តាមគេហទំព័រ Mirror នោះមធ្យោបាយធ្វើដំណើរមួយមានរាងរៅដូចគ្នានឹងថាសហោះ បានបង្ហាញវត្តមានលើដងវិថីនៅ Ireland ។ ភ្លាមៗនោះ អ្នកធ្វើដំណើរ ក៏ដូចជាប៉ូលីស នាំគ្នាផ្អើលឈូឆរ ប្រដេញតាម ។
គេបានឃើញវានៅលើផ្លូវ Gorey (Ireland) ហើយពុំយូរប៉ុន្មាន ប៉ូលីសចរាចរបានបើកប្រតិបត្តិការប្រដេញចាប់ “វត្តុហោះហើរពុំអាចសន្និដ្ឋានបាន” នេះ ។
ដោយសារតែ “ថាសហោះ” មួយនេះ វាចលនាយឺតៗ ទើបពួកគេតាមទាន់ ។ ពេលហ៊ុំព័ទ្ធ ហើយធ្វើការឆែកឆេរ ទើបដឹងថា អ្នកបើកបរវាជាសិល្បករដ៏ល្បីល្បាញម្នាក់ឈ្មោះថា Ali Kemal ។ លោកបានបង្កើត “UFO” នេះ ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយពាណិជ្ជកម្មដល់ Show សិល្បះ Pop-up លំហអវកាសលើកទី៣ ។
Ali ក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមប៉ូលីស ។ រីឯក្រុមប៉ូលីសវិញ ក្រោយពេលពិនិត្យឃើញថា វាពុំមានបង្កមហន្តរាយអ្វីនោះ គេក៏ឲ្យបន្តដំណើរដោយពុំរងការផាកពិន័យនោះទេ ៕