សំណួរសួរថាល្បែងនយោបាយបែបតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) ពេលណាបានចប់? ល្បែងដាក់អន្ទាក់គ្នាឆ្មា និងកណ្តុរមើលទៅអត់ចំណេញដូចគ្នា និងគ្មានចម្រុងចម្រើនដល់ជាតិទាល់តែសោះហើយអ្នកលេងល្បែងនេះម្នាក់ៗអាយុជិត ៧០ ឆ្នាំទៅហើយសល់រយៈពេលតែ ១០ ឆ្នាំម្នាក់ទៀតហ្នឹងអស់កម្លាំងពលំធ្វើការហើយ។ តើឆ្មា និងកណ្តុរអាចដាក់ចិត្តដាក់កាយដើម្បីជាតិដូចដែលម្នាក់ៗលើកឡើងនោះ? មានហ្វេសប៊ុកដូចគ្នាហេតុអ្វីមិនសាកនិយាយដាក់គ្នាតាម Messenger បើម្នាក់ៗតាំងខ្លួនសុទ្ធតែស្រឡាញ់ជាតិ សាសនាព្រះមហាក្សត្រនោះ? ការបង្កើតវប្បធម៌សន្ទនា (Dialogue) កាលពីឆ្នាំទៅរវាងថ្នាក់ដឹកនាំនយោបាយដើម្បីដោះស្រាយភាពតានតឹងផង និងដំណើរនៃការកសាងសន្តិភាពផង។ សូម្បីតែសង្ក្រាន្តឆ្នាំថ្មីកាលពីឆ្នាំមុនទាំងឆ្មា និងកណ្តុរក៏បណ្តើរគ្នាត្រសងទៅពិធីទទួលទេវតាឆ្នាំថ្មីនៅខេត្តសៀមរាបទៀតផងបាយជាមួយគ្នាថតសែលហ្វី (Selfie) ជាមួយគ្នាចេញសេចក្តីថ្លែងការណ៍រួមសម្រាប់បន្តការសន្ទនាទៀតផង។ តែសុខៗទៅបែកបាក់ការសន្ទនាគ្នារវាងឆ្មា និងកណ្តុរទៅវិញដោយសារភាពមិនទុកចិត្តគ្នារវាងអ្នកគាំទ្រឆ្វេង និងស្តាំជ្រុលនិយមទាំង ២ ក្រុមគឺម្នាក់ៗចេះតែខ្លាចឆ្មាចាញ់បោកកណ្តុរ ឬក៏កណ្តុរចាញ់បោកឆ្មា។ ឆ្មា និងកណ្តុរចាប់ផ្តើមដៀមដាមដាក់គ្នាបន្តិចម្តងៗចោទដាក់គ្នាទៅវិញទៅមកក៏ជារឿងមើលមុខគ្នាមិនចំរីឯកណ្តុរបានចេញទៅក្រៅរន្ធធ្វើដូចជាខ្លួនច្បាស់ និងជំនាញខាងនៅក្រៅក៏បោះសម្តីដុតពីខាងក្រៅធ្វើឲ្យឆ្មានៅក្នុងរន្ធរឹតតែក្តៅក្រហាយចាប់ផ្តើមលេងក្បាច់ចាស់យកតុលាការដាក់អន្ទាក់កណ្តុរវិញម្តងហើយក្រុមឆ្មាព្យាយាមបំបែកក្រុមកណ្តុរជាក្រុមៗតែម្តងទម្លាក់ដៃគូកណ្តុរពីតំណែងបំបែកក្រុមយុវជនដាក់បន្ទុកកណ្តុរកាន់តែច្រើនទៅៗរហូតដល់ថ្នាក់ឆ្មាហ៊ានសន្យាកាត់ដៃចោលបើស៊ីញ៉េឲ្យកណ្តុរចូលរន្ធវិញនោះ។ កណ្តុរឮតែឆ្មាសម្លុតតែបន្តិចក៏ដាក់មេផាយបាត់គឺអើតឡឺមៗមានមុខតាមវីដេអូខនហ្វើរិន និងហ្វេសប៊ុកបើទោះបីជាឆ្មាធ្វើគុកថ្មីសម្រាប់អ្នកជាប់ទោសកាលីបសម្រាប់ទទួលកណ្តុរក៏កណ្តុរមិនចូលដែរ។ ហេតុអ្វីបានជាឆ្មា