ក្រុងបាកដាដៈ រដ្ឋមន្ត្រីការពារ ជាតិអាមេរិក លោកអាស្តុន ខារធើរ បាននិយាយក្នុងក្រុងបាកដាដពីថ្ងៃចន្ទថា អាមេរិក នឹងបញ្ជូនឧទ្ធម្ភាគចក្រប្រយុទ្ធ ធុន Apaches និងទាហានជាច្រើនទៀតទៅកាន់អ៊ីរ៉ាក់ ខណៈក្រុមចម្រុះថ្លឹងថ្លែងការដណ្តើមយកមកវិញនូវក្រុងទីពីរ ម៉ូស៊ូលពីក្រុមរដ្ឋអ៊ិស្លាម។ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានហៅការដកទាហានអាមេរិកក្នុងឆ្នាំ ២០១១ ពីអ៊ីរ៉ាក់ថា សមិទ្ធផលដ៏ធំមួយនៃកិច្ចការប្រធានាធិបតីរបស់លោក ប៉ុន្តែអាមេរិក ត្រូវបានអូសទាញត្រឡប់ទៅកាន់ប្រទេសនោះវិញ ចាប់តាំងពីក្រុមជីហាដ IS បានចូលលុកលុយទឹកដីនោះដ៏ធំល្វឹងល្វើយ ក្នុងឆ្នាំ ២០១៤។ ក្រុងវ៉ាស៊ីនតោនដឹកនាំក្រុមចម្រុះអន្តរជាតិមួយ ដែលកំពុងធ្វើការវាយប្រហារប្រឆាំងក្រុម IS និងក៏កំពុងផ្តល់ការហ្វឹកហ្វឺន និងការឧបត្ថម្ភជាច្រើនទៀតចំពោះកម្លាំងដែលកំពុងប្រយុទ្ធនឹងក្រុមជីហាដទាំងនោះ ទាំងនៅអ៊ីរ៉ាក់ និងនៅប្រទេសជិតខាងស៊ីរី។ បន្ទាប់ពីអញ្ជើញដល់ក្រុងបាកដាដក្នុងដំណើរទស្សនកិច្ចពុំបានប្រកាស លោកខារធើរ បាននិយាយថា៖ «យើងនឹងនាំចូលនូវកម្លាំងបន្ថែម»។ អ្នកនាំពាក្យមន្ទីរបញ្ចកោណវរសេនីយ៍ឯកទ័ពជើងទឹក លោក Jeff Davis បានប្រាប់ក្រុមអ្នកកាសែតថា បុគ្គលិកយោធា បន្ថែម ២១៧ នាក់ នឹងត្រូវដាក់ពង្រាយ ដយធ្វើឲ្យចំនួនទាហាន អាមេរិកនៅអ៊ីរ៉ាក់ឡើងដល់ ៤០៨៧ នាក់។ ទាហាន ក៏នឹងត្រូវអនុញ្ញាតឲ្យផ្តល់ដំបូន្មានដល់ទាហានអ៊ីរ៉ាក់នៅកម្រិតកងវរសេនាតូច និងកម្រិតកងពលតូច ខុសពីកងពលធំជាង ដោយប្រើពួកគេជាសក្តានុពល ទៅកាន់គ្រោះថ្នាក់ធំជាង កៀកនឹងខ្សែត្រៀមជួរមុខ។ លោកខារធើរ ក៏បាននិយាយ ថា ឧទ្ធម្ភាគចក្រ Apaches ដែលអាចឆ្លើយតបយ៉ាងរហ័ស និងយ៉ាងស្វាហាប់នៅពេលត្រូវការ នឹងគាំទ្រកិច្ចប្រឹងប្រែងអ៊ីរ៉ាក់ ដើម្បីឡោមព័ទ្ធ និងទីបំផុតដណ្តើមមកវិញ នូវក្រុងម៉ូស៊ូល ពីក្រុម IS។ ទាក់ទងទៅនឹងឧទ្ធម្ភាគចក្រ Apaches លោក Davis និយាយថា៖ «យន្តហោះទាំងនេះ កំពុងត្រូវបានផ្តល់ឲ្យសម្រាប់ទង្វើលើក្រុងម៉ូស៊ូល។ វានឹងស្ថិតនៅលើឆន្ទានុសិទ្ធិរដ្ឋាភិបាលអ៊ីរ៉ាក់ទេថាតើត្រូវពង្រាយឬអត់?»។ ឧត្តមសេនីយ៍ Sean MacFarland មេបញ្ជាការប្រតិបត្តិការដឹកនាំដោយអាមេរិកប្រឆាំងក្រុម IS ក្រោយមកបានប្រាប់ក្រុមអ្នកកាសែតដែលកំពុងធ្វើដំណើរជាមួយលោកខារធើរថា អាមេរិក មិនបានទាត់ចោលការបញ្ជូនទាហានបន្ថែមទៀតនៅ ដំណាក់កាលក្រោយទៀតឡើយ បើសិនការបង្កើនកងទ័ពបច្ចុប្បន្ន បង្ហាញថានៅតែមិនគ្រប់គ្រាន់។ លោកបាននិយាយថា៖ «បើ សិនលក្ខខណ្ឌនេះ វាគ្រប់គ្រាន់ពេញចិត្តសម្រាប់យើងដើម្បីធ្វើការរំដោះក្រុមម៉ូស៊ូល ជាមួយនឹង កម្លាំងដែលយើងមានក្នុងដៃនេះ គឺល្អ។ បើសិន ពួកគេបង្ហាញថា នៅតែមិនគ្រប់គ្រាន់ នោះនឹងមានការវាយតម្លៃជាថ្មីថា យើងនឹងធ្វើការបន្ថែមកម្លាំង»។ ក្នុងអំឡុងពេលទស្សនកិច្ច នេះ លោកខារធើរ បានសន្យាផ្តល់ជំនួយទឹកប្រាក់ ៤១៥ លានដុល្លារ សម្រាប់កម្លាំង peshmerga នៃ តំបន់ស្វយ័តឃើដអ៊ីរ៉ាក់ ដែលកំពុងប្រយុទ្ធ នឹងក្រុម IS នៅភាគ ខាងជើង៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