត្តចំនួន ៦ នៃភាគឦសានប្រទេសរួចមកគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើបានសម្រេចបញ្ជូនរបាយការណ៍របស់ខ្លួនដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យកាលពីថ្ងៃចន្ទដែលក្នុងនោះគណៈកម្មការនេះចាប់បានឈើខុសច្បាប់ជាង ៧ ម៉ឺនម៉ែត្រគុប និងបានបញ្ជូនសំណុំរឿង ៥១ ករណីទៅកាន់តុលាការ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលោក អេង ហ៊ី បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តចំនួន ៦ នៃភាគឦសានប្រទេសដែលជាជំហានដំបូងនោះគណៈកម្មការរឹបអូសបានឈើខុសច្បាប់គ្រប់ប្រភេទដូចជាឈើហុប ឈើអារ ឈើជ្រុង និងឈើកំណាត់ផ្សេងៗសរុបបានជាង ៧ ម៉ឺនម៉ែត្រគុប និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥១ ករណី។ លោកថា «ករណីហ្នឹងពាក់ព័ន្ធជាមួយក្រុមហ៊ុនផងហើយបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចអយ្យការដែលធ្វើទៅលើបុគ្គល និងក្រុមហ៊ុននោះគឺក្រុមហ៊ុនខ្លះគាត់ទទួលដីសម្បទានក្នុងការឈូសឆាយព្រៃទៅគឺគាត់បានលក់ទៅឲ្យក្រុមហ៊ុនផ្សេងទៀតដូច្នេះវាពាក់ព័ន្ធអ៊ីចឹងតែយើងនៅមិនទាន់កំណត់ថាមានក្រុមហ៊ុនប៉ុន្មានទេ»។ លោកបានបន្តថាចំពោះឈើដែលរឹបអូសបានគណៈកម្មការគ្រោងនឹងប្រគល់ជូនក្រសួងអប់រំយុវជន និងកីឡាទៅតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីតែរង់ចាំការពិនិត្យ និងការណែនាំជាមុនសិន។ ទោះយ៉ាងណា លោកថា គណៈកម្មការនៅតែបន្តសកម្មភាពក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើជាបន្តទៀតបើទោះបទល្មើសព្រៃឈើនៅខេត្តគោលដៅទាំង ៦ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរិ និងមណ្ឌលគិរី ត្រូវបានស្ងប់ស្ងាត់ទាំងស្រុងក៏ដោយ។ ក្រោយពីបានជិះឧទ្ធម្ភាគចក្រពិនិត្យព្រៃឡង់កាលពីថ្ងៃចន្ទរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ក៏បានថ្លែងដែរថាបើទោះជាលោកឃើញមានការកាប់ព្រៃរានធ្វើដីកម្មសិទ្ធិនៅតំបន់ព្រៃឡង់ក៏ដោយ ប៉ុន្តែបទល្មើសព្រៃឈើទ្រង់ទ្រាយធំពុំមានទៀតឡើយក្រោយពីរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដែលដឹកនាំដោយលោក សៅ សុខា នោះ។ លោកថា «បទល្មើសព្រៃឈើទ្រង់ទ្រាយធំដែលយើងធ្លាប់ឃើញប៉ុន្មានឆ្នាំមកនេះគឺមិនមានទៀតទេគឺបានបញ្ចប់»។ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តមណ្ឌលគិរីលោក ឡុង ហុកម៉េង បានឲ្យដឹងថាបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅខេត្តនេះត្រូវបានបង្ក្រាបដោយជោគជ័យដោយក្នុងនោះគណៈកម្មការបានបញ្ជូនបណ្តឹងដែលប្តឹងក្រុមហ៊ុនចំនួន ៦ ទៅកាន់តុលាការខេត្តរួមមានក្រុមហ៊ុនខ្មែរ វៀតណាម និងសិង្ហបុរី ប៉ុន្តែលោកពុំអាចបញ្ជាក់បានពីតួលេខឈើខុសច្បាប់ដែលរឹបអូសបាននៅឡើយ។ លោកថា «យើងអត់ទាន់ដឹងថាក្រុមហ៊ុនទាំងនោះជាអ្នកប្រព្រឹត្តបទល្មើស ឬបុគ្គលណាមួយក្នុងក្រុមហ៊ុនទាំងនោះជាអ្នកប្រព្រឹត្តបទល្មើសនៅឡើយយើងកំពុងតែធ្វើការ»។ កាលពីចុងខែមីនាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រគល់ឈើខុសច្បាប់ដែលរឹបអូសបានក្នុងប្រតិបត្តិការបង្ក្រាបនេះទៅឲ្យក្រសួងអប់រំដើម្បីចាត់ចែងទៅតាមតម្រូវការ។ លោកបានថ្លែងថា «ខ្ញុំសូមប្រកាសប្រគល់ឈើដែលរឹបអូសពីការកាប់ដោយខុសច្បាប់ទៅឲ្យក្រសួងអប់រំសម្រាប់សាងសង់សាលារៀនយកធ្វើទ្វារ បង្អួច តុ និងធ្វើកៅអី ធ្វើផ្ទះគ្រូក៏ធ្វើទៅតាមតម្រូវការ»។ អនុប្រធានអង្គការសង្គមអភិរក្សសត្វព្រៃ WCS លោក ប្រាក់ មុនី បានសង្កេតឃើញថាក្រោយពីរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនេះការដឹកឈើដែលធ្លាប់កើតមានគគ្រឹកគគ្រេងនោះមានសភាពស្ងប់ស្ងាត់ដូចចោរលួចសេះប៉ុន្តែក្រោយពីគណៈកម្មការនេះធ្វើរបាយការណ៍រួចសកម្មភាពដឹកឈើចាប់ផ្តើមមានសន្ទុះឡើងវិញ។ លោកថា «បន្ទាប់ពីគណៈកម្មការផ្ញើបាយការណ៍ទៅសម្តេចហើយយើងឃើញមានការដឹកឈើរប៉េះរប៉ោះនៅស្រុកកែវសីមា [ខេត្តមណ្ឌលគិរី]»។ អ្នកសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរីលោក សុខ រដ្ឋា បានជំរុញឲ្យគណៈកម្មការចាត់វិធានការ និងលាតត្រដាងនូវបទល្មើសព្រៃឈើដែលបានរកឃើញនោះប្រកបដោយតម្លាភាព និងឯករាជភាពបង្ហាញរបាយការណ៍ជាសាធារណៈ និងចៀសវាងការបិទបាំងក្រុមហ៊ុន ឬបុគ្គលដែលបានប្រព្រឹត្តបទល្មើសព្រៃឈើជាដើម។ បើតាមមន្ត្រីកងរាជអាវុធហត្ថកម្លាំងចម្រុះដែលបានចុះបង្ក្រាបបទល្មើសព្រៃឈើមានចំនួន ៣៦០ នាក់ក្នុងនោះកងរាជអាវុធហត្ថ ១២០ នាក់ នគរបាលជាតិ ១២០ នាក់ និងកងទ័ពឆត្រយោង ៩១១ ចំនួន ១២០ នាក់ រថយន្ត ២១ គ្រឿង រថពាសដែក ១២ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២ គ្រឿង៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