និងកណ្តុរខ្មែរដូចគ្នាសោះនិយាយស្តាប់គ្នាមិនបាន? បើម្នាក់ៗអះអាងថាខ្លួនធ្វើការដើម្បីជាតិនោះមែនខែ្មរមិនបែកបាក់គ្នាគំនុំសងសឹកគ្នាលាបពណ៌គ្នាមិនចេះចប់មិនចេះហើយនោះទេតែមិនទទួលស្គាល់នូវការដឹកនាំបរាជ័យរបស់ខ្លួននោះទេសូម្បីតែមេដឹកនាំខ្មែរក្រហមក៏ថាគាត់ស្នេហាជាតិដែរដល់ពេលបានកាន់អំណាចសរុបទៅពួកគាត់សម្លាប់ខ្មែរជាង ២ លាននាក់ក៏គាត់មិនទទួលខុសត្រូវផង។ និយាយជារួមគឺអ្នកនយោបាយបានត្រឹមតែភូតកុហក និងបោកប្រាស់ប្រជាពលរដ្ឋខ្លួនតែប៉ុណ្ណោះពីរបបមួយទៅរបបមួយប្រកាន់បក្សពួកនិយមឆ្វេងជ្រុលបើស្តាំជ្រុលហើយអ្នកដែលទទួលរងគ្រោះគឺពលរដ្ឋខ្លួនឯង។ ពោលគឺគ្មានសន្តិភាពក្នុងផ្លូវកាយ និងចិត្តនោះទេឲ្យតែបានឡើងកាន់អំណាចគឺចាំតែសងសឹកគ្នាអ៊ីចឹងហើយបានជាបរទេសជាពិសេសប្រទេសជិតខាងគេស្គាល់ចរិតខ្មែរអស់ហើយឲ្យតែមានការណ៍នៅក្នុងស្រុកខ្លួនឯងតាំងទៅពឹងពាក់បរទេសឲ្យគេជួយហើយដើម្បីអំណាចខ្លួន និងបក្ខពួករបស់ខ្លួនដដែលៗពួកគេមិនដឹងថាត្រូវចងក្រងគ្នា និងរៀបចំតាក់តែងរបៀបរបបដឹកនាំឲ្យទៅតាមដំណើរការកសាងសន្តិភាពតាមរយៈដោះស្រាយទំនាស់នោះទេ។ ករណីស្រុកខ្មែរនេះខុសពីប្រទេសមីយ៉ាន់ម៉ាគឺស្វែងយល់សិក្សាពីចំណុចខ្វះខាតក្នុងការកសាងសន្តិភាពនៅកម្ពុជាហើយមើលទៅបានជាគេធ្វើទៅតាមរបៀបដោះស្រាយទំនាស់របស់គេគឺអ្នកនយោបាយមិនទោរទន់ពឹងបរទេសទាំងស្រុងនោះទេគេខាំស្មៅនៅក្នុងស្រុករបស់គេតវ៉ាតាមបែបលទ្ធិប្រជាធិបតេយ្យ។ នៅទីបំផុតប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមឃើញពន្លឺសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តកាន់តែច្បាស់ទៅៗហើយអ្នកនយោបាយពូកែខាងស៊ីវិលធ្វើកិច្ចការស៊ីវិលទៅអ្នកពូកែគ្រប់គ្រងខាងកងកម្លាំងប្រដាប់អាវុធគឺធ្វើកិច្ចការរបស់ប្រទេសគេហើយក៏គ្មានប្រទេសជិតខាងណាហ៊ានឈ្លានពានដែរហ្នឹងហើយបានគេហៅថាអ្នកធ្វើការដើម្បីជាតិមិនបោកប្រាស់ពលរដ្ឋរបស់ខ្លួនមែនហើយមិនបានសម្តែងការសងសឹកគ្នា ឬក៏បង្ហូរឈាមនោះទេបើទោះបីជាបក្សកាន់អំណាចចាញ់ឆ្នោតហើយក៏ដោយ។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលថ្មីបានដោះលែងអ្នកទោសនយោបាយដោយស្របច្បាប់។ សូម្បីតែលោក