ក្រសួងការពារជាតិប្រកាសជំហររបស់ខ្លួន ប្រឆាំងនឹងគម្រោងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១៣ កញ្ញា អះអាងថា ក្នុងនាមកងយោធពលខេមរភូមិន្ទ គឺត្រូវប្រកាន់ខ្ជាប់នូវតួនាទីអព្យាក្រឹត្យ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការពាររដ្ឋាភិបាលស្របច្បាប់ គឺខ្លួននឹងប្ដេជ្ញាអនុវត្តតាមបញ្ជារបស់លោក ហ៊ុន សែន ដោយប្រឆាំងដាច់ខាតនឹងគម្រោងមហាបាតុកម្មរបស់គណបក្សប្រឆាំង។
ក្រសួងការពារជាតិហៅគម្រោងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់សេចក្ដីសុខ សន្តិភាព របស់ប្រជាជន និងប្រទេសជាតិទាំងមូល។
លើសពីនេះទៀត ក្រសួងនេះ ក៏អំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស កុំឲ្យចូលរួម ឬជឿតាមការញុះញង់របស់គណបក្សនេះ ដែលក្រសួងការពារជាតិហៅថា ជាជនអគតិបំផ្លាញសេចក្ដីសុខ សន្តិភាពរបស់ពលរដ្ឋ ដែលកំពុងមានការអភិវឌ្ឍក្រោមការដឹកនាំរបស់លោក ហ៊ុន សែន៕
ប្រភព៖ RFA