មួយថ្ងៃក្រោយពីតុលាការទីក្រុងភ្នំពេញ បានកាត់ក្តីឲ្យមេដឹកនាំសហគមន៍ខ្មែរឥស្លាមមួយរូប គឺលោក អ៉ះម៉ាត់ យ៉ះយ៉ា ចាញ់ក្តីដោយផ្តល់សំណងជម្ងឺចិត្ត១០០លានរៀលទៅឲ្យលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារមក មានការលេចចេញនូវយុទ្ធនាការមួយដែលគេឲ្យឈ្មោះថា “យុទ្ធនាការ១០០លានរៀល” ជាយុទ្ធនាការដើម្បីរៃអង្គាស់ប្រាក់ឲ្យបាន១០០លានរៀលដើម្បីសងជំនួស លោក អះម៉ាត់ យ៉ះយ៉ា ដែលពួកគេយល់ថា ជាបុគ្គលដែលបានការពារផលប្រយោជន៍រួម។
គឺជាយុទ្ធនាការមួយ ដើម្បីជួយលើកទឹកចិត្តដល់លោក អ៉ះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែលទើបតែត្រូវបានតុលាការក្រុងភ្នំពេញ កាត់ក្តីឲ្យចាញ់លោក អូស្មាន់ ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សេចក្តីសម្រេច កាលពីថ្ងៃទី១៥សីហា ដែលបានបង្គាប់ឲ្យលោក អ៉ះម៉ាត់ យ៉ះយ៉ា ផ្តល់សំណងជម្ងឺចិត្ត១០០លានរៀលដល់លោក អូស្មាន់ ហាស្សាន់ នៅក្នុងបណ្តឹងបរិហាកេរ្តិ៍។ សេចក្តីសម្រេចដែលបានបង្គាប់ឲ្យលោក អ៉ះម៉ាត់ យ៉ះយ៉ា បង់ប្រាក់ពិន័យ៥លានរៀលទៀត ចូលទៅក្នុងថវិការរដ្ឋផងដែរ។
គួរជំរាបជូនថា ជម្លោះរវាងមេដឹកនាំសាសនាឥស្លាមដែលមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលកម្ពុជាទាំងពីររូបនេះ បានផ្តើមចេញពីការខ្វែងគំនិតគ្នាលើគម្រោងសាងសង់ផ្លូវកាត់វិហារឥស្លាម (អាល់សៀរកាល់) ស្ថិតនៅតំបន់បឹងកក់ជាទីដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅកណ្តាលទីក្រុងភ្នំពេញ។តាមដំណើររឿងនេះ បានកើតចេញពីការផ្តល់បទសម្ភាសន៏មួយរបស់លោក អ៉ះម៉ាត់ យ៉ះយ៉ា ដែលត្រូវជាពូផងនោះ បានលើកឡើងថា លោក អូស្មាន ហាស្សាន់ គឺជាអ្នកនៅពីក្រោយគម្រោងសាងសង់ផ្លូវកាត់បរិវេណវិហារឥស្លាមនៅតំបន់បឹងកក់ និងថា គម្រោងនោះធ្វើឡើងដើម្បីទទួលបានផលប្រយោជន៍អ្វីមួយ។ ដោយសារការថ្លែងដូច្នេះហើយលោក អូស្មាន ហាស្សាន់ ដែលត្រូវជាក្មួយផងនោះ បានដាក់ពាក្យបណ្តឹងដោយទាមទារសំណងជម្ងឺចិត្តពីពូរបស់ខ្លួន ចំនួន១លានដុល្លារ។
លោក ស្លេះ ណាស៊ី អ្នកគ្រប់គ្រងការផ្សាយរបស់វិទ្យុជាភាសាចាមនៅកម្ពុជា និងជាសមាជិកស្ម័គ្រចិត្តម្នាក់ដែលផ្តួចផ្តើមឲ្យមានយុទ្ធនាការនេះឡើងបានថ្លែងថា “យុទ្ធនាការ១០០លានរៀល” គឺដើម្បីជួយលើកទឹកចិត្តដល់លោក អ៉ះម៉ាត់ យ៉ះយ៉ា ដោយបានរ៉ៃអង្គាស់ប្រាក់ពីសហគមន៍ខ្មែរឥស្លាម ដើម្បីសងសំណងជម្ងឺចិត្តនេះជួស។ ពួកគេបានចាត់ទុកថា លោកអ៉ះម៉ាត់ យ៉ះយ៉ា គឺជាអ្នកដែលហ៊ាននិយាយការពិត ដើម្បីការពារផលប្រយោជន៍រួមរបស់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា។ លោកបានបញ្ជាក់ថា យុទ្ធនាការនេះ បានចាប់ផ្តើមផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក នៅមួយថ្ងៃបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១។ យ៉ាងណាក៏ដោយ នៅក្នុងសំណុំរឿងនេះ លោកអ៉ះម៉ាត់ យ៉ះយ៉ា ត្រៀមនឹងប្តឹងឧទ្ធរណ៍ទៅទៀត ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចនេះ។
គួរកត់សំគាល់ដែរថា គម្រោងសង់សង់ផ្លូវកាត់វិហារឥស្លាមនៅតំបន់បឹងកក់នាពេលបច្ចុប្បន្ននេះ ស្ថិតនៅទ្រឹង បន្ទាប់ពីមានការតវ៉ាពីសហគមន៍ខ្មែរឥស្លាម ដែលមិនគាំទ្រគម្រោងនេះ៕
ប្រភព៖ RFI