Quantcast
Channel: My blog
Viewing all articles
Browse latest Browse all 7971

ទឹកភ្លៀងលិចខេត្តមួយចំនួននៅកម្ពុជាតែក្រសួងថាមិនទាន់ដល់ចំណុចប្រកាសអាសន្ន

$
0
0

បន្ទាប់ពីភ្លៀងធ្លាក់ជាគំហុកប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តយ៉ាងតិចចំនួន៧ នៅទូទាំងប្រទេសកម្ពុជា បានជន់លិច ដោយទឹកភ្លៀង។ ក្រសួងធនធានទឹក បញ្ជាក់ថា ពលរដ្ឋប្រាកដជារងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ តែយ៉ាងណា ទឹកនឹងស្រកវិញក្រោយពេលភ្លៀង។ ក្រសួងក៏អំពាវនាវអោយពលរដ្ឋដែលរងការប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ អោយបន្តការប្រុងប្រយ័ត្ន បើទោះជាជំនន់នេះមិនសូវជាធ្ងន់ធ្ងរក៏ដោយ។

ក្រោយសេចក្ដីប្រកាស នៅថ្ងៃ១៩ កញ្ញា របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលព្យាករណ៍ថា ស្ថានភាពទឹកភ្លៀងនឹងកើនឡើងពីមធ្យមទៅច្រើន នៅតាមតំបន់ខ្ពង់រាប និងវាលទំនាប ព្រមទាំងតំបន់សមុទ្រថែមទៀតផងនោះ ជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យ ខេត្តចំនួន ៧ នៅទូទាំងប្រទេសកម្ពុជាលិច។

ខេត្តដែលលិចនោះរួមមាន ខេត្តកំពង់ធំ ត្បូងឃ្មុំ កំពង់ស្ពឺ ឧត្តរមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តស្វាយរៀងជាដើម។

អគ្គនាយករងកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ អោយដឹងថា នេះគឺជាជំនន់ទឹកភ្លៀង ដូច្នេះការស្រកនឹងឆាប់រហ័សបន្ទាប់ពីភ្លៀង។ លោកបញ្ជាក់ថា ពលរដ្ឋពិតជាជៀសមិនផុត ពីរងផលប៉ះពាល់នោះទេ ប៉ុន្តែបច្ចុប្បន្នពួកគាត់មិនទាន់ជារងការប៉ះពាល់អ្វីធ្ងន់ធ្ងរឡើយ៖ «នេះជាជំនន់ទឹកភ្លៀងបាទ ការលិចនឹងឆាប់ស្រកទឹកវិញ អញ្ចឹងការប៉ះពាល់ គឺវាតែងតែមានការប៉ះពាល់ខ្លះហើយ តែវាមិនទាន់ជាប៉ះពាល់ខ្លះនៅឡើយទេ»។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា អះអាងថា បច្ចុប្បន្នកម្ពុជាមិនទាន់មានទឹកជំនន់នោះទេ គឺគ្រាន់តែមានការជន់លិចដោយទឹកភ្លៀងបន្តិចបន្តួចប៉ុណ្ណោះ។ លោកបញ្ជាក់ថា ឆ្នាំនេះប្រហែលជាទឹកតិចផង៖ «អត់អីទេ មិនទាន់មានទឹកជំនន់អីទេ តែគ្រាន់ថា ទឹកលិចថា ! ទឹកទើបតែ១៨ម៉ែត្រនៅក្រចេះ»។

លោក ញឹម វណ្ណដា បញ្ជាក់ដែរថា អាជ្ញាធរមូលដ្ឋានជាអ្នកទទួលបន្ទុកក្នុងដោះស្រាយ បញ្ហានេះ។ រីឯលោកនៅខាងថ្នាក់ជាតិ នឹងមិនដណ្ដើមដែនសមត្ថកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិនោះទេ តែលោកនឹងជួយនៅពេលដែលថ្នាក់ខេត្តរាយការណ៍មក។

អគ្គនាយករង កិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម លោក ម៉ៅ ហាក់ អំពាវនាវអោយប្រជាពលរដ្ឋដែលរងការប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ អោយបន្តការប្រុងប្រយ័ត្ន ពិសេសយកចិត្តទុកដាក់មើលកូនចៅតូចៗ បង្ការគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ ហើយក្រសួង កំពុងធ្វើការអប់រំផ្សព្វផ្សាយពីការបង្ការពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតចេញពីជំនន់នេះ៕

ប្រភព៖ RFA


Viewing all articles
Browse latest Browse all 7971

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>