ភ្នំពេញៈ សកម្មជនព្រៃឈើ និងបណ្តាញអ្នកការពារព្រៃឈើបានធ្វើការរិះគន់ដោយបង្ហាញពីការខឹងសម្បាទៅនឹងពាក្យសម្តីរបស់កញ្ញា ធី សុវណ្ណថា ដែលបានប្រាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុនថាការបាត់បង់ព្រៃឈើនៅកម្ពុជាគឺដោយសារតែប្រជាពលរដ្ឋជាអ្នកកាប់ខណៈដែលពួកគេមើលឃើញថាការបាត់បង់ព្រៃឈើគឺដោយសារតែក្រុមឈ្មួញមានអំណាចនឹងមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។
កាលពីថ្ងៃទី ២២ ខែសីហាក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅវិមានសន្តិភាព រាជធានីភ្នំពេញកញ្ញា ធី សុវណ្ណថា ជាប្រធានអង្គការមួយដែលទើបបង្កើតថ្មីហើយតែងតែដើររៀបចំវេទិកាដោយធ្វើការវាយប្រហារទៅលើគណបក្សប្រឆាំងនោះបានលើកឡើងប្រាប់លោកនាយករដ្ឋមន្រ្តីថា ព្រៃឈើ ដែលរងការបាត់បង់កន្លងមកដោយសារតែប្រជាពលរដ្ឋនៅក្បែរតំបន់ព្រៃឈើជាអ្នកកាប់បំផ្លាញដោយនាងលើកជាឧទាហរណ៍នៅតំបន់អារ៉ែង ខេត្ដកោះកុង។
កញ្ញាថា ពលរដ្ឋទាំងនោះដំបូងឡើយទទួលផលពីព្រៃឈើប៉ុន្ដែយូរៗទៅបានបែកគំនិតទៅកាប់ឈើលក់ឲ្យឈ្មួញធំៗតែម្ដង។ ជាមួយគ្នានោះដែរសមត្ថកិច្ចជំនាញមួយចំនួនក៏បានឃុបឃិតក្នុងការកាប់បំផ្លាញព្រៃឈើផងដែរ។
លោក ហឿន សុភាព ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់សហគមន៍ព្រៃឡង់ដែលតែងតែដើរល្បាតព្រៃជាញឹកញាប់នោះថ្លែងថាកញ្ញា សុវណ្ណថា ជាក្មេងមិនស្មោះត្រង់ក្រឡិចក្រឡុចម្តងអ៊ីចេះម្តងអ៊ីចុះ។ គាត់មានឱកាសជួប និងប្រាប់ដោយផ្ទាល់ទៅលោកនាយករដ្ឋមន្រ្តីតែបែរជាគាត់លើកឡើងរឿងពលរដ្ឋជាអ្នកកាប់ឈើទៅវិញ។
លោកថ្លែងថា៖ «ពលរដ្ឋនៅទីនេះមិនសប្បាយចិត្ត និងខឹងនឹងគាត់ពលរដ្ឋគាត់កាប់លក្ខណៈតិចតួចតាមរយៈអាស្រ័យផលតែរឿងធ្វើឲ្យព្រៃហិនហោចគឺក្រុមហ៊ុន។ ពួកយើងមិនស្វាគមន៍គាត់ទេបើគាត់មានឱកាសមកតំបន់ព្រៃឡង់ព្រោះគាត់មានចរិតក្រឡិចក្រឡុចណាស់ម្តងអ៊ីចេះម្តងអ៊ីចុះបានជួបនាយករដ្ឋមន្រ្តីផ្ទាល់ហើយមិនរាយការណ៍ប្រាប់ពីវិនាសកម្មព្រៃឈើបណ្តាលមកពីណាទេមកបន្ទោសលើពលរដ្ឋទៅវិញ»។