ថេន សេន អតីតប្រធានាធិបតីក៏បានផ្ទេរអំណាចហើយគាត់ទៅបួសជាព្រះសង្ឃលាងបាបផង និងលាឈប់ពីឆាកនយោបាយផងដែរនេះជាគំរូល្អសម្រាប់អ្នកនយោបាយស្រុកខ្មែរគួរណាស់តែយកចិត្តទុកដាក់យកធ្វើជាមេរៀនក្នុងការរក្សាសន្តិភាព និងលទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជាផងដែរជាជាងដាក់អន្ទាក់គ្នាដូចតុក្កតាឆ្មា និងកណ្តុរ និងបានត្រឹមតែអួតដាក់គ្នារឿងហ្វេសប៊ុកអត់ប្រយោជន៍។ តើអ្នកនិពន្ធអាចបញ្ឈប់លេងល្បែងដាក់អន្ទាក់ឆ្មា និងកណ្តុរត្រឹមវគ្គទី ១២ ហ្នឹងបានទេ? តាមពិតទៅអ្នកនយោបាយទាំងគណបក្សដែលឈ្នះឆ្នោតបានស្វែងរកដំណោះស្រាយដោយសន្តិវិធីត្រឹមត្រូវទៅតាមទ្រឹស្តីនៃដំណើរការកសាងសន្តិភាពដើម្បីជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនខ្លះហើយដូចជាការចរចាការដាក់លក្ខខណ្ឌនៃការស្រុះស្រួលគ្នាការបង្កើតវប្បធម៌សន្ទនាជាមួយគ្នាជាដើម។ តែមកដល់ចំណុចសន្ទនានេះធ្វើឲ្យមានការរអាក់រអួលពិបាកបន្តទៅមុខទៀតអ៊ីចឹងចូលដល់មួយដំណាក់ គឺការស្វះស្វែងរកអ្នកទី ៣ (Mediator) ដើរតួជាអ្នកផ្សះផ្សារវាងឆ្មា និងកណ្តុរនោះ។ គឺទី ១) ឆ្មា ឬក៏កណ្តុរត្រូវដាក់ចិត្តដាក់កាយដើម្បីប្រទេសជាតិ និងពលរដ្ឋមែននោះដោយមិនគិតអ្នកអន់ ឬក៏ខ្សោយនោះទេគួរតែដាក់សំណើទៅព្រះមហាក្សត្រឲ្យព្រះអង្គដើរតួនាទីជាអ្នកផ្សះផ្សាដើម្បីឲ្យព្រះអង្គកោះអញ្ជើញទាំងឆ្មា ទាំងកណ្តុរមកជួបគ្នាជជែកគ្នាដោយយកសន្តិភាពនិយមជាគោល។ ទី ២) ឆ្មា ឬក៏កណ្តុរដាក់សំណើទៅបណ្តាប្រទេសនានាជាពិសេសប្រទេសសមាជិកអាស៊ានដើម្បីធ្វើជាអ្នកផ្សះផ្សាដូចឯកឧត្តម អាលី អាឡាតាស់ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសឥណ្ឌូនេស៊ីធ្លាប់ធ្វើកន្លងមកចំពោះខ្មែរចតុភាគីដែលមានទំនាស់នឹងគ្នានោះ។ បើមានលទ្ធភាពដោយមិនចាំបាច់ឈានដល់រកអ្នកទី ៣ នេះទេគឺឆ្មា និងកណ្តុរសុទ្ធតែមានគណនីនៅក្នុងហេ្វសប៊ុកដូចគ្នាសាកល្បងទាក់ទងគ្នាតាមរយៈការសរសេរវិញម្តងមើលបើនិយាយគ្នាពិបាកស្តាប់ ឬក៏សំឡេងពិបាកទទួលគ្នាបើម្នាក់ៗតាំងខ្លួនជាអ្នកធ្វើការដើម្បីជាតិមែននោះ៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
↧