គូស្នេហ៍ថ្មោងថ្មីដែលកំពុងល្បីខ្លាំងលើបណ្ដាសារព័ត៌មាន តារាចម្រៀងJustin Bieberនិងតារាម៉ូដែលSofia Richie ត្រូវបានគេរាយការណ៍ថាបែកគ្នាហើយ ក្រោយទាក់ទងគ្នាបានត្រឹមជាង១ខែ។ នេះបើយោងតាមប្រភពTMZ ។
តាមការឲ្យដឹងពីប្រភពដដែលបានបង្ហាញថា តារាវ័យក្មេងទាំង២ហាក់គ្មានបញ្ហាអ្វីទេ ពេលទាក់ទងគ្នាដំបូង ហើយពួកគេក៏បានបញ្ចេញក្ដីផ្អែមល្ហែមជាមួយគ្នាជាសាធារណៈនាកំឡុងពេលនោះផងដែរ។ យ៉ាងណាក្ដី មួយរយៈចុងក្រោយអ្នកទាំងពីរមិនបានបញ្ចេញកាយវិការឬនិយាយអ្វីច្រើនចេញមកក្រៅទេ ហើយពួកគេក៏ឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងៗ។
តារាចម្រៀងវ័យ២២ឆ្នាំម្ចាស់បទ “Sorry” និងម៉ូដែលវ័យ១៨ឆ្នាំមិនបានថតរូបជាមួយគ្នា ចាប់តាំងពីថ្ងៃធ្វើខួបកំណើតគម្រប់១៨ឆ្នាំរបស់ Sofia នៅក្នុងប្រទេសម៉ិកស៊ីកូ។ កាលពីចុងសប្ដាហ៍ Sofia បានបង្ហាញទឹកមុខយ៉ាងក្រៀមក្រំ ខណៈដែរម្សិលមិញ Bieber កំពុងស្ថិតក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។
ប្រភពបន្ថែមថា ការបាក់បែកនេះបន្ទាប់ពីប៉ុន្មានថ្ងៃ ពេលដែល Sofia បានប្រាប់ទៅទស្សនាវដ្ដី Billboard ថា គេនិង Justin មានទំនាក់ទំនងពិសេសមួយ។ គួរបញ្ជាក់ថា Justin BieberនិងSofia Richie ចាប់ផ្ដើមស្រឡាញ់គ្នាដំបូងក្នុងខែ សីហា ឆ្នាំ ២០១៦៕
ប្រភព៖ sabay