ចំណែកលោក សន ចាន់ដារ៉ា សកម្មជនអង្គការមាតាធម្មជាតិបានឲ្យដឹងថាលោកទើបតែមកជួបពលរដ្ឋនៅតំបន់អារ៉ែងហើយពលរដ្ឋមានការខឹងសម្បាចំពោះសម្តីរបស់កញ្ញា ធី សុវណ្ណថា។
លោកថា៖ «ពលរដ្ឋកាប់ជាលក្ខណៈគ្រួសារតែខាងក្រុមហ៊ុនកាប់ជាលក្ខណៈជួញដូរ»។
ចំណែកលោក ឆយ ឧត្តមរស្មី ជាសកម្មជនព្រៃឈើ និងជាកូនប្រុសរបស់លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់ដោយសារតែមានភាពសកម្មយ៉ាងខ្លាំងក្នុងការចេញមុខប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើបានលើកឡើងថាក្រុមហ៊ុនបានខ្ចីដៃពលរដ្ឋឲ្យកាប់ឈើតាមរយៈឈ្មួញកណ្តាលដោយប្រើប្រាស់ទឹកលុយ។ «បើគ្មានក្រុមហ៊ុនពលរដ្ឋមិនកាប់ទេបើក្រុមហ៊ុនខ្ចីដៃពលរដ្ឋឲ្យកាប់ហើយឲ្យលុយតាមរយៈឈ្មួញកណ្តាលប្រភពធំដែលជាអ្នកបំផ្លាញព្រៃឈើគឺក្រុមហ៊ុនមិនមែនពលរដ្ឋនោះទេពលរដ្ឋគ្មានធនធាន គ្មានឧបករណ៍ណាទៅកាប់ព្រៃជាលក្ខណៈធំដុំ និងបណ្តាលឲ្យព្រៃហិនហោចនោះទេ»។
នៅពេលទាក់ទងកាលពីម្សិលមិញ កញ្ញា ធី សុវណ្ណថា បានបដិសេធធ្វើអធិប្បាយតាមទូរស័ព្ទដោយថ្លែងថាកញ្ញាជាប់រវល់។
តែកញ្ញា ធីសុវណ្ណថា ក៏បានផុសវីដេអូមួយកាលពីថ្ងៃសុក្របានឆ្លើយតបនឹងបញ្ហានេះថាពាក្យសម្តីទាំងស្រុងរបស់កញ្ញាត្រូវបានជនខិលខូចកាត់តែមួយផ្នែកហើយយកមកវាយប្រហារនាង។ កញ្ញាថាក្នុងឱកាសប្រាប់ទៅលោកនាយករដ្ឋមន្រ្តីនាងបានលើកបីចំណុចគឺទី ១ ពលរដ្ឋជាអ្នកកាប់ឈើ ទី ២ ឈ្មួញខ្ចីដៃពលរដ្ឋឲ្យកាប់ឈើ និងទី ៣ មានមន្រ្តីពុករលួយក្នុងរឿងកាប់ឈើនេះ។ «រឿងពលរដ្ឋកាប់ឈើគឺរឿងពិតយើងត្រូវយល់ និងត្រូវដឹងគឺពលរដ្ឋកាប់ឈើមែនពួកគាត់កាប់ឈើធ្វើអុស ធ្វើផ្ទះ ឆ្ការព្រៃហើយ និងកាប់ឈើប្រណីតឲ្យឈ្មួញ»។
ប៉ុន្តែបើតាមប្រជាសហគមន៍ និងសកម្មជនបរិស្ថានព្រៃឈើត្រូវបានគេកាប់បំផ្លាញយ៉ាងគំហុកក្នុងទ្រង់ទ្រាយធំនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះដោយមានការឃុបឃិតគ្នាជាប្រព័ន្ធរវាងក្រុមឈ្មួញមានអំណាច និងសមត្ថកិច្ចពាក់ព័ន្ធរបស់រដ្ឋាភិបាលមួយចំនួនតាមរយៈរូបភាពជាច្រើនជាពិសេសតាមរយៈដីសម្បទានសេដ្ឋកិច្ច៕
ប្រភព៖ ភ្នំពេញប៉ុស្តិ៍